ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅដល់អភិបាលខេត្តទាំងអស់ត្រូវការពារសិទ្ធិកម្មករ និងត្រូវខិតខំដោះស្រាយបញ្ហា ឬវិវាទកម្មករឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីផ្សះផ្សាបញ្ចប់វិវាទនៅមូលដ្ឋានដោយកុំរង់ចាំតែក្រសួងការងារចុះទៅដោះស្រាយ។
ក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករនិយោជិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៤ ខែមិថុនា លោក ហ៊ុន សែន មានប្រសាសន៍ថា អាជ្ញាធរនៅថ្នាក់ខេត្ត ជាពិសេសចៅហ្វាយខេត្ត គឺជាអ្នកដែលមានសិទ្ធិមុនគេក្នុងការសម្របសម្រួលផ្សះផ្សាវិវាទនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ពេលរោងចក្រមានបញ្ហា គឺយើងខិតខំដោះស្រាយឱ្យលឿនបំផុត ហើយយកការទទួលខុសត្រូវដើម្បីការពារសិទ្ធិកម្មករ។ គ្មានអ្នកណាមានលទ្ធភាពអាចការពារសិទ្ធិកម្មករជាងអាជ្ញាធររបស់រដ្ឋទេ ត្រូវចាំអស់លោកចៅហ្វាយខេត្ត សហជីពបានត្រឹមដឹកនាំបាតុកម្មប៉ុន្តែអ្នកដោះស្រាយបញ្ហាពិតប្រាកដគឺអាជ្ញាធរ មានមន្ទីរការងារភ្លាមៗចុះដោះស្រាយ»។
ជាមួយគ្នានេះលោក ហ៊ុន សែន បានរំឭកដល់កម្មករនិយោជិតត្រូវចាត់ទុករោងចក្រគឺជាឆ្នាំងបាយរបស់ខ្លួន ខណៈលោកក៏ជំរុញទៅកាន់ថៅកែរោងចក្រត្រូវគោរពសិទ្ធិកម្មករ និងច្បាប់ក្នុងស្រុក ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក។
លោកមានប្រសាសន៍ថា៖ «ក្មួយៗចាំឱ្យច្បាស់ រោងចក្រគឺជាឆ្នាំងបាយរបស់យើង បើយើងធ្វើអ្វីហើយ ដែលវាមានចរិតបំផ្លាញទៅដល់ឆ្នាំងបាយសូមកុំធ្វើ។ ប៉ុន្តែមិនមែនព្រលែងឱ្យថៅកែ ធ្វើអ្វីស្រេចនឹងចិត្តដែលមិនគោរពច្បាប់ និងគោរពសិទ្ធិកម្មករនោះទេ អ៊ីចឹងត្រូវបំពេញឱ្យគ្នាទៅវិញទៅមក»។
លោកក៏ផ្តាំទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវឈរពីមុខ ការពារសិទ្ធិកម្មករ ហើយត្រូវរួមគ្នាដោះស្រាយការមិនចុះសម្រុង ឬវិវាទណាក៏ដោយ ឱ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន នៅតាមរោងចក្រកុំរង់ចាំតែសហជីព និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះទៅដោះស្រាយ។
បន្ថែមពីនេះលោកនាយករដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធត្រូវចុះពិនិត្យតាមដាន កន្លែងទទួលទានអាហារ កន្លែងបំបៅកូន និងមណ្ឌលសុខភាពរបស់កម្មករនិយោជិតនៅតាមរោងចក្រឱ្យបានហ្មត់ចត់ដើម្បីឱ្យម្ចាស់រោងចក្រកែសម្រួលនៅពេលមានចំណុចខ្វះខាតណាមួយ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) លោក គង់ អាទិត្យ យល់ថា ការថ្លែងសាររបស់នាយករដ្ឋមន្ត្រី គឺជាចំណុចល្អ ដែលជាសារលើកទឹកចិត្ត និងពញ្ញាក់ស្មារតី ដល់អាជ្ញាធរគ្រប់បណ្តាខេត្ត ក្នុងការចូលរួមដោះស្រាយបញ្ហា និងវិវាទកម្មករនិយោជិតនៅមូលដ្ឋាន។ ជាមួយគ្នានេះលោកស្នើដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយវិវាទរបស់កម្មករប្រកបដោយប្រសិទ្ធភាព សន្តិវិធី ចៀសវាងប្រើអំពើហិង្សា។
លោកថ្លែងនៅថ្ងៃទី ៤ ខែមិថុនា ថា៖ «វិវាទការងារលុះត្រាតែមានបាតុកម្មតវ៉ាទើបមានអាជ្ញាធរខេត្តចូលរួម បើថាវិវាទការងារទូទៅ គឺគេមានមន្ត្រីមន្ទីរការងារដោះស្រាយតាមជំនាញ ហើយនៅពេលមានការតវ៉ា ផ្ទុះបាតុកម្ម គឺមន្ត្រីខេត្តគេចុះដោះស្រាយតាមមុខងារ។ ប៉ុន្តែពេលខ្លះក៏មានការតឹងតែង ប្រឈមមុខដាក់គ្នារវាងកម្មករ និងអាជ្ញាធរ អ៊ីចឹង! អ្វីដែលជាសំណូមពរ គឺយើងចង់ឱ្យការចុះទៅដោះស្រាយធ្វើឡើងប្រកបដោយសន្តិវិធី ជាជាងទៅបង្ក្រាបដែលធ្វើឱ្យខាតបង់ទាំងសងខាង»។
បើតាមរបាយការណ៍ ក្រសួងការងារ នៅឆ្នាំ ២០២៣ នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១ ៣២៦ ដែលមានកម្មករនិយោជិត ប្រមាណ ៨៤ ម៉ឺននាក់ (ស្រី ៦៦ ម៉ឺននាក់) ការនាំចេញមានរហូតដល់ប្រមាណ ១៣ ពាន់លានដុល្លារ អាមេរិក (ឆ្នាំ២០២២) ដែលក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួន ៧២៧ រោងចក្រ មានកម្មករ-និយោជិត ប្រមាណ ៣៤ ម៉ឺននាក់ (ស្រី ២៦ម៉ឺននាក់)។ បើសរុបទាំងអស់ រោងចក្រ សហគ្រាស នៅត្រឹមឆ្នាំ ២០២៣ នេះមានសរុបជាង ១៧ ០០០ ដែលប្រើប្រាស់កម្លាំងពលកម្មសរុបចំនួនប្រមាណ ១,៥ លាននាក់៕