
កុមារនៅមណ្ឌលកុមារ ១ កន្លែង ក្នុងខេត្តកំពង់ឆ្នាំង។ រូបថត Smiling Gecko Cambodia
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនាឡើងវិញ ដើម្បីអបអរសាទរ និងរំឭកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ក្រោយខកខានរៀបចំអស់រយៈពេល ៣ ឆ្នាំ ដោយសារវិបត្តិកូវីដ ១៩។
តាមរយៈសារាចរដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីការរៀបចំខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៣ របស់រាជរដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ បានបញ្ជាក់ថា អស់រយៈពេល ៣ ឆ្នាំមកហើយ ដែលកម្ពុជាបានអាក់ខានរៀបចំពិធីអបអរសាទរទិវាទាំងនេះ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ឆ្នាំនេះដោយស្ថានភាពបានត្រឡប់មកប្រក្រតីឡើងវិញកម្ពុជានឹងប្រារព្ធទិវាទាំងនេះឡើងវិញដើម្បីអបអរសាទរ និងរំឭកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីសិទ្ធិកុមារ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងលិខិតូបករណ៍អន្តរជាតិ ពាក់ព័ន្ធនឹងសិទ្ធិកុមារផ្សេងៗទៀត»។
ការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា គឺជាការបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយសុខុមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារកម្ពុជាដែលកម្ពុជា បានផ្តល់សច្ចាប័នលើលិខិតូបករណ៍អន្តរជាតិ និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិ។
ប្រភពដដែលបានលើកឡើងទៀតថា ចំពោះការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនាវិញ គឺជាការបង្កើនចលនាពិភពលោកប្រឆាំងពលកម្មកុមារ ដែលបានស្តែងឱ្យឃើញតាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្ដរជាតិស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ។
រាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ «សម្រាប់កម្ពុជាវិញ យើងប្រារព្ធទិវាកុមារកម្ពុជានេះឡើង ដើម្បីលើកកម្ពស់ និងជំរុញ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការការពារកុមារពីបញ្ហាប្រឈម និងការរំលោភបំពានផ្សេងៗ»។
លោក ហ៊ុន សែន បន្តថា៖ «ជាពិសេសរំឭកមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារត្រូវបំបិទសិទ្ធិទាំងស្រុងហើយទទួលរងការកាប់សម្លាប់ ធ្វើទារុណកម្ម បង្ខំឱ្យធ្វើការជាទម្ងន់ បង្អត់អាហារ រស់នៅយ៉ាងលំបាកវេទនាដោយអយុត្តិធម៌ព្រមទាំងបានបន្សល់ទុកផលពិបាកយ៉ាងធ្ងន់ធ្ងរបំផុត»។
ដើម្បីអបអរសាទរទិវាទាំងនេះ រាជរដ្ឋាភិបាលក៏បានធ្វើការណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តចំណុចសំខាន់ៗមួយចំនួន ដោយក្នុងនោះ ខួបលើកទី ៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី ២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៣ ត្រូវប្រារព្ធធ្វើក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និង អភិវឌ្ឍកុមារគ្រប់រូបក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល និងយុត្តិធម៌សង្គមសម្រាប់គ្រប់គ្នាដើម្បីបញ្ចប់ពលកម្មកុមារ»។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរៀបចំមីទ្ទិងថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្ដផ្សេងៗ សម្រាប់កុមារនៅរាជធានីភ្នំពេញ។
បន្ថែមពីនេះរាជរដ្ឋាភិបាល ក៏បានណែនាំក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ឱ្យធ្វើការណែនាំប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ ឯកជន និងបណ្ដាញសារព័ត៌មានផ្សេងទៀតធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឱ្យជ្រួតជ្រាបពីប្រវត្តិ និងគោលបំណងនៃទិវាកុមារអន្តរជាតិ ១ មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៣។
លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា ៖ «គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំមីទ្ទិង ពិធីជួបសំណេះសំណាលជាមួយកុមារ កម្មវិធីកម្សាន្តសប្បាយរបស់កុមារ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងគ្រប់មណ្ឌលកុមារកំព្រានៅក្នុងមូលដ្ឋានរៀងៗខ្លួន»។
ចំណុចសំខាន់មួយទៀតនោះគឺ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត គ្រឹះស្ថានសាធារណៈ ឯកជន ត្រូវជ្រើសរើសទីតាំង សមស្រប និងតាមដងវិថីសំខាន់ៗដើម្បីចងបដាពាក្យស្លោកអបអរសាទរខួបលើកទី ៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី ២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៣ នេះ។
ទាក់ទងនឹងទិវាកុមារអន្តរជាតិនេះដែរ នៅថ្ងៃទី ១ ខែមិថុនា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារសហការជាមួយក្រសួងសង្គមកិច្ច, ក្រសួងអប់រំ, សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ រួមនឹងក្រសួង ស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាលជាតិអន្តរជាតិជាច្រើនទៀត នឹងរៀបចំពិធីមីទ្ទិងអបអរខួបលើកទី ៧៤ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា នាសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រដែលមានសមាសភាពចូលរួម ប្រមាណ ៣ ០០០ នាក់៕