ភ្នំពេញៈលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខលើកទី២០ នៅប្រទេសសិង្ហបុរី នាដើមខែមិថុនា ខាងមុខនេះ។
កិច្ចប្រជុំនេះអាចនឹងលើកឡើងពីបញ្ហាឥណ្ឌូប៉ាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍគំរូសម្រាប់សន្តិសុខជាដើម ដែលមានការចូលរួមបណ្តាមេដឹកនាំយោធាក្នុងតំបន់អាស៊ី និងបណ្តាប្រទេសធំៗ ដូចជាសហរដ្ឋអាមរិក និងចិនផងដែរ។
ការចូលរួមប្រជុំរបស់ភាគីកម្ពុជានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិតចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិ បត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្រ្ត(IISS)ដែលជាអ្នករៀបចំកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ ឬកិច្ចសន្ទនាសាំងហ្គីឡា(Shangri-La Dialogue)ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចុះថ្ងៃទី៣០ ខែឧសភា។
ក្រសួងបានឱ្យដឹងថា កិច្ចប្រជុំកំពូលនៅឆ្នាំ២០២៣ នេះនឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គលើប្រធានបទសំខាន់ៗ ដូចជាបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍគំរូសម្រាប់សន្តិសុខ ព្រមទាំងកិច្ចពិភាក្សាតូចៗក្នុងសម័យប្រជុំពិសេសពាក់ព័ន្ធនឹងសន្តិសុខប្រព័ន្ធអ៊ីនធឺណិត ការអភិវឌ្ឍសមត្ថភាពយោធា ការធ្វើសមតុល្យភាពក្នុងតំបន់ជាដើម។
ក្នុងកិច្ចប្រជុំលើវិស័យោធានេះ លោកទៀ បាញ់ នឹងធ្វើសេចក្តីថ្លែងការណ៍នៅសម័យប្រជុំពេញអង្គទី៧ស្តីពី«ការអភិវឌ្ឍគំរូសម្រាប់សន្តិសុខប្រកបដោយសហប្រតិបត្តិការ»ផងដែរ ដោយផ្តោតលើបញ្ហាប្រឈមនានាដែលអាចកើតឡើងចេញពីការអភិវឌ្ឍវិស័យយោធាយ៉ាងលឿនក្នុងតំបន់ និងមុខងារដែលមានសមត្ថភាពថ្មីៗទាំងនេះ អាចដើរតួនាទីក្នុងការរក្សាតុល្យភាព ស្ថិរភាពតំបន់។
ក្រៅពីកិច្ចប្រជុំកំពូលនេះ លោកទៀ បាញ់ ក៏នឹងមានជំនួបទ្វេភាគី ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសមួយចំនួនដូចជា អូស្រ្តាលី សិង្ហបុរី និងចិន ព្រមទាំងទទួលជួបសម្តែងការគួរសមជាមួយឥស្សរជនសំខាន់ៗប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកនឹងមានកិច្ចប្រជុំរួមមួយផងដែរ ជាមួយនឹងបណ្តារដ្ឋមន្ត្រីការពារជាតិនៃតំបន់អាស៊ានមួយចំនួនផងដែរ ក្នុងអំឡុងកិច្ចសន្ទនាសាំងហ្គីឡានេះ។
កិច្ចសន្ទនា អាយអាយអេសអេសសាំងហ្គីឡា(IISS Shangri-La) របស់វិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្រ្ត ជាកិច្ចប្រជុំកំពូលផ្នែកការពារជាតិរបស់អាស៊ី ដែលជាវេទិកាតែ១គត់ ដែលប្រមូលផ្តុំដោយបណ្តារដ្ឋមន្ត្រីការពារជាតិក្នុងតំបន់ មកជួបជុំពិភាក្សាពីបញ្ហាប្រឈមនានាផ្នែកសន្តិសុខដែលកំពុងមានភាពតានតឹងក្នុងតំបន់ និងជាអាចធ្វើកិច្ចពិភាក្សាទ្វេភាគីនានាផង ក្នុងគោលដៅបង្កើតវិធីសាស្រ្តថ្មីៗរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដែលចោទឡើង។
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ឱ្យដឹងថា កិច្ចសន្ទនាសាំងហ្គីឡា ជាវេទិកាដ៏សំខាន់ក្នុងវិស័យសន្តិសុខដែលមានការចូលរួមពីបណ្តាមេដឹកនាំ និងបញ្ញវន្តក្នុងតំបន់ និងប្រទេសធំៗ លើកឡើងពីបញ្ហាប្រឈម និងបញ្ហាសំខាន់ផ្នែកយោធា។
លោកគិន ភា បានយល់ឃើញថា វេទិកានេះអាចដើរតួនាទីសំខាន់ក្នុងការនាំយកមកដំណោះស្រាយដើម្បីគោលដៅស្វែងរកសន្តិភាព ស្ថិរភាពក្នុងតំបន់ពិភពលោក។ ប៉ុន្តែលោកខ្លាចក្រែងគេប្រើវេទិកានេះដើម្បីវាយប្រហារគ្នា បង្កកម្តៅដាក់គ្នា ពាក់ព័ន្ធបញ្ហាសន្តិសុខ ដែលអាចនាំមកអស្ថិរភាពតំបន់ ដែលគេគួរចៀសវាង។
លោកបានលើកឡើងថា៖«ជាទូទៅកម្ពុជាតែងផ្តល់ទស្សនទានសន្តិភាពនិយម តែងប្រាថ្នាចង់ឃើញស្ថិរភាពក្នុងតំបន់ ក៏ដូចជាពិភពលោក ព្រោះប្រទេសតូចដូចកម្ពុជាមិនចង់ឃើញការប្រកួតប្រជែងដែលអាចបង្កហានិភ័យទៅដល់សន្តិសុខ និងស្ថិរភាពនោះទេ»។
ជាទស្សនៈផ្ទាល់ខ្លួន លោកគិន ភា យល់ថា បញ្ហាប្រកួតប្រជែងឥទ្ធិពលចិន និងសហរដ្ឋអាមេរិក នឹងអាចជាប្រធានបទក្តៅក្នុងជំនួបកំពូលសន្តិសុខលើកទី២០នេះ ពិសេសសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ក្រៅពីនេះ អាចមានការលើកឡើងពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន វិបត្តិកោះតៃវ៉ាន់ និងបញ្ហាមិនមែនប្រពៃណីតួយ៉ាង វិបត្តិអាកាសធាតុ បញ្ហាអន្តោប្រវេសន៍ និងបញ្ហាភេរវកម្មជាដើម។
យោងតាមគេហទំព័រIISSនៅថ្ងៃទី៣០ ខែឧសភា បានឱ្យដឹងថា លោកEvan A.Laksmana អ្នកស្រាវជ្រាវរបស់វិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្រ្ត(IISS)បានលើកឡើងថា ក្នុងកិច្ចសន្ទនាសាំងហ្គីឡា មេដឹកនាំយោធាអាស៊ាននឹងស្វែងរកតុល្យភាពរវាងឥទ្ធិពលចិន និងសហរដ្ឋអាមេរិក ហើយចង់ឱ្យក្រុងវ៉ាស៊ីនតោន និងប៉េកាំងបើកលម្ហទំនាក់ទំនងឱ្យប្រសើរឡើងវិញដែលជារឿងពិបាកទៅរួច។
លោកយល់ថា ភាគីអាស៊ានអាចនឹងសង្កត់ធ្ងន់លើតម្រូវការរបស់ភាគីចូលរួម ដើម្បីកែលម្អសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ៕