ភ្នំពេញៈ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់រោងចក្រ វីនស្តាស៊ូ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនាថ្ងៃទី៤ ខែមិថុនា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ ភាគរយ របស់សហគមន៍អឺរ៉ុប (EU) មិនបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទៅកាន់សហគមន៍អឺរ៉ុបទេ។
លោកមានប្រសាសន៍ដូច្នេះថា៖«EBA ជាគោលនយោបាយមួយរបស់ប្រទេសអភិវឌ្ឍន៍នៅអឺរ៉ុបគឺមានការបន្ធូរបន្ថយពន្ធដារក្នុងការនាំចូលប៉ុន្តែ EBAវានឹងបាត់នៅពេលណាមួយដែលប្រទេសយើងដល់កម្រិតអភិវឌ្ឍន៍អ៊ីចឹងទេបើបាត់ឥឡូវក្នុងចំនួន២០ភាគរយនេះ គឺវាគង់តែបាត់១០០ភាគរយនៅពេលខាងមុខទេ អាចបាត់ទាំងអស់នៅក្នុងឆ្នាំ២០២៧ខាងមុខនេះ»។
លោកបានបន្ថែមថា នៅឆ្នាំ ២០២៧ ខាងមុខ ប្រទេសកម្ពុជាមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតទេ បន្តិចទៀតកម្ពុជា និងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដូច្នេះត្រូវតែមានការបង់ពន្ធឱ្យគ្នាទៅវិញទៅមក ហើយការបាត់បង់ការអនុគ្រោះពន្ធ EBA ២០ភាគរយរបស់ EU កន្លងមកមិនបានធ្វើឱ្យមានការប៉ះពាល់អ្វីទេ។
លោក ហ៊ុន សែនបានបញ្ជាក់បន្ថែមថា៖ «ពេលដែលមិនទាន់បង់ពន្ធ ក៏យើងនាំចេញទៅបាន ហើយនៅពេលដែលបង់ពន្ធ ក៏យើងនាំចេញបានដែរ គ្រាន់តែថាចំណេញតិចជាងមុនតែប៉ុណ្ណឹងទេ ប៉ុន្តែ វានៅតែចំណេញ។អ៊ីចឹងទេ យើងត្រូវតែពង្រឹងភាពធន់ខ្លួនឯងពីឥឡូវនេះទៅ បានជាពេលទៅប្រជុំនៅអឺរ៉ុប ក្នុងឋានៈជាសហប្រធានក្នុងការប្រជុំជាមួយអឺរ៉ុប ខ្ញុំហាមឃាត់រដ្ឋមន្ត្រីទាំងអស់ដែលអមដំណើរ កុំសុំត្រឡប់មកនូវ២០ភាគរយនៃ EBA ព្រោះខ្ញុំក៏ចង់ដឹងភាពធន់របស់កម្ពុជាដល់ណាដែរ»។
លោកបានបញ្ជាក់ជាថ្មីថា៖«ខ្ញុំមិនយកអធិបតេយ្យរបស់ខ្ញុំទៅដោះដូរជាមួយជំនួយ និងការអនុគ្រោះណាទាំងអស់ មិនអាចទេ»។
ទាក់ទងនឹងចំណុចនេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ស្របថា ក្រោយពីចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចហើយ ច្បាស់ណាស់ការអនុគ្រោះពន្ធផ្សេងៗនឹងត្រូវបាត់បង់ ប៉ុន្តែវិស័យឯកជនមិនមានការព្រួយបារម្ភទេ ដោយសារតែកម្ពុជាមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយបណ្តាប្រទេសមួយចំនួនរួចហើយសម្រាប់ចូលខ្លួនមកជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជំនួសEBAឬក៏ប្រព័ន្ធអនុគ្រោះពន្ធផ្សេងទៀត។
លោកបានថ្លែងថា៖«ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ក្នុងការបង្កើតនូវកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាច្រើន ដូចជា FTA ជាមួយ ចិន, កូរ៉េ និង RCEP ជាដើម ហើយប៉ុន្មានថ្ងៃខាងមុខនេះនឹងមានការចុះកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយប្រទេសអារ៉ាប់រួមទៀត រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងស្វ៊ីសជាដើមនាពេលខាងមុខ ដែលទាំងអស់នេះ ជាកត្តារុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគតទោះជាមិនមាន EBA ក៏ដោយ»។
ទាក់ទងនឹងការដកភាពអនុគ្រោះពន្ធ EBA ២០ ភាគរយ របស់ EU នេះដែរ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានថ្លែងដែរថា ពិតណាស់ កម្ពុជាត្រូវពង្រឹងខ្លួនឯងឱ្យបានច្រើន ព្រោះថា យូរនិងឆាប់វាគង់តែបាត់ ដោយសារការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសក្រីក្រ។
លោកបានថ្លែងថា៖«នៅពេលដែលកម្ពុជាចាកចេញពីប្រទេសក្រីក្រប្រព័ន្ធអនុគ្រោះទាំងអស់នឹងត្រូវបញ្ចប់អ៊ីចឹងហើយកម្ពុជា អាចនឹងនាំចេញនៅក្រោមឥទ្ធិពលនៃ MFN ដែលយើងជាប់ពន្ធនៅក្នុងអត្រា៧ភាគរយ ឬ៨ភាគរយ។ ដូច្នេះការត្រៀមខ្លួនរបស់កម្ពុជាក្នុងពេលបច្ចុប្បន្ន ដើម្បីឈានទៅរកការផលិតដែលមានថ្លៃដើមទាបឬកាត់បន្ថយនៃការចំណាយថ្លៃដើម»។
លោកបានបន្ថែមថា នៅពេលមានការដក EBA ទាំងអស់ចេញ ធ្វើឱ្យទំនិញកម្ពុជាអាចនឹងឡើងថ្លៃខ្ពស់ជាងមុនក្នុងរង្វង់ ៥ ភាគរយ បន្ថែមទៀត ហេតុដូចនេះ កម្ពុជា ត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំ ឱ្យថ្លៃដើមទាប។ បើទោះជាឡើងថ្លៃលើសមុន៥ភាគរយ គិតជាទឹកប្រាក់ទាបជាងមុន ក៏នៅតែអាចនាំចេញបានជាធម្មតា។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា បាននិយាយជាមួយចិន ជប៉ុន កូរ៉េខាងត្បូង និងធនាគារអភិវឌ្ឍន៍អាស៊ី នៅពេលកម្ពុជាងើបចេញពីប្រទេសមានការអភិវឌ្ឍតិចតួច សូមបន្តផ្តល់ប្រាក់កម្ចី ជាមួយអត្រាការប្រាក់អនុគ្រោះ។
លោកបានបញ្ជាក់ថា៖«កម្ពុជាត្រូវដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ ២០២៧ ដូច្នេះឆ្នាំ ២០២៧ គឺជាឆ្នាំ ដែលត្រូវបាត់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) និង បាត់កម្ចីដែលត្រូវខ្ចីតាមអត្រាការប្រាក់ពាណិជ្ជកម្ម យើងបានចរចាជាមួយមិត្ដចិន, ជប៉ុន, កូរ៉េខាងត្បូង និងធនាគារអភិវឌ្ឍន៍អាស៊ី បើសិនជាយើងចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួចហើយក៏ដោយ ក៏សូមមេត្ដាផ្ដល់នូវភាពអនុគ្រោះ ក្នុងបញ្ហាឥណទានទាក់ទងនឹងការអភិវឌ្ឍ ដោយមានអត្រាការប្រាក់ទាបបន្ដទៀត»៕