ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានជំរុញកិច្ចសហប្រតិបត្តិការដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និងអំពាវនាវឱ្យភាគីជម្លោះវិលទៅរកតុចរចា ដោយឈរលើនយោបាយឈ្នះ-ឈ្នះ។ ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ៤ ខែមិថុនា លោកថ្លែងថា៖ «ក្រៅពីជំងឺរាតត្បាតកូវីដ ១៩ យើងក៏ត្រូវបានញាំញីដោយបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោកយ៉ាងខ្លាំងក្លា។ គោលបំណងសំខាន់គឺកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន»។
លោក ទៀ បាញ់ ថ្លែងថា កម្ពុជាប្រឆាំងនឹងការប្រើប្រាស់កម្លាំងរបស់ប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀត ការបំបែករដ្ឋ និងការកាន់កាប់រដ្ឋអធិបតេយ្យមួយ។ កម្ពុជាជឿជាក់ថាការបញ្ចប់សង្គ្រាមទាមទារនូវសម្បទានទៅវិញទៅមក ដែលរួមមានការបញ្ឈប់ការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហា គោរពច្បាប់អន្តរជាតិ បញ្ឈប់ការលើកទឹកចិត្តពីខាងក្រៅដើម្បីពង្រីកសង្គ្រាម និងបញ្ឈប់ទណ្ឌកម្មសេដ្ឋកិច្ច។
លោកថ្លែងថា៖ «នេះបង្ហាញឱ្យឃើញច្បាស់ថា យើងមិនមានគំរូជាក់លាក់ណាមួយដែលត្រូវអនុវត្តតាមក្នុងស្ថានភាពនេះ ក្រៅពីការទទួលស្គាល់ថាយើងមិនអាចបញ្ចប់សង្គ្រាមតាមរយៈសង្គ្រាមបានទេ។ ជម្រើសដែលសមស្របបំផុតគឺត្រូវបញ្ចប់ការបង្ហូរឈាម ហើយត្រឡប់ទៅតុចរចាវិញក្នុងស្មារតីនៃលទ្ធផលឈ្នះ-ឈ្នះ ដោយហេតុថាប្រទេសរុស្ស៊ី អ៊ុយក្រែន និងប្រទេសផ្សេងទៀតនៅក្នុងតំបន់នឹងបន្តរស់នៅជាមួយគ្នានៅក្នុងតំបន់រាប់រយឆ្នាំទៅមុខទៀត»។
លោកបានអំពាវនាវឱ្យមានដំណោះស្រាយដែលគួរតែផ្តោតលើការគោរពគ្នាទៅវិញទៅមក។ កម្ពុជាគាំទ្ររាល់គំនិតផ្តួចផ្តើមដែលផ្តល់ដំណោះស្រាយនយោបាយដើម្បីបញ្ចប់សង្គ្រាមនេះដូចជា គំនិតផ្តួចផ្តើមទាំង ១២ ចំណុចរបស់ចិនដើម្បីដោះស្រាយវិបត្តិរុស្ស៊ី-អ៊ុយក្រែន។
នៅក្នុងប្រជុំកំពូលនេះ កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់គំនិតផ្ដួចផ្ដើមដែលមានគោលបំណងស្រដៀងគ្នានេះដើម្បីទទួលបានដំណោះស្រាយនយោបាយ ដោយលោក ទៀ បាញ់ លើកឡើងថា ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត ភាគីទាំង ២ នឹងរងនូវការខាតបង់យ៉ាងខ្លាំង។ ភាពតានតឹងរវាងប្រទេសមហាអំណាចធំៗ ដែលបានរារាំងដល់សុខដុមរមនា និងវិបុលភាពនៃប្រជាជាតិដទៃ ហើយថា ភាគីប្រកួតប្រជែងនឹងមិនទទួលបានផលចំណេញធំដុំនោះទេ ព្រោះវាជារឿងចៀសមិនរួចដែលថា ពួកគេនៅតែពឹងពាក់គ្នាទៅវិញទៅមកក្នុងរយៈពេលយូរ។
លោករដ្ឋមន្ត្រីបន្តថា ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាចង់ឃើញការផ្លាស់ប្តូរការអនុវត្តរបស់ប្រទេសជាគូប្រកួតប្រជែងដោយធ្វើការរួមគ្នាដើម្បីសម្រេចបាននូវផលប្រយោជន៍រួម ស្ថិរភាព និងវិបុលភាពសម្រាប់តំបន់ និងពិភពលោក។ យើងក៏ចង់ឃើញការបន្ធូរបន្ថយភាពតានតឹង និងវិលទៅរកភាពប្រក្រតីឡើងវិញនៅក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាការស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។
