ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការលើក្រុមប្រឆាំងដែលមានបំណងធ្វើបាតុកម្មនិងយុទ្ធនាការតាមបណ្តាញសង្គមហ្វេសប៊ុកនៅក្រៅប្រទេស ដើម្បីតវ៉ាប្រឆាំងនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានបដិសេធចុះបញ្ជីគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣។
លោក ហ៊ុន សែន បានធ្វើការព្រមានខ្លាំងៗបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវនៅថ្ងៃទី ៣១ ឧសភា បន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេសបើកយុទ្ធនាការតាមហ្វេសប៊ុក និងក្រុមប្រឆាំងនៅក្នុងស្រុក គ្រោងធ្វើបាតុកម្មអហិង្សាតវ៉ាប្រឆាំង គ.ជ.ប ដែលបដិសេធ ចុះបញ្ជីគណបក្សភ្លើងទៀនមិនឱ្យឈរឈ្មោះបោះឆ្នោត។
លោក ហ៊ុន សែន បានថ្លែងប្រាប់ប្រជាពលរដ្ឋថា លោកចង់ឱ្យពលរដ្ឋបានស្តាប់នូវការណែនាំ របស់ «ពួកក្បត់ជាតិ» នៅក្រៅប្រទេសដែលមានឈ្មោះ ឆាំ ឆានី ក្នុងយុទ្ធនាការតាមហ្វេសប៊ុកវាយសំដៅមកលើរូបលោក និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ល្បិចបំបែកបំបាក់ និងភាពពិសពុលរបស់ក្រុមនេះ នឹងបង្កើតបាននូវផលអាក្រក់ សម្រាប់ក្រុមរបស់ពួកគេនៅក្នុងប្រទេសដែលលោក ហ៊ុន សែន ថា «នេះជាផែនការរបស់ជនក្បត់ជាតិ៣ជំនាន់ [សម រង្ស៊ី]» ដែលត្រូវបានអាជ្ញាធរប្រទេសម៉ាឡេស៊ីបណ្តេញចេញពីប្រទេសនោះផងដែរ នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ក្រោយពីលោក សម រង្ស៊ី និងក្រុមរបស់គេ ប្រុងរៀបចំកិច្ចប្រជុំនៅទីនោះ ប៉ុន្តែត្រូវបានអាជ្ញាធរម៉ាឡេស៊ី មិនអនុញ្ញាត។
លោក ហ៊ុន សែន បានថ្លែងថា៖ «សូមផ្តាំទៅឆានីថា សម្តេច ស ខេង ជាឧបនាយករដ្ឋមន្ត្រី។ លិខិតបញ្ជាក់នោះត្រូវបានសុំយោបល់ខ្ញុំជានាយករដ្ឋមន្ត្រីហើយ នេះជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯការទទួលស្គាល់ ឬមិនទទួលស្គាល់វាជារឿង របស់គ.ជ.ប។ បើពួកអស់លោកល្ងង់ និងគិតតែបោកប្រាស់មួលបង្កាច់បែបនេះ តើពេលណាទើបមានសេចក្តីសុខ»។
ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា គណបក្សប្រជាជនកម្ពុជា ជាដៃគូប្រកួតប្រជែង មិនជាប់ពាក់ព័ន្ធនឹងការសម្រេច របស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។ រីឯរាជរដ្ឋាភិបាលក៏មិនអាចទៅត្រួតត្រាលើស្ថាប័នធម្មនុញ្ញបានដែរ ហើយកុំបន្តមានការពាក់ព័ន្ធនឹងការធ្វើបាតុកម្មនៅក្នុងប្រទេសពីព្រោះសាររបស់លោក គឺនៅតែមានតម្លៃ ដោយត្រូវចាប់ខ្លួនយកទាំងអស់ អ្នកដែលមកបំផ្លាញស្ថិរភាពកម្ពុជា។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី បានផ្ដាំទៅ «ថៅកែដឹកនាំបាតុកម្ម» អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដែលតែងតែដឹកនាំធ្វើបាតុកម្មដ៏សកម្មនៅកម្ពុជា ដែលមានគម្រោងធ្វើបាតុកម្មប្រឆាំងទៅនឹង គ.ជ.ប ទាក់ទងនឹងការបដិសេធចុះបញ្ជីគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣ នេះ ឱ្យត្រៀមខ្លួនចូលគុកសាជាថ្មីផងដែរ បើសិនជានៅតែរឹងទទឹងធ្វើបាតុកម្មដោយខុសច្បាប់។ ថៅកែដឹកនាំបាតុកម្មនេះ មិនត្រូវបានលោក ហ៊ុន សែន លើកឡើងចំឈ្មោះជាអ្នកណានោះទេ ប៉ុន្តែត្រូវបានគេស្គាល់ថា ជាលោករ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន។
ពាក់ព័ន្ធនឹងគម្រោងធ្វើបាតុកម្ម លោក រ៉ុង ឈុន បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៣១ ខែឧសភា ថា ការសម្រេចចិត្តធ្វើបាតុកម្មអហិង្សាប្រឆាំងទៅនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនមែនជាការសម្រេចរបស់លោកតែម្នាក់ឯងនោះទេ តែជាការសម្រេចរបស់គណៈកម្មាធិការនាយករបស់គណបក្សដែលបានប្រជុំនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣។
