ភ្នំពេញៈ ក្រសួងស្ថាប័នពាក់ព័ន្ធ បានលើកឡើងថា ការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈជាមធ្យោបាយដ៏ល្អប្រសើរបំផុតក្នុងការ កាត់បន្ថយការកកស្ទះចរាចរណ៍ បន្ថយការចំណាយច្រើន និងកាត់បន្ថយឧស្ម័នបំពុលក្នុងបរិស្ថាន និងធ្វើឱ្យការដឹកជញ្ជូនសាធារណៈរថយន្តក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព។
នេះជាមតិលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត ដែលធ្វើឡើងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២ ខែមិថុនា។
តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន លោក តូច សុថារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងបាននិងកំពុងផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត ។
លោកបន្ថែមថា ភាគីពាក់ព័ន្ធបានពិភាក្សាគ្នាស្វែងរកមតិយោបល់ ក៏ដូចជាធាតុចូល សម្រាប់ការធ្វើឱ្យប្រសើរឡើងដល់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចប្រតិបត្តិការដឹកជញ្ជូនសាធារណៈរថយន្តក្រុងឱ្យកាន់តែមានភាពល្អប្រសើរ។
លោកបញ្ជាក់ថា៖«សេចក្តីព្រាងអនុក្រឹត្យនេះមានប្រយោជន៍ណាស់ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅតាមបណ្តាខេត្ត ជាពិសេស ក្នុងខេត្តព្រះសីហនុ គម្រោងផ្លូវ៣៧ខ្សែ និងខេត្តសៀមរាប គម្រោងផ្លូវ៣៨ខ្សែ ក៏ដូចជាសមិទ្ធិផលផ្លូវសំខាន់ៗជាច្រើនទៀត តភ្ជាប់ប្រទាក់ក្រឡាពីតំបន់ប៉ូលសេដ្ឋកិច្ចនីមួយៗ»។
លោកបានបន្ថែមថា ក្រៅពីសមិទ្ធផលទាំងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាល បាននិងកំពុងសិក្សារៀបចំនីតិវិធីសម្រាប់អនុវត្តគម្រោងថ្មីបន្ថែមទៀត ក្នុងនោះរួមមាន គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿន២ខ្សែបន្ថែមទៀត គម្រោងស្ពានឆ្លងទន្លេបាសាក់-ទន្លេសាប គម្រោងរថភ្លើងល្បឿនលឿនដឹកទំនិញ និងអ្នកដំណើរ គម្រោងរថភ្លើងលើអាកាស(AGT) រថភ្លើង Monorail និងរថភ្លើងក្រោមដី គម្រោង E-Bus គម្រោងដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ជាដើម។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៤ ខែមិថុនា ថា វាពិតជាមានសារៈសំខាន់ណាស់ការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ជាមធ្យោបាយត្រឹមត្រូវជួយឱ្យបរិស្ថានកាន់តែមានភាពល្អប្រសើរ កាត់បន្ថយការប្រើប្រាស់ និងការចំណាយថវិកាលើថ្លៃប្រេងឥន្ធនៈ កាត់បន្ថយឧស្ម័នបំពុលបរិស្ថាន កាត់បន្ថយផលប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោកគូសបញ្ជាក់ថា៖«ខេត្តព្រះសីហនុយើងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីៗ ច្រើន ហើយការរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត វានឹងជួយបង្កើតសមធម៌សង្គមជូនដល់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ទាំងអ្នកមានធនធាន និងអ្នកមានធនធានតិចតួច ជាសេវាកម្មដ៏សំខាន់សម្រាប់សង្គម និងបង្កើនទំនាក់ទំនងក្នុងសង្គម ជាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរដែលអាចសម្រួលដល់ការបំផ្លាស់ទីរបស់ប្រជាពលរដ្ឋ ឬការដឹកជញ្ជូនទំនិញធុនស្រាល មានភាពងាយស្រួល និងកាត់បន្ថយការកកស្ទះតាមដងផ្លូវផងដែរ»។
សូមជម្រាបថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានជំរុញឱ្យមន្រ្តីជំនាញក្រសួងសាធារណការ និងភាគីពាក់ព័ន្ធ ពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណាឱ្យបានធាតុចូលពីគ្រប់ភាគីកាន់តែច្រើន និងគ្រប់គ្រាន់ សម្រាប់សេចក្តីព្រាងអនុក្រឹត្យស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត ដោយអាចធានាបានថា នៅពេលអនុវត្តទទួលបាននូវប្រសិទ្ធភាព និងគណនេយ្យភាព ដល់គ្រប់ផ្នែកពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ៕