សៀមរាបៈ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ តាមរយៈគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរដែលចាប់ផ្តើមពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ បានធ្វើការដោះលែងសត្វព្រៃប្រភេទកម្រប្រមាណជាង ១០ប្រភេទ សរុបប្រហែលជាង ៤០ក្បាល។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមរយៈការដោះលែងសត្វព្រៃរាប់ចាប់ពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ននេះបានធ្វើឱ្យឧទ្យានអង្គរមិនត្រឹមតែជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានទេសចរណ៍បែបធម្មជាតិមួយទៀតតាមរយៈការទស្សនាព្រៃ និងសត្វព្រៃដែលបានដោះលែងទាំងនោះ។
លោកថ្លែងថា៖«នេះជាផ្នែក១ ធ្វើឱ្យមានការស្រូបទាក់ទាញភ្ញៀវទេសចរបាន ១ផ្នែកបន្ថែមទៀតព្រោះភ្ញៀវភាគច្រើនជិះកាត់ឧទ្យានអង្គរប្រទះឃើញសត្វព្រៃរបស់យើង គាត់ស្គាល់ទីតាំងដែលយើងដោះលែងហ្នឹងគាត់អាចនាំគ្នាមកទស្សនា»។
លោកអនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បន្តថា ក្រុមការងារគ្រោងនឹងរកប្រភេទសត្វព្រៃផ្សេងៗមួយចំនួនទៀតយកមកដោះលែងក្នុងឧទ្យានអង្គរ ប៉ុន្តែដោយសារតំបន់នេះជាតំបន់ទេសចរណ៍ ការជ្រើសរើសប្រភេទសត្វមកដោះលែង ត្រូវការពិនិត្យពិច័យឱ្យបានច្បាស់លាស់ធ្វើយ៉ាងណាកុំឱ្យមានការប៉ះពាល់ដល់សុវត្ថិភាពទេសចរ។ លោកបញ្ជាក់ថា សត្វប្រើសជាប្រភេទសត្វដែលនឹងត្រូវយកមកធ្វើការដោះលែងបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខ។
លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា សត្វព្រៃដែលបានដោះលែងទាំងនោះរួមមាន សត្វទោច ស្វាព្រាម ឈ្លូស សំពោច ឆ្មាដាវ សត្វកេងកង ក្ងោក និងសត្វភេជាដើម។ លោកថាសត្វព្រៃរស់នៅក្នុងព្រៃមិនមានបញ្ហាអ្វីទេ ប៉ុន្តែបញ្ហាគឺបណ្តាលមកពីអ្នកចាប់សត្វព្រៃ ធ្វើឱ្យអន្តរាយដល់ជិវិតសត្វព្រៃ ដែលកំពុងរស់នៅសុខសាន្តក្នុងព្រៃ។ ជាក់ស្តែងថ្មីៗនេះ មានសត្វភេ១ក្បាលក្នុងតំបន់ឧទ្យានអង្គរងាប់ដោយសារជាប់អន្ទាក់។
លោកថ្លែងថា៖«ខ្ញុំសុំអ្នកទាំងអស់កុំដាក់អន្ទាក់នៅក្នុងព្រៃ សុំឱ្យរដ្ឋាភិបាលធ្វើច្បាប់ដាក់ទោសឱ្យខ្លាំងដល់អ្នកចាប់សត្វព្រៃ ដើម្បីការពារសត្វពីការដាក់អន្ទាក់ ព្រោះបើយើងមិនធ្វើទេនោះ សត្វព្រៃនឹងត្រូវអស់រលីង»។
លោក និក ម៉ាក បន្តថា នៅក្នុងឧទ្យានអង្គរ និងនៅតាមព្រៃដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានការពារមានក្រុមល្បាតគ្រប់កន្លែង ប៉ុន្តែអ្នកដាក់អន្ទាក់មានវិធីសាស្ត្រដាក់លាក់ពិបាករកឃើញ ហើយមួយវិញទៀត ការដាក់អន្ទាក់នេះទៀតសោតគេមិនមែនដាក់ ១កន្លែងទេ គឺគេដាក់រាយរាប់រយកន្លែង។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ នៅក្នុងក្របខ័ណ្ឌនៃច្បាប់បរិស្ថានគឺមានច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ យ៉ាងណាបច្ចុប្បន្ន រដ្ឋសភាបានពិនិត្យ និងបានអនុម័តរួចហើយនូវក្រមស្តីពីបរិស្ថាន និងធនធានធម្មជាតិ ដែលជាផ្នែក១យ៉ាងសំខាន់នៅក្នុងការពង្រឹងទៅលើវិធានការក្នុងការគ្រប់គ្រង និងអភិរក្សសត្វព្រៃ។
លោកថ្លែងថា៖«កាលពី១០ទៅ២០ឆ្នាំមុនការរៀបចំច្បាប់របស់យើងអាស្រ័យលើសង្គមយើងកាលនោះសេដ្ឋកិច្ចរបស់យើងអត់ទាន់មានការរីកចម្រើនទេ ពលរដ្ឋយើងពឹងច្រើនលើធនធានធម្មជាតិ ប៉ុន្តែបច្ចុប្បន្នជាមួយកំណើនសេដ្ឋកិច្ចការងាររបស់យើងត្រូវបានបង្កើតឡើងច្រើន ដល់ពេលដែលយើងត្រូវផ្លាស់ប្តូរទម្លាប់និងការពឹងអាស្រ័យលើធនធានធម្មជាតិរបស់ប្រជាពលរដ្ឋ»។
លោកបញ្ជាក់ថា នៅក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក៏ដូចជា ច្បាប់ព្រៃឈើ គឺបានកំណត់រួចស្រេចហើយពីការផាកពិន័យ ក៏ដូចជា ការដាក់ពន្ធនាគារទៅលើជនប្រព្រឹត្តបទល្មើសនៃការបរបាញ់ ដាក់អន្ទាក់ដែលធ្វើឱ្យប៉ះពាល់ទៅដល់សត្វព្រៃប្រភេទកម្រ៕