លោកបានបន្តថា ការសម្រេចរបស់គណៈកម្មាធិការនាយករបស់គណបក្សមាន ៣ ចំណុច ក្នុងនោះគឺការបង្ហាញឆន្ទៈក្នុងការចូលរួមបោះឆ្នោត, ការដើរតាមផ្លូវច្បាប់ដើម្បីទទួលបានសេចក្តីចម្លងពីក្រសួងមហាផ្ទៃ និងចំណុចចុងក្រោយ គឺការធ្វើបាតុកម្មដោយសន្តិវិធី។
ទោះជាយ៉ាងណាលោកថា ចំពោះការធ្វើបាតុកម្មដោយសន្តិវិធីនេះ ក៏គណបក្សមិនចេះតែធ្វើនោះដែរ លុះត្រាតែមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីភ្នំពេញ ទើបអាចធ្វើបាន។ លោក រ៉ុង ឈុន ថ្លែងថា៖ «ខ្ញុំធ្លាប់បាននិយាយជាមួយអ្នកសារព័ត៌មានដែរថា បើក្រសួងបដិសេធ យើងនឹងដកឃ្លាមកពិភាក្សាជាមួយថ្នាក់ដឹកនាំបន្ថែមទៀត ថាតើយើងត្រូវរកច្រកណា ដើម្បីធ្វើយ៉ាងម៉េច ឱ្យគណបក្សបានចូលរួមប្រកួតប្រជែងនៅថ្ងៃទី ២៣ ខែកក្កដាខាងមុខ»។
បើតាមលោក រ៉ុង ឈុន រហូតមកទល់ពេលនេះគណបក្សភ្លើងទៀន មិនទាន់បានដាក់ពាក្យស្នើសុំធ្វើបាតុកម្មដោយសន្តិវិធី ទៅក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីភ្នំពេញនៅឡើយទេ ខណៈក្រុមការងារបស់គណបក្សកំពុងពិនិត្យលទ្ធភាពនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់នៅថ្ងៃទី ៣១ ឧសភាថា គម្រោងធ្វើបាតុកម្មរបស់គណបក្សភ្លើងទៀនស្នើសុំឱ្យ គ.ជ.ប ទទួលការចុះឈ្មោះវិញនេះ គឺមិនអាចទៅរួចនោះទេ ដោយសារតែច្បាប់ និងប្រតិទិននៃការបោះឆ្នោតមានដំណើរការទៅមុខហើយ។
លោកថ្លែងថា៖ «គ.ជ.ប ក៏នឹងមិនធ្វើអ្វីដែលជាដំណើរការខុសច្បាប់នោះដែរ។ អ៊ីចឹង បើខាងគណបក្សសាមី អាចស្នើសុំនូវលិខិតទាំងឡាយដូចជាការធ្វើនូវទុតិយតា ឬមួយក៏សេចក្តីប្រកាសដែលធ្វើនីត្យានុកូលកម្មក៏ដោយនោះ ក៏គឺជាការត្រៀមខ្លួនដើម្បីការបោះឆ្នោតនីតិកាលទី៨ ខាងមុខទៀតទេ»។
ជុំវិញរឿងគណបក្សភ្លើងទៀនមិនបានចុះឈ្មោះសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខនេះដែរប្រធានគណបក្ស ធម្មាធិបតេយ្យលោកស្រី ពោធិតី សាវត្ថី ក៏បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ៣១ ខែឧសភាថា គណបក្សលោកស្រី គាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប ថា «ជាការសម្រេចដោយត្រឹមត្រូវបំផុត និងជាភ័ព្វសំណាងរបស់ប្រទេសកម្ពុជា»។ លោកស្រីបានសង្កត់ធ្ងន់ថា ការមិនគោរពតាមច្បាប់ និងគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយបែរជាប្រកាសកៀរគរធ្វើបាតុកម្មនោះវាគឺជាទង្វើមិនស្របច្បាប់របស់ប្រទេសកម្ពុជានោះឡើយ។
លោកស្រីថ្លែងថា៖ «ទោះបីពុំមានមួយនោះ (គណបក្សភ្លើងទៀន) ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ក៏ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលមានគណបក្សនយោបាយចំនួន ១៨ ចូលរួមបោះឆ្នោតប្រកួតប្រជែង»។
ដោយឡែកពាក់ព័ន្ធនឹងករណីលោក សម រង្ស៊ី និងបក្សពួកវិញ យោងតាមបណ្តាញសារព័ត៌មានក្នុងស្រុក ហ្រ្វេសញូវបានឱ្យដឹងថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាដល់មេប៉ូលិសម៉ាឡេស៊ី ឱ្យបណ្តេញលោកសម រង្ស៊ី និងបក្សពួក ចេញឱ្យផុតពីប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ៩ ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ បន្ទាប់ពីចូលមកកាន់ប្រទេសនេះ ដើម្បីជួបប្រជុំជាមួយអ្នកគាំទ្រ ដោយប្រើប្រាស់លិខិតឆ្លងដែន និងយន្តហោះឯកជន។
សូមរំឭកដែរថា ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៣ បានបើកសវនាការសម្រេចសេចក្តីតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការ ដែលមានន័យថា គណបក្សភ្លើងទៀន មិនមានភាពស្របច្បាប់ ក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះឡើយ៕