ក្រសួងសុខាភិបាល និងធនាគារពិភពលោក (World Bank-WB) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាពិសេស គម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំង ២។
ការឯកភាពគ្នានេះ បានធ្វើឡើងរវាងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Young Park នាយកប្រតិបត្តិរបស់ធនាគារពិភពលោក (World Bank-WB) ក្នុងជំនួបពិភាក្សាការងារ នាឱកាសដែលលោកនាយកប្រតិបត្តិ និងគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលចុះថ្ងៃទី២ខែមិថុនា។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ធនាគារពិភពលោក បានចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលច្រើនណាស់ ចាប់តាំងពីឆ្នាំ១៩៩៧ តាមរយៈគម្រោងមួយចំនួន។
លោកបានបន្ថែមថា គម្រោងទាំងនោះមានដូចជា គម្រោងប្រយុទ្ធនឹងជំងឺឆ្លង និងការអភិវឌ្ឍសុខាភិបាល ១៩៩៧-២០០២, គម្រោងគាំទ្រវិស័យសុខាភិបាល ២០០៣-២០១១, គម្រោងគាំទ្រវិស័យសុខាភិបាលជំហ៊ានទី២ ២០០៨-២០១៦, គម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល ដំណាក់កាលទី១ ២០១៦-២០២២,គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ២០១៩-២០២៤, គម្រោងឆ្លើយតបបន្ទាន់ជំងឺកូវីដ១៩ ឆ្នាំ២០២០-២០២២, គម្រោងពង្រឹងប្រព័ន្ធអប់រំមុនសេវាសម្រាប់វិជ្ជាជីវៈសុខាភិបាល ២០២០-២០២៦, គម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល ដំណាក់កាលទី២ ឆ្នាំ២០២២-២០២៧។
ជាមួយគ្នានេះដែរ លោក Young Park នាយកប្រតិបត្តិរបស់ធនាគារពិភពលោក (World Bank-WB) ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ បានទទួលជោគជ័យ។
លោកនាយកប្រតិបត្តិ WB បានបន្តទៀតថា កន្លងទៅ ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការយូនីសេហ្វ ដែលអាចឱ្យធនាគារពិភពលោក អាចបំពេញបេសកកម្ម របស់ខ្លួនដោយជោគជ័យ ។ ដូចនេះ WB ស្នើសុំការគាំទ្រពីលោករដ្ឋមន្ត្រី បន្ថែមទៀត ក្នុងការជំរុញឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ទៅតាមគោលដៅដែលបានគ្រោងទុក៕