ត្បូងឃ្មុំៈ លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តពង្រឹងនូវសាមគ្គីភាពប្រជាជាតិទាំងមូល ដោយមិនបែងចែកនិន្នាការនយោបាយ ភេទ ជំនឿសាសនា ដើមកំណើតជាតិសាសន៍ និងឋានៈក្នុងសង្គមឡើយ។
លោក ហេង សំរិន បានថ្លែងឱ្យដឹងដូចនេះ កាលពីថ្ងៃទី ៣ ខែមិថុនា ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបទុមព្រឹក្ស (ហៅវត្តពពេល) ស្ថិតក្នុងភូមិពពេលឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមរយៈគេហទំព័រផ្លូវការរបស់លោក ហេង សំរិន លើកឡើងថា៖ «គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តពង្រឹងនូវសាមគ្គីភាពប្រជាជាតិទាំងមូលដើម្បីថែរក្សា និងពង្រីករាល់សមិទ្ធផលនានា ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ វិបុលភាព និងការអភិវឌ្ឍ សំដៅកសាង និងការពារមាតុភូមិ ឱ្យកាន់តែរីកចម្រើន រុងរឿងតទៅមុខថែមទៀត»។
លោកថ្លែងបន្តថា ក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ «ក្រោមម្លប់សនិ្តភាពពេញលេញ» និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត ជាច្រើនឥតគណនាដែលកើតឡើងពីការខិតខំប្រឹងប្រែងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយ ដែលត្រូវបំផ្លិចបំផ្លាញ ញាំញី ដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្សរ៍។
លោកបានថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជាប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តពង្រឹងនូវសាមគ្គីភាពប្រជាជាតិទាំងមូល ដោយមិនបែងចែកនិន្នាការនយោបាយ ភេទ ជំនឿ សាសនា ដើមកំណើតជាតិសាសន៍ និង ឋានៈក្នុងសង្គម សំដៅកសាង និងការពារមាតុភូមិ ឱ្យកាន់តែរីកចម្រើនរុងរឿងតទៅមុខថែមទៀត»។
លោកក៏បានលើកទឹកចិត្តដល់ព្រះសង្ឃគ្រប់ព្រះអង្គ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ រួមគ្នាថែរក្សាការពារសមិទ្ធផលដ៏ថ្លៃថ្លានេះ ឱ្យបានគង់វង្ស ស្ថិតស្ថេរក្នុងព្រះពុទ្ធសាសនា និងសង្គម និងរក្សាបាននូវកេរដំណែលដល់កូនចៅជំនាន់ក្រោយ។
លោកបានបញ្ជាក់ថា៖ «សូមអំពាវនាវឱ្យពលរដ្ឋបន្តចូលរួមថែរក្សាសុខសន្តិភាព សុវត្ថិភាពសង្គមដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានថ្លែងនៅថ្ងៃទី៤ ខែមិថុនាថា ជាធម្មតាគណបក្សកាន់អំណាចតែងតែមានការប្តេជ្ញាចិត្តបែបនេះ ព្រោះបើសិនមិនមានការប្តេជ្ញាចិត្តនៅក្នុងការសាមគ្គីភាពជាតិទាំងមូលទេ នឹងធ្វើឱ្យបក្សកាន់អំណាចក៏មានការពិបាកនៅក្នុងគ្រប់គ្រងនិងដឹកនាំប្រទេសផងដែរ។
លោកបានឱ្យដឹងថា ៖ «ដូចនេះ ការពង្រឹងនូវសាមគ្គីប្រជាជាតិទាំងមូលដោយសុខដុមរមនា ដោយទឹកចិត្តអំណរសាទរគឺហ្នឹងជារឿងដែលល្អដែលប្រជាពលរដ្ឋគ្រប់គ្នាក៏ដូចជាគណបក្សនយោបាយឬអ្នកដែលមាននិន្នាការនយោបាយផ្សេងៗគ្នាហ្នឹង គេមានការសាទរដែលអ្នកដែលប្រកាន់ជំនឿសាសនាដើមកំណើតជាតិសាសន៍ខុសៗគ្នាក៏រីករាយដែរ»។
ទាក់ទងនឹងការថែរក្សាសុខសន្តិភាពនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តរួមគ្នាការពារសន្តិភាពដោយលោកថា បើគ្មានសន្តិភាពទេ គឺគ្មានការអភិវឌ្ឍនោះទេ ហើយរោងចក្រសហគ្រាសត្រូវបិទ ហើយកម្មករនិយោជិត នឹងគ្មានការងារធ្វើនោះទេ។
លោកបានថ្លែងដូចនេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែមិថុនា។
លោកមានប្រសាសន៍ថា ៖ «សន្ដិភាពមានតម្លៃធំណាស់សម្រាប់ការអភិវឌ្ឍ, យើងត្រូវបន្ដការខិតខំទាំងអស់គ្នា សន្ដិភាព មិនមែនសម្រាប់តែនាយករដ្ឋមន្ដ្រីនោះទេ ប៉ុន្ដែសន្ដិភាពដំបូងបំផុត គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់ ហើយខ្ញុំសូមបញ្ជាក់ អ្នកដែលមានសមត្ថភាពរកសន្ដិភាព និងការពារសន្ដិភាព មានតែគណបក្សប្រជាជនកម្ពុជា»៕