ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្ដែងការកោតសរសើរចំពោះការសម្រេចបានរបស់កម្ពុជាដែល ៩៩ ភាគរយ ស្ត្រីមានផ្ទៃពោះបានទទួលការពិនិត្យលើកទី១ និងសម្រាលកូនដោយឆ្មបជំនាញ ហើយ ៩៧ ភាគរយ សម្រាលកូននៅមូលដ្ឋានសុខាភិបាល។
លោកថ្លែងឡើងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាលើកទី២២ របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ « រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី» នាថ្ងៃទី២ ខែមិថុនា នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
ហ្វេសប៊ុកក្រសួងសុខាភិបាលបញ្ជាក់នាថ្ងៃទី២ ខែមិថុនា ថា៖ «ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានសម្ដែងការកោតសរសើរចំពោះវឌ្ឍនភាព ដែលកម្ពុជាទទួលបាន ជាក់ស្តែង ៩៩ភាគរយ ស្ត្រីមានផ្ទៃពោះបានទទួលការពិនិត្យលើកទីមួយ ៩៩ភាគរយការសម្រាលកូនដោយឆ្មបជំនាញ និង៩៧ភាគរយ ការសម្រាលកូននៅមូលដ្ឋានសុខាភិបាល»។
ក្រសួងសុខាភិបាលបានឱ្យដឹងថា អត្រាមរណភាពមាតាបានថយចុះពី១៧០ ក្នុង១លានកំណើតរស់ ឆ្នាំ២០១៤ មកនៅ ១៥៤ ក្នុងកំណើតរស់ ១សែននាក់ ឆ្នាំ២០២១។ អត្រាមរណភាពកុមារក្រោម ៥ឆ្នាំ បានថយចុះពី ៣៥ក្នុងកំណើតរស់ ១ ០០០នាក់ ឆ្នាំ២០១៤ មកនៅ១៦ ក្នុងកំណើតរស់ ១ ០០០នាក់។
ក្រសួងបន្តថា អត្រាកុមារអាយុក្រោម ១ឆ្នាំ បានកាត់បន្ថយពី ២៨ ក្នុងកំណើតរស់ ១ ០០០នាក់ ឆ្នាំ២០១៤ មកនៅ ១២ ក្នុងកំណើតរស់ ១ ០០០នាក់ ឆ្នាំ២០២១ ដោយយោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខាភាពនៅកម្ពុជា ឆ្នាំ២០២១-២០២២៕