​ភ្នំពេញៈ ​ក្រសួង​ការងារ និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ អំពាវនាវ​ដល់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ដែលមាន​ជន​​បរទេស​បម្រើ​ការងារ ចាំបាច់​ត្រូវតែ​បង្ហាញ​ការដាក់​ពាក្យស្នើសុំ​បណ្ណ​ការងារ និង​សៀវភៅ​ការងារ​ជនបរទេស​នៅពេល​មន្ត្រី​ក្រសួង​ការងារ​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​ដល់ទី​តាំង​ផ្ទាល់​។​ នេះ​បើ​យោងតាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​ចុះ​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ ​២០២៣​។​

​ការណែនាំ​នេះ បន្ទាប់ពី​ក្រសួង​ការងារ​សង្កេតឃើញថា ក្នុង​ការចុះ​ធ្វើ​អធិការ​​កិច្ច​ហត្ថពល​កម្ម​បរទេស​កន្លងមក នៅមាន​ការបកស្រាយ​ផ្សេងៗ​គ្នា​រវាង​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ឬ​ជនបរទេស និង​មន្ត្រី​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​ទៅលើ​បណ្ណ​ការងារ និង​សៀវភៅ​ការងារ​ជនបរទេស ដែល​ទើប​ដាក់ពាក្យ​ស្នើសុំ​ធ្វើ​បណ្ណ​ការងារ​និង​សៀវភៅ​ការងារ​ជនបរទេស ក្នុង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​កម្លាំងពលកម្ម​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម (www.fwcms.mlvt.gov.kh)​។​

​នៅក្នុង​សេចក្ដីណែនាំ​នោះ ក្រសួង​ការងារ​បាន​តម្រូវឱ្យ​ម្ចាស់​សហគ្រាស​ឬ​ជនបរទេស​អនុវត្ត ទី​១ ​នៅពេល​ចុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស ហើយ​ត្រួត​ពិនិត្យឃើញ​មាន​សហគ្រាស គ្រឹះស្ថាន ឬ​ជនបរទេស បានដាក់​ពាក្យស្នើសុំ​ធ្វើ​បណ្ណ​ការងារ និង​សៀវ​ភៅ​ការងារ​ជនបរទេស នៅក្នុង​ប្រព័ន្ធ www.fwcms.mlvt.gov.kh ហើយ​ទទួលបាន​ការអនុម័ត​កម្រិត​ទី​ ១ (​កម្រិត​ការិយាល័យ​ជំនាញ​) រួចហើយ ចាត់ទុកថា​សហគ្រាស គ្រឹះស្ថាន ឬ​ជនបរទេស បាន​អនុវត្ត​ត្រឹម​​ត្រូវ​តាមច្បាប់​ស្តីពី​ការងារ និង​មិន​ទទួលរង​ការពិន័យ​ភ្លាម​លើ​ករណី​លិខិតអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ហត្ថ​ពល​កម្ម​បរទេស និង​ករណី​បណ្ណ​ការងារ និង​សៀវភៅ​ការងារ​ជនបរទេស​។​

​ទី​២ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ឬ​ជនបរទេស ត្រូវតែ​បង្ហាញ​លទ្ធផល​នៃ​ការដាក់​ពាក្យស្នើសុំ ក្នុង​ប្រព័ន្ធ www.fwcms.mlvt.gov.kh ដូចជា បង្កាន់ដៃ​បង់ប្រាក់ ឬ​បណ្ណ​ការងារ និង​សៀវភៅ​ការងារ​ជនបរទេស​ក្នុង​រយៈពេល​ ២០ ​ថ្ងៃ​ដល់​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស បន្ទាប់​ពីថ្ងៃ​ដែល​ពិនិត្យឃើញ​។ ទី​៣ ក្នុងករណី​ម្ចាស់​ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ឬ​ជនបរទេស មិនបាន​បង្ហាញ​លទ្ធផល​តាម​ការកំណត់​ដូច​ក្នុង​ចំណុច​ទី​ ២​ខាងលើ មន្ត្រី​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស ត្រូវអនុវត្ត​តាម​នីតិ​​វិធី​ច្បាប់​ជា​ធរមាន​។​