លោកបានជំរុញឱ្យមានការបង្កើត និងដំណើរការយន្តការ និងភាពជាដៃគូដែលធ្វើឡើងដោយប្រទេសមហាអំណាចមួយចំនួនក្នុងតំបន់ ដែលត្រូវបានវិនិច្ឆ័យពីទស្សនៈផ្សេងៗគ្នា ហើយថា វាជាសេណារីយោដ៏ល្អឥតខ្ចោះ ប្រសិនបើយន្តការ ឬភាពជាដៃគូទាំងនេះបម្រើគោលបំណងនៃការលើកទឹកចិត្តសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់នេះ។
លោក ទៀ បាញ់ ក៏បានលើកឡើងពីបញ្ហានៃមូលដ្ឋានទ័ពជើងទឹករាម ដែលកម្ពុជាបានជួបប្រទះ ដោយលោកបន្ថែមថា៖ «ពិតណាស់ យើងផ្តល់នូវតម្លាភាពនៃសកម្មភាពរបស់យើង ដើម្បីចៀសវាងការយល់ច្រឡំទៅលើបញ្ហានៃមូលដ្ឋានទ័ពជើងទឹករាម»។
លោកក៏បានលើកឡើងអំពីបញ្ហាមីយ៉ាន់ម៉ាផងដែរ ដោយលោកបញ្ជាក់ថា ជោគជ័យគឺមិនអាចធានាបាននោះទេ ប្រសិនបើមិនមានការប្តេជ្ញាចិត្តពិតប្រាកដពីមីយ៉ាន់ម៉ាផ្ទាល់។ ការស្វែងរកការជឿទុកចិត្តក្នុងចំណោមភាគីពាក់ព័ន្ធគឺជាគន្លឹះក្នុងការដោះស្រាយបញ្ហានេះ។ ខណៈពេលដែលនៅតែមានជម្លោះផ្ទៃក្នុង និងសង្គ្រាមស៊ីវិលកើតឡើង ជាពិសេសនៅទ្វីបអ្រាហ្វិក ដែលបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងខ្លាំងនោះ កងរក្សាសន្តិភាពពិតជាត្រូវការជាចាំបាច់ណាស់។ កម្ពុជាប្តេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងសមត្ថភាព និងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីជួយ និងកសាងសុខដុមរមនាសម្រាប់អ្នកដែលកំពុងរងទុក្ខ។
លោក ទៀ បាញ់ គូសបញ្ជាក់ថា៖ «កាលពីឆ្នាំមុន កម្ពុជាបានផ្តួចផ្តើមគំនិតបង្កើតឯកសារទស្សនទានមួយដើម្បីបង្កើនការចូលរួមរបស់ស្ត្រីក្នុងបណ្តាប្រទេសអាស៊ានក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅក្រៅប្រទេស»។
លោក Li Shangfu រដ្ឋមន្ត្រីការពារប្រទេសចិន បានថ្លែងក្នុងកិច្ចប្រជុំកំពូលនេះថា ប្រទេសចិន នឹងបន្តចូលរួមក្នុងសមយុទ្ធយោធារួមបន្តទៀតជាមួយប្រទេសនានា រួមមានសមយុទ្ធយោធានាគមាសចិន-កម្ពុជាផងដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាថ្លែងថា ទាំងប្រមុខរដ្ឋាភិបាល ប្រមុខការពារជាតិ ក៏ដូចជាប្រមុខការទូតរបស់កម្ពុជាតែងតែបានបញ្ជាក់ហើយបញ្ជាក់ទៀតថា បញ្ហាវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែន គឺមិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមទេ គឺមានតែតាមរយៈការចរចាដោយសន្តិវិធី ដោយឈរលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងវិធីសាស្ត្រដោះស្រាយបែបឈ្នះ-ឈ្នះ ទើបអាចបញ្ចប់សង្គ្រាមនេះបាន ហើយមានលក្ខណៈយូរអង្វែង។
លោកថ្លែងថា៖ «ប្រសិនជាភាគីពាក់ព័ន្ធផ្ទាល់ក្នុងជម្លោះ និងក្រៅជម្លោះនៅតែបន្តលើកទឹកចិត្តឱ្យមានការធ្វើសង្គ្រាមតាមរយៈការផ្ដល់នូវសព្វាវុធយុទ្ធភណ្ឌ ឬក៏ការលើកទឹកចិត្តបែបណាមួយដែលជាលក្ខណៈបញ្ឆេះសង្គ្រាមនោះ គឺសង្គ្រាមអត់ចប់ទេ។ អ៊ីចឹងទេ ទាំងរុស្ស៊ីខ្លួនឯងផ្ទាល់ ទាំងអ៊ុយក្រែនក៏ដូចជាអ្នកដែលនៅខាងក្រៅសង្គ្រាមហ្នឹងក៏គួរតែចាប់យកមធ្យោបាយចរចាដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់ អាហ្នឹងទើបអាចរកសន្តិភាពសម្រាប់អ៊ុយក្រែន និងរុស្ស៊ីបាន ហើយជាសន្តិភាពជាស្ថិរភាពមួយយូរអង្វែង»។ «ប្រសិនជាបន្តសង្គ្រាមទៀតគឺសោកនាដកម្មមិនត្រឹមអ៊ុយក្រែន និងរុស្ស៊ីខ្លួនឯងនោះទេ វាជះឥទ្ធិពលទូទាំងពិភពលោក៕