កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីជប៉ុន បានធ្វើការបង្ហាញផែនការចំណាយថវិកាជាតិរហូតដល់ទៅ ២៥ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដើម្បីពង្រីកការគាំទ្រដល់យុវជន និងក្រុមគ្រួសារ ក្នុងការបង្កើនអត្រាកំណើតឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
ផែនការជំរុញអត្រាកំណើតទាំងអស់នោះរួមមាន ការបង្កើនឧបត្ថម្ភធនដោយផ្ទាល់ទៅដល់គ្រួសារដែលមានកូនស្រាប់ ដូចជាការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការអប់រំ ការថែទាំមុនពេលសម្រាល ការលើកកម្ពស់ឱ្យមានការងារដែលអាចបត់បែនបាន និងការឈប់សម្រាកពេលត្រូវសម្រាលកូនជាដើម។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានលើកឡើងថា លោកកំពុងស្នើឱ្យមានគោលនយោបាយដើម្បីដោះស្រាយបញ្ហាការធ្លាក់ចុះខ្លាំងនៃអត្រាកំណើតដែលមិនធ្លាប់មានពីមុន ក៏ដូចជាការបង្កើនប្រាក់ចំណូលដល់បុគ្គលិកវ័យក្មេង ជាពិសេសវ័យដែលត្រូវមានកូន។
លោកបានប្រាប់ទៅកាន់រដ្ឋមន្ត្រី អ្នកជំនាញ និងម្ចាស់ធុរកិច្ចដែលបានប្រជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហានេះថា «យើងនឹងដើរឆ្ពោះទៅមុខជាមួយនឹងវិធានការទាំងអស់នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃអត្រាកំណើត ដោយមិនចាំបាច់ស្នើសុំឱ្យសាធារណជនត្រូវទទួលបន្ទុកបន្ថែមទៀតនោះទេ»។
ខណៈដែលប្រទេសអភិវឌ្ឍន៍ជាច្រើនកំពុងជួបបញ្ហាអត្រាកំណើតទាប ប្រទេសជប៉ុនឯណោះវិញ ក៏ជួបបញ្ហានេះដូចគ្នា ប៉ុន្តែហាក់មានភាពធ្ងន់ធ្ងរជាងប្រទេសដទៃ។ ជប៉ុនជាប្រទេសដែលមានប្រជាជនចំណាស់ជាងគេទីពីរនៅពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ ហើយច្បាប់អន្តោប្រវេសន៍ក៏មានភាពតឹងរ៉ឹងផងដែរ នេះមានន័យថា ជប៉ុនត្រូវប្រឈមមុខនឹងបញ្ហាមួយទៀតគឺកង្វះកម្លាំងពលកម្ម។
គួរដឹងដែរថា ជប៉ុនជាប្រទេសដែលមានប្រជាជនសរុបចំនួនប្រមាណ ១២៥ លាននាក់ ហើយអត្រាកំណើតកាលពីឆ្នាំមុន មានចំនួនតិចជាង ៨ សែននាក់ប៉ុណ្ណោះ។ តួលេខនេះជាចំនួនមួយដែលទាបបំផុត ខណៈដែលការចំណាយលើការថែទាំមនុស្សចាស់បានកើនឡើងកាន់តែច្រើន។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ លោក គីស៊ីដា បាននិយាយថា លោកចង់ចំណាយថវិកាប្រមាណជា ២៥ ប៊ីលានដុល្លារ ក្នុងរយៈពេលបីឆ្នាំខាងមុខ សម្រាប់ការអនុវត្តគោលនយោបាយទាំងនេះ។
យ៉ាងណាក៏ដោយ គោលនយោបាយជំរុញអត្រាកំណើតនេះបានប្រឈមមុខនឹងការរិះគន់ផងដែរ ចំពោះការដែលលោកមិនបានបញ្ជាក់ពីប្រភពថវិកាណាមួយឱ្យបានច្បាស់លាស់ ក្រៅតែពីការកាត់បន្ថយការចំណាយក្នុងវិស័យផ្សេងៗទៀត និងពឹងផ្អែកលើការកែលម្អសេដ្ឋកិច្ច៕