​ពាក់ព័ន្ធ​ករណីនេះ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ធ្លាប់បាន​បញ្ជាក់​កាលពី​ថ្ងៃទី​ ២៣ ខែឧសភា ឆ្នាំ ​២០២៣ ​ថា រដ្ឋបាលខេត្ត​នឹង​រង់ចាំ​សហ​ការចុះ​ប្រតិបត្តិការ ព្រមទាំង​បាន​ណែនាំ​ឱ្យ​មន្ទីរ​ការងារ និង​បណ្តុះ​បណ្តាល​វិ​ជ្ចា​ជីវ​: ត្រៀម​រៀបចំ​មន្ត្រី ស្នង​ការដ្ឋាន​នគរបាល​ខេត្ត និង​កង​រាជ​អាវុធហត្ថ ត្រៀម​ចូលរួម​សហការ​ក្នុង​ការចុះ​ប្រតិបត្តិការ​តាម​ទីតាំង​ដើម្បី​ពិនិត្យមើល​ពី​បណ្ណ​ការងារ​និង​សៀវ​ភៅ​ការងារ​ជនបរទេស​។

​លោក​បាន​ថ្លែងថា​៖ «​ការត្រួតពិនិត្យ​នេះ​នឹង​ជំរុញឱ្យមាន​សន្តិសុខ​សណ្តាប់​ធ្នាប់​ល្អ​ក្នុងការ​គ្រប់គ្រង​ឱ្យ​គ្រប់​ជ្រុងជ្រោយ ទោះបី​ការចុះ​ប្រតិបត្តិការ​វា​មានការ​ខ្វះខាត ក៏ប៉ុន្តែ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​សហការគ្នា​ចុះ​ធ្វើ​ប្រតិបត្តិការ និង​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​នៅក្នុង​ខេត្ត​»​។​

​លោក​បានឱ្យដឹងថា​៖ «​ជនបរទេស​នៅ​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន​មាន​បណ្ណ​ការងារ​សឹងតែ ​១០០ ​ភាគរយ​ហើយ​ការធ្វើ​សៀវភៅ​ការងារ​នេះ គឺ​ដើម្បី​ប្រមូល​ថវិកា​ចូល​ថវិកាជាតិ និង​ផ្តល់​កិច្ចសហការ​ពេញទំហឹង ដើម្បី​ឱ្យ​ដំណើរការ​ប្រព្រឹត្តទៅបាន​ល្អ​»​។

​ទន្ទឹម​នោះដែរ លោក​ស្នើសុំ​ឱ្យធ្វើ​ផែន​​ការ​ដោយ​ការទទួលខុសត្រូវ និង​មាន​តម្លាភាព​ដើម្បី​ឈានទៅ​គ្រប់គ្រង​ភ្ញៀវ​បរទេស​ស្នាក់នៅ​ក្នុងការ​កាត់បន្ថយ​បទល្មើស ត្រៀម​ចុះ​ពិនិត្យ​ក្រុមហ៊ុន​ដែល​បានធ្វើ​ស្វ័យ​ប្រកាស​រួចហើយ​ក្នុង​ខេត្ត​ព្រះសីហនុ​»​។​

​បន្ថែម​ពីនេះ​លោក គួច ចំរើន អំពាវនាវ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅក្នុង ខេត្ត​ព្រះសីហនុ ត្រូវធ្វើ​ស្វ័យ​ប្រកាស​ឱ្យបាន​ត្រឹមត្រូវ មាន​តម្លាភាព ហើយ​ប្រសិនបើ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​រកឃើញ​មាន​ជនបរទេស​ស្នាក់នៅ​មិនមាន​បណ្ណ​ការងារ​នឹង​តម្រូវឱ្យមាន​ការផាកពិន័យ​តាមច្បាប់​របស់​កម្ពុជា​។​

​កន្លងមក​ដោយ​អនុវត្តតាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​ច្បាប់​ស្តីពី​ការងារ ក្រសួងមហាផ្ទៃ​បាន​សហការ​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​បរ​ទេស​តាម​សហគ្រាស​គ្រឹះស្ថាន​ដែល​បានចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ​២០០០​មក​។

​ក្រសួង​ការងារ​បាន​បញ្ជាក់ថា ការចុះ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​គឺ​សំដៅ​កាត់បន្ថយ​ជា​អតិបរមា និង​ឈានទៅរក​ការលុបបំបាត់​នូវ​ការ​ប្រើប្រាស់​ហត្ថពល​ករប​រទេស​មិន​ស្របច្បាប់ តាម​គោលដៅ ឬ​ទីតាំង​អាជីវកម្ម​នានា តែ​មិនបាន​ធ្វើឱ្យមាន​ការប៉ះពាល់ ឬមួយ​រំខាន​ដល់​មជ្ឈដ្ឋាន​ជនបរទេស​ដែល​កំពុងស្នាក់នៅ ប្រកបមុខរបរ និង​ធ្វើការ​ស្របច្បាប់​នៅ​កម្ពុជា​នោះទេ​៕