ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា មន្ទីរពេទ្យកុមារគន្ធបុប្ផា គឺជាអាទិភាពមួយដែលកាកបាទក្រហមកម្ពុជា បានគិតគូរ យកចិត្តទុកដាក់ ខណៈលោកស្រីក៏បានជំរុញឱ្យគ្រប់បណ្តាមជ្ឈដ្ឋានទាំងអស់បន្តឧបត្ថម្ភគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានានិរន្តរភាពនូវការគាំពារសុខភាពកុមារកម្ពុជា។
ការជំរុញនេះ ត្រូវបានធ្វើឡើងតាមរយៈ លោកស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ក្នុងពិធីប្រគល់ទទួលថវិកា ១ លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ នាឱកាសខួបលើកទី ៧៤ នៃទិវាកុមារអន្តរជាតិ ១ មិថុនា។
នាឱកាសនោះ លោកស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា បើគិតចាប់តាំងពីឆ្នាំ ២០១២ មក នេះជាលើកទី ៦ ហើយ ដែលត្រូវជាលើកទី ១២ (ឆ្នាំទី ១២) ដែលកាកបាទក្រហមកម្ពុជា បាននាំយកថវិកាឧបត្ថម្ភ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា។
លោកស្រីបន្តថា ថវិកាចំនួន ១ លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញ។
លោកស្រី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភជាថវិកា និងសម្ភារដល់កាកបាទក្រហមកម្ពុជា ដែលគិតមកត្រឹមខែឧសភា ឆ្នាំ ២០២៣ ទទួលបានមូលនិធិសរុប ចំនួន ១៣.៩៧០.១៩០ ដុល្លារអាមេរិក។
ជាមួយគ្នានេះ លោកស្រី អ៊ុក ម៉ាលី ក៏បានពាំនាំប្រសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែរថា កាកក្របាទក្រហមកម្ពុជា តែងតែខិតខំប្រឹងប្រែងកៀរគររកមូលនិធិ ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជារាប់ម៉ឺន រាប់សែននាក់នៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ លោកស្រី អ៊ុក ម៉ាលី បានលើកឡើងថា៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិគន្ធបុប្ផាស្វីស ដែលនៅតែបន្តឧបត្ថម្ភគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននិរន្តរភាពទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា»។
ជាងនេះទៀត លោកស្រី អ៊ុក ម៉ាលី បានគូសបញ្ជាក់ប្រសាសន៍លោកស្រី ប៊ុន រ៉ានី ដូច្នេះទៀតថា៖ « សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកថា មន្ទីរពេទ្យកុមារគន្ធបុប្ផា គឺជាអាទិភាពមួយដែលកាកបាទក្រហមកម្ពុជា បានគិតគូរ យកចិត្តទុកដាក់ និងចូលរួមចំណែករែកពន់ជាមួយរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា។ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថែមទាំងជំរុញឱ្យគ្រប់មជ្ឈដ្ឋានទាំងអស់ បន្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យកុមារគន្ធបុប្ផា អាចបន្តបេសកកម្មផ្តល់សេវាសុខភាពជូនដល់កុមារកម្ពុជារាប់ម៉ឺនសែននាក់បន្តទៅទៀត»។
ជាកិច្ចឆ្លើយតប លោក រស់ សីលវ៉ា នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ ចំពោះកាកបាទក្រហមកម្ពុជា ដែលបានបន្តចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូរក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាមូលធនមនុស្សនៅកម្ពុជា និងជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ លើសពីនេះ លោកថា៖ «វិភាគទានដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា នឹងចូលរួមចំណែកធានានូវចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ព្រមទាំងធានាថាកុមារកម្ពុជា នឹងបន្ដទទួលបានការធានានូវការគាំពារផ្នែកសុខភាព»។
ទន្ទឹមនឹងនេះដែរ លោក រស់ សីលវ៉ា ក៏បានលើកឡើងពីបញ្ហាប្រឈមរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដូចជា ស្ត្រីសម្រាលកូននៅពុំទាន់មានគ្រែសម្រាកគ្រប់គ្រាន់, អត្រាមរណភាពទារកទើបកើតនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញ នៅមានកម្រិតមួយដែលគួរត្រូវយកចិត្តទុកដាក់បន្ថែម។ លោកបន្តថា មន្ទីរពេទ្យក៏កំពុងសាងសង់អគារសម្ភពថ្មីមួយ ដែលមានគ្រែសម្រាកចំនួន ១២០ គ្រែ (ក្នុងនោះមានគ្រែសម្រាកព្យាបាល សង្គ្រោះទារកចំនួន ២០ គ្រែ) នៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ សៀមរាប និងបានពង្រីកបន្ថែមលើការព្យាបាលជំងឺមហារីកផ្សេងៗលើកុមារ តាមវិធីព្យាបាលដោយថ្មាំគីមីផងដែរ។
យោងតាមរបាយការណ៍ពីមន្ទីរពេទ្យកុមារគន្ធបុប្ផា ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៣ នេះ កុមារមានជំងឺចំនួន ៣២០.៩២១ នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ពោលចំនួននេះ គឺមានការកើន ៥២% ច្រើនជាងឆ្នាំ ២០២២៕