កំពង់ធំៈ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានណែនាំដល់ប្រតិបត្តិករដោះមីនទាំងអស់ត្រូវបន្តចូលរួមបេសកកម្មជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការងារបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌ។
លោកលើកឡើងដូចនេះនាថ្ងៃទី ៣១ ឧសភា តាងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ និងជួបសំណេះសំណាលជាមួយជនពិការ និងអ្នកទទួលផល នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កក្រោមការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥។
តាមរយៈអាជ្ញាធរមីន លោក លី ធុជ ថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញគោលដៅបញ្ចប់ការងារបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ ២០២៥ និងបន្តដោះស្រាយរយៈពេលវែងនូវហានិភ័យសេសសល់ពីសំណល់ជាតិផ្ទុះពីសង្គ្រាមបន្ទាប់ឆ្នាំ ២០២៥ ដែលត្រូវការជាចាំបាច់នូវបទពិសោធន៍ ជំនាញ និងការលះបង់ខ្ពស់របស់ប្រតិបត្តិករដោះមីន។ «ក្នុងនាមប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការដឹងគុណមិនអាចបំភ្លេចបាន ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីដែលបាននាំមកនូវសុខសន្តិភាព និងសុខក្សេមក្សាន្តដល់ជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបង្កលក្ខណៈងាយស្រួលឱ្យការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានប្រព្រឹត្តដោយគ្មានការភ័យខ្លាច និងទទួលបានលទ្ធផលគួរជាទីមោទនៈ»។
ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអង្គភាពស៊ីម៉ាក់គ្រប់ជាន់ថ្នាក់ ដែលបានចូលរួមសម្រេចបានសមិទ្ធផលយ៉ាងធំធេងក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចាប់តាំងពីឆ្នាំ ១៩៩២ មក។ លោកថា ចាប់ពីឆ្នាំ ២០២២ មកលោក ហ៊ុន សែន បានផ្តល់ថវិកាដល់អង្គភាពស៊ីម៉ាក់សម្រាប់ការងារបោសសម្អាតមីននៅខេត្តកំពង់ធំ ដើម្បីបញ្ចប់វត្តមានគ្រាប់មីនដែលបានដឹងក្នុងខេត្តនេះ៕