ភ្នំពេញៈ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន និងរដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Hen បានជួបគ្នាជាលើកដំបូង នាថ្ងៃទី ២ ខែមិថុនា ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងខាងក្រៅក្នុងវិស័យការពារជាតិរបស់អាស៊ាន មុនពេលកិច្ចសន្ទនា Shangri-La លើកទី២០ ចាប់ផ្តើម។
ហ្វេសប៊ុកអាស៊ានបញ្ជាក់នាថ្ងៃទី ២ ខែមិថុនា ថា៖ «ភាគីទាំង២បានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង និងទំនាក់ទំនងខាងក្រៅក្នុងវិស័យការពារជាតិរបស់អាស៊ាន»។
លោក កៅ គឹមហួន បានកោតសរសើរចំពោះការរួមចំណែករបស់សិង្ហបុរីចំពោះការងារនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) ហើយលោកទន្ទឹងរង់ចាំការបើកឱ្យដំណើរការនូវមជ្ឈមណ្ឌលឧត្តមភាពសន្តិសុខអ៊ីនធឺណិត និងព័ត៌មាន នៅមូលដ្ឋានទ័ពជើងទឹក Changi ប្រទេសសិង្ហបុរីនៅចុងឆ្នាំនេះ។
លោក Ng Eng Hen សរសេរនៅលើ Twitter ក្រោយជំនួបនេះថា កិច្ចពិភាក្សាជាមួយលោក លោក កៅ គឹមហួ គឺប្រកបដោយផ្លែផ្កា៕