ភ្នំពេញៈ ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​ជំរុញ​ដល់​ប្រជាជន ដែល​មាន​អាយុ​ចាប់ពី ៣ ឆ្នាំ​ឡើង ដោយ​ក្រសួង​បញ្ជាក់ថា ក្នុងពេល​ថ្មីៗ​នេះ វីរុស​កូវីដ ១៩ បំប្លែង​ថ្មី​ពពួក Omicron XBB.1.5 និង​ពពួក​ថ្មីៗ​ទៀត កំពុង​មាន​ការឆ្លង​រីករាលដាល​នៅ​តាម​បណ្ដា​ប្រទេស​មួយចំនួន​នៅ​លើ​សកលលោក និង​នៅ​ក្នុង​តំបន់។​

ក្រសួង​បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​នា​ថ្ងៃទី ២ ខែមិថុនា ថា​៖ «​សូម​ធ្វើការ​ក្រើនរំឭក​ជម្រាបជូន​សាធារណជន​អំពី​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​ជំរុញ តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​ដោយ​មានការ​កែសម្រួល​គម្លាត​នៃ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ ណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក ដោយ​គម្លាត​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​ជំរុញ​ត្រូវធ្វើ​ចាប់ពី ៦ ខែ​ឡើង បន្ទាប់ពី​ចាក់​ដូស​ចុងក្រោយ»។

ចំពោះ​កុមារ ដែលមាន​អាយុ​ចាប់ពី ៣ ឆ្នាំ​ដល់​អាយុ​ក្រោម ៥ ឆ្នាំ​ទាំងអស់​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូសទី ១ និង ដូសទី ២ (ដូស​មូលដ្ឋាន​) រួចរាល់ ហើយ​មាន​គម្លាត​ចាប់ពី ៦ ខែ​ឡើង បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​ចុងក្រោយ ក្រសួង​អំពាវនាវ​ដល់​អាណាព្យាបាល​រួសរាន់​នាំ​កូន ក្មួយ ឬ​ចៅ ទៅ​ទទួល​យក​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​ទី ៣ ឬ​ដូស​ទី ៤ ឱ្យបាន​គ្រប់ៗគ្នា។

សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ «​ចំពោះ​កុមារ ដែលមាន​អាយុ​ចាប់ពី ៥ ឆ្នាំ ដល់​អាយុ​ក្រោម ១២ ឆ្នាំ​ទាំងអស់​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​ទី ១ និង​ដូសទី ២ (​ដូស​មូលដ្ឋាន​) រួចរាល់ ហើយ​មាន​គម្លាត​ចាប់ពី ៦ ខែ​ឡើង បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​ចុងក្រោយ សូម​អាណាព្យាបាល​រួសរាន់​នាំ​កូន ក្មួយ ឬ​ចៅ ទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូសទី ៣ ដូសទី ៤ ឬ​ដូសទី ៥ ឱ្យបាន គ្រប់ៗគ្នា»។

ចំពោះ​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើង​ទាំងអស់​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូសទី ១ និង​ដូសទី ២ ឬ​បាន​ចាក់​វ៉ាក់សាំង​ចនសុន និង​ចនសុន (Johnson & Johnson) ចំនួន ១ ដូស (ដូស​មូលដ្ឋាន) រួចរាល់ ហើយ​មាន​គម្លាត​ចាប់ពី ៦ ខែ​ឡើង បន្ទាប់​ពីការ​ចាក់ វ៉ាក់សាំង​កូវីដ ១៩ ដូស​ចុងក្រោយ ក្រសួង​អំពាវនាវ​ឱ្យ​រួសរាន់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូសទី ៣ ដូសទី ៤ ដូសទី ៥។​

ក្រសួង​បញ្ជាក់ថា៖ «​សូម​អំពាវនាវ​ដល់​ពុក ម៉ែ បង ប្អូន ក្មួយៗ ប្រជាពលរដ្ឋ​គ្រប់​ក្រុម​អាយុ​ទាំងអស់​ចាប់ពី ៣ ឆ្នាំ​ឡើង ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​មូលដ្ឋាន ឬ​ដូស​ជំរុញ​ដូច​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​ទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូសទី ១ និង​ដូសទី ២ (ដូស​មូលដ្ឋាន​) ដូសទី ៣ ដួស​ទី ៤ ដូស​ទី ៥ ឬ​ដូសទី ៦ តាម​ក្រុម​អាយុ និង​ទីតាំង​ដែល​បាន​ជម្រាបជូន​ខាងលើ​ឱ្យបាន​គ្រប់ៗ​គ្នា»៕​