លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថាលោក និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពិភាក្សាគ្នារួចហើយ គឺមិនដកថយឡើយ ដោយតម្រូវឱ្យអង្គការសមាគម ក្រៅរដ្ឋាភិបាលស៊ីវិល ត្រូវតែធ្វើរបាយការណ៍ប្រភពហិរញ្ញវត្ថុ ជាចាំបាច់ និងមិនត្រូវដកចេញពីសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីអង្គការសង្គមស៊ីវិលនោះទេ។
ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី៣ ខែមិថុនានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើដូចនេះ ដើម្បីឱ្យដឹងថា អង្គការក្រៅរដ្ឋាភិបាលណាខ្លះដែលទទួលថវិកាពីប្រភពណាខ្លះ ហើយបើក្នុងករណី អង្គការក្រៅរដ្ឋាភិបាលទាំងនោះ មិនធ្វើរបាយការណ៍ប្រភពហិរញ្ញវត្ថុរបស់ខ្លួនទេ នឹងត្រូវរំលាយចោលក្នុងរយៈពេលកំណត់ណាមួយ។
លោកថ្លែងថា៖«ខ្ញុំសុំផ្ញើសារជូនទៅមិត្តភ័ក្តិទាំងឡាយ និងអង្គការក្រៅរដ្ឋាភិបាល ឱ្យបានដឹងជំហររបស់រាជរដ្ឋាភិបាលមិនដកថយទេ លើរបាយការណ៍ហិរញ្ញវត្ថុ ហើយបើអ្នកឯងមិនរាយការណ៍ទេ ថ្ងៃក្រោយរដ្ឋាភិបាលនឹងយកវិធានការរំលាយចោលនៅអង្គការនោះ ខ្ញុំបានពិភាក្សាជាមួយសម្តេចក្រឡាហោមហើយ។ ច្បាប់រាយការណ៍ហិរញ្ញវត្ថុនេះប្រទេសដទៃទេដែលជាអ្នកនាំឱ្យមានធ្វើ ប្រទេសគេធ្វើបាន ដល់កម្ពុជាធ្វើ គេថាធ្វើអត់បាន»។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏ផ្តាំទៅថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាលដែលជាជនជាតិខ្មែរទាំងអស់ សូមកុំស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ សូមភ្ញាក់រឭក «កុំឱនក្បាលស៊ីលុយបរទេសហើយសម្លាប់ខ្មែរ»។
បើតាមលោកនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល នឹងធ្វើការត្រួតពិនិត្យប្រភពថវិការបស់អង្គការសង្គមស៊ីវិលទាំងអស់ ថាបានមកពីប្រភពណាខ្លះ បើមិនដូច្នោះទេ លោកនាយករដ្ឋមន្ត្រី នឹងចាត់ទុកថា ថវិកាទាំងនោះ ត្រូវបានបញ្ជូនមកធ្វើភេវរកម្មនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា ៖«អ្នកឯងបញ្ជូនលុយមក ក្រោមហេតុផលណាមួយ អ្នកឯងអាចជាបណ្តាញភេវរកម្ម ក៏អាចថាបាន ដើម្បីបំផ្លាញប្រទេសរបស់ខ្ញុំ ព្រោះឥឡូវហ្នឹង ស្ថានភាពភូមិសាស្រ្តនយោបាយកាន់តែតម្រូវឱ្យយើងត្រូវតែប្រយ័ត្ន»។
បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖«ប្រទេសគេដទៃកាត់បន្ថយបុគ្គលិករាប់ពាន់នាក់បាន ម៉េចក៏គេធ្វើបាន រីឯប្រទេសខ្មែរកាត់ត្រឹមតែជាង ៣០០ នាក់ ម៉េចធ្វើមិនបាន ដោយមានអ្នកនៅពីក្រោយឱ្យធ្វើ។ គ្រាន់តែកន្លងទៅខ្ញុំមិនបញ្ជាឱ្យចាប់ទេ រឿងកន្លែងបើកលុយធ្វើបាតុកម្ម ហើយខ្ញុំអាចរំលាយអង្គការរបស់អ្នកឯងចោលទៀត សូមព្រមានអ្នកឯងឱ្យយល់ ហើយកុំថាហ៊ុន សែន មុនបោះឆ្នោត ធ្វើការគាបសង្កត់ អត់សង្កត់ទេ ប៉ុន្តែអ្នកឯងលេងនយោបាយទុច្ចរិត។ បើធ្វើការអង្គការក្រៅរដ្ឋាភិបាល បំផ្លាញរដ្ឋាភិបាល អត់ទេ ថ្ងៃក្រោយនឹងពិនិត្យឡើងវិញ»។
បើតាម ក្រសួងមហាផ្ទៃ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន ៩ ជំពូក និង ៣៩ មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ។
ជាងនេះទៅទៀត ច្បាប់នេះមានគោលដៅកំណត់បែបទទទួលស្គាល់តាមផ្លូវច្បាប់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលព្រមទាំងកំណត់ទំនាក់ទំនងរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ ដើម្បីអភិវឌ្ឍសង្គមកម្ពុជា។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានបទប្បញ្ញត្តិច្បាប់ដោយឡែកដែលចែងផ្សេងពីនេះ៕