បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបងបានសម្រុះសម្រួលដោះស្រាយវិវាទដល់ប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការបានចំនួន ១៤០ ករណី ក្នុងរយៈពេលប្រមាណ ៧ ខែចុងក្រោយនេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តដោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវយុត្តិធម៌។
រដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ២ ខែមិថុនាថា៖ «គិតចាប់ពីខែតុលា ឆ្នាំ ២០២២ មកដល់ខែឧសភា ឆ្នាំ ២០២៣ នេះ រដ្ឋបាលខេត្តបានសម្រុះសម្រួលដោះស្រាយវិវាទជូនបងប្អូនប្រជាពលរដ្ឋបានចំនួនសរុប ១៤០ ករណីរួចមកហើយ ដោយនៅតែមានផែនការបន្តដោះស្រាយជាបន្តបន្ទាប់ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទទួលបាននូវយុត្តិធម៌»។
ហ្វេសប៊ុកដដែលបន្តថា រដ្ឋបាលខេត្តបាត់ដំបងបានបន្តដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការក្នុងទូទាំងខេត្តសរុបជាលទ្ធផលក្នុងខែឧសភា ឆ្នាំ ២០២៣ នេះបានចំនួន ២០ ករណី។ ក្នុងនោះបានដោះស្រាយរួចរាល់ជាស្ថាពរចំនួន ១៦ ករណី បន្តដោះស្រាយចំនួន៣ករណី និងបានបញ្ជូនទៅតុលាការចំនួន ១ ករណី ដែលភាគច្រើនជាករណីសម្រុះសម្រួលទំនាស់ដីធ្លី និងទំនាស់រំលោភលើសេចក្តីទុកចិត្ត»៕