សៀមរាបៈ ក្រុមសប្បុរសជនមកពីប្រទេសកូរ៉េខាងត្បូងតាមរយៈអង្គការមិត្ដកម្ពុជាបានជួយសាងសង់ផ្ទះជាង ២៦០ ខ្នង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ ជាពិសេស នឹងធ្វើឱ្យចំណងមិត្ដភាពប្រទេសទាំង២កាន់តែរឹងមាំថែមទៀត។
លោក សាតមាស តំណាងឱ្យអង្គការមិត្ដកម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី២ ខែមិថុនាថា ក្រុមសប្បុរសជនមកពីប្រទេសកូរ៉េទាំងនេះ ជាអ្នកស្ម័គ្រចិត្ដជួយរកមូលនិធិនៅក្នុងប្រទេសរបស់ពួកគាត់យកទៅជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយផ្ទាល់ និងចំពោះគ្រួសារដែលទើបតែរៀបការបែកចេញពីឪពុកម្ដាយរបស់ពួកគេផងដែរ។នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
ប្រភពដដែលបានឱ្យដឹងថា ផ្ទះដែលក្រុមការងារស្ម័គ្រចិត្តទាំងនេះជួយសាងសង់ជូនប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី គឺធ្វើអំពីឈើប្រក់ស័ង្កសីដែលមានទំហំ ៥ ម៉ែត្រ គុណនឹង ៤ម៉ែត្រ។
លោក សាត មាស បានបញ្ជាក់ថា៖ «ផ្ទះទាំងនោះ បើទោះមានទំហំតូចក្ដី ប៉ុន្ដែជាទឹកចិត្ដអាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋខ្មែរសម្រាប់ឱ្យពួកគាត់មានទីជម្រក ១ សមរម្យ»។
លោកបន្ថែមថា ក្រុមសប្បុរសជនមកពីប្រទេសកូរ៉េ មិនត្រឹមបានជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ថែមទាំងបានជួយអភិវឌ្ឍលើវិស័យអប់រំផងដែរដូចជាជួយកសាងអគារសិក្សា ធ្វើអណ្ដូងទឹក ខ្លោងទា្វរ របងសាលានិងរោងបាយសម្រាប់សាលារៀន និងកន្លែងកម្សាន្តសម្រាប់កុមារជាច្រើនផងដែរ។
ជាមួយគ្នានេះ លោក វូ តែហាន ( Woo Taehan) តំណាងឱ្យក្រុមសប្បុរសជនស្ម័គ្រចិត្ដប្រទេសកូរ៉េ ក៏បានលើកឡើងដែរថា ក្រុមសប្បុរសជនរបស់លោក មានការសប្បាយរីករាយនៅពេលបានជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋខ្មែរ ហើយលោកនឹងបន្ដរកមូលនិធិពីកូរ៉េជួយដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត ព្រមទាំងសន្យាថាយកវប្បធម៌ខ្មែរទៅផ្សព្វផ្សាយនៅប្រទេសរបស់ពួកគាត់ផងដែរ។
លោក វូ តែហាន បានថ្លែងថា៖ «ការជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋខ្មែរនេះ ដោយមើលឃើញប្រជាពលរដ្ឋកម្ពុជាធ្លាប់បានជួយប្រទេសកូរ៉េនាពេលកន្លងមក ជាពិសេសក្រុមការងារស្ម័គ្រចិត្ដប្រជាជនកូរ៉េ ស្រឡាញ់ប្រជាជនខ្មែរ ស្រឡាញ់វប្បធម៌អរិយធម៌របស់ខ្មែរ និងដើម្បីឱ្យប្រទេសទាំង២មានមិត្ដភាពប្រាស្រ័យទាក់ទងគ្នាយូរអង្វែង»។
លោកបន្ដទៀតថា ក្រុមរបស់លោកសប្បាយរីករាយនៅពេលបានជួយកសាងផ្ទះជូនប្រជាពលរដ្ឋខ្មែរ ហើយបន្ដរកមូលនិធិពីកូរ៉េជួយដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀតព្រមទាំងសន្យាថាយកវប្បធម៌ខ្មែរទៅផ្សព្វផ្សាយនៅប្រទេសរបស់ពួកគាត់។
អភិបាលរងស្រុកបន្ទាយស្រី លោក ហ៊ុន សម្បត្តិ បដិសេធបញ្ជាក់ពីព័ត៌មាននេះ ដោយសារជាប់រវល់ ចំណែកអភិបាលរងខេត្តសៀមរាប លោក លី សំរឹត បានប្រាប់ថាលោកមិនទាន់ដឹងពីព័ត៌មាននៃការសាងសង់ផ្ទះនេះឡើយ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍អង្គការមិត្តកម្ពុជា បានបង្ហាញថា ចាប់តាំងពីបង្កើតអង្គការរហូតមកទល់បច្ចុប្បន្នអង្គការនេះរួមទាំងម្ចាស់ជំនួយមកពីសាធារណរដ្ឋកូរ៉េ បានចុះមកជួយសាងសង់បានសមិទ្ធផលជាច្រើនដូចជា អគារសិក្សាចំនួន ៥ខ្នង ទីចាត់ការ បណ្ណាល័យ បន្ទប់ទឹក ខ្លោងទា្វរ របងសាលា រោងបាយសម្រាប់សាលារៀន កន្លែងកម្រាន្តសម្រាប់កុមារ អណ្តូងទឹកស្អាតចំនួន ៧២៤ អណ្តូង សាងសង់ផ្ទះចំនួន ២៦៤ខ្នងផ្ទះ និងសមិទ្ធផលជាច្រើនទៀត ដែលគិតជាថវិកាអស់ប្រហែល១លាន៥សែនដុល្លារ។
សូមរំឭកផងដែរថា ទាក់ទងនឹងការជួយនេះដល់ប្រជាពលរដ្ឋនេះដែរ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានប្រកាសកាលពីចុងខែឧសភាថា កាកបាទក្រហមកម្ពុជានឹងចាត់ចែងប្រើប្រាស់មូលនិធិ និងសម្ភារដែលទទួលបានពីសប្បុរសជនសរុបជាង ១៣ លានដុល្លារក្នុងឱកាសខួបលើកទី ១៦០ ទិវាពិភពលោកកាកបាទក្រហមដើម្បីជួយប្រជាពលរដ្ឋរងគ្រោះបំផុតប្រកបដោយតម្លាភាព៕