ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា តំបន់អាស៊ីកំពុងជាគោលដៅនៃបញ្ហាប្រឈមដ៏គ្រោះថ្នាក់ខណៈប្រទេសមួយចំនួនបានប្រកាសបញ្ជូននាវាចូលមកកាន់តែកៀកនៅក្នុងភូមិសាស្ត្រអាស៊ីអាគ្នេយ៍ ហើយតម្រង់ឆ្ពោះទៅរកសមុទ្រចិនខាងត្បូង។
លោកថ្លែងថា៖ «បញ្ហាភូមិសាស្ត្រនយោបាយបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុក គឺសង្គ្រាម ហើយមិនមែនជាបញ្ហាគ្រាន់តែសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែននោះទេ តែឥឡូវនេះតំបន់អាស៊ីកំពុងជាគោលដៅនៃបញ្ហាប្រឈមដ៏គ្រោះថ្នាក់។ ឥឡូវប្រទេសមួយចំនួនប្រកាសបញ្ជូននាវាចូលមកកាន់តែកៀកនៅក្នុងភូមិសាស្ត្រអាស៊ីអាគ្នេយ៍ ហើយតម្រង់ឆ្ពោះទៅរកសមុទ្រចិនខាងត្បូង»។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី ៥ ខែមិថុនា លោក ហ៊ុន សែន ថ្លែងថា បន្ថែមលើនោះ សម្ព័ន្ធភាពខ្នាតតូចទាក់ទិននឹងការប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី ក៏កំពុងក្លាយទៅជាកង្វល់របស់អាស៊ាន និងបណ្តាប្រទេសនៅក្នុងតំបន់ ព្រោះថា អាស៊ានមានចំណុចពិសេសរបស់ខ្លួន គឺជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ។
លោកបានបន្តថា៖ «ហើយយើងប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែរ បើសិនជាវាមិនមានហានិភ័យអ្វី ក៏វាជាចំណុចចាប់ផ្ដើមនៃការរត់ប្រណាំងសព្វាវុធដ៏មានគ្រោះថ្នាក់ ដែលខ្ញុំយល់ថាបើសិនជាបន្តស្ថានភាពនេះតទៅទៀត ពិភពលោកនឹងប្រឈមគ្រោះថ្នាក់កាន់តែធំ ក៏ប៉ុន្តែយើងនៅតែមានសុច្ឆន្ទៈថា ពិភពលោកនឹងរកការស្រុះស្រួលគ្នាមួយដើម្បីគ្រប់គ្រងទំនាក់ទំនង ជាពិសេសភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយចិនគឺត្រូវរកវិធីគ្រប់គ្រងទំនាក់ទំនងនេះ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្តថា ឥឡូវសង្គ្រាមត្រជាក់បានកើតរួចទៅហើយ ក៏ប៉ុន្តែត្រូវទប់ស្កាត់វាកុំឱ្យក្លាយទៅជាហានិភ័យគ្រោះថ្នាក់នៃសង្គ្រាមនេះ ដែលចាប់ផ្តើមដោយការប៉ះទង្គិចនៃអាវុធណាមួយ។ ណាតូ (NATO) ធ្លាប់តែនៅទិសខាងលិច ឥឡូវណាតូហាក់ដូចជាកំពុងតែឆ្ពោះមកកាន់អាស៊ីប៉ាស៊ីហ្វិក នៅក្រោមរូបភាពនេះ ក្រោមរូបភាពនោះ ដែលជាកង្វល់។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ៥ ខែមិថុនាថា តំបន់ភូមិសាស្ត្រនយោបាយអាស៊ីអាគ្នេយ៍នេះកំពុងតែជាចំណុចក្តៅគគុកនៃការប្រជែងឥទ្ធិពលរវាងមហាអំណាចធំៗនៅលើពិភពលោក។ ភាពក្តៅគគុកនេះចាប់ផ្ដើមឡើងនៅពេលដែលចិនចាប់ផដើមបង្កើនឥទ្ធិពលក្លាយជាមហាអំណាចដែលអាចប្រជែងនៅក្នុងពិភពលោកបាន ដែលសហរដ្ឋអាមេរិកតែងតែវាយតម្លៃថា ចិនជាមហាអំណាចសើរើនិយម។
លោកថ្លែងថា៖ «ការប្រជែងអំណាចភូមិសាស្ត្រនយោបាយនៅក្នុងតំបន់យើងនេះ ពិតណាស់ធ្វើឱ្យមានការឡើងកម្ដៅរវាងតំបន់យើង ដោយសារតែមហាអំណាចប្រកួតប្រជែងគ្នានេះហ្នឹងឯង។ អ៊ីចឹង ក្នុងឋានៈជាប្រទេសនៅក្នុងតំបន់យើងត្រូវតែយល់កិច្ចការនេះឱ្យបាន ហើយទប់លំនឹងការប្រជែងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់នេះយើងត្រូវតែទប់លំនឹងនៃនយោបាយការបរទេសយើងឱ្យបាន។ យើងមិនអាចធ្វើឱ្យយើងទោរទន់ទៅម្ខាងណាមួយដូចសម័យសង្គ្រាមត្រជាក់ដែលនាំកម្ពុជារងគ្រោះធំនោះទេ។ ដូច្នេះនយោបាយអន្តរជាតិរបស់យើងនាពេលនេះត្រូវតែរឹងមាំបត់បែនតាមតថភាពជាក់ស្ដែងនៃការប្រជែងភូមិសាស្ត្រនយោបាយហ្នឹង»។
លោក យង់ ពៅ បានបន្ថែមថា ការតានតឹងនេះកើតមានកាន់តែខ្លាំង និងប្រឈមខ្លាំងនៅពេលដែលសម្ព័ន្ធនៃកិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) ដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន កាន់តែបង្ហាញពីឥទ្ធិពលខ្លាំងរបស់ខ្លួននៅតំបន់នេះ ជាពិសេសនៅពេលដែលអូស្ត្រាលីលុបកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង មកទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិកវិញ ដែលបានបញ្ជាក់អំពីសម្ព័ន្ធ QUAD នេះនូវឥទ្ធិពលកាន់តែខ្លាំងក្នុងការប្រកួតប្រជែងក្នុងតំបន់ ហើយវាអាចនាំទៅដល់ការប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ផងដែរ។ ការណ៍នេះ នាំឱ្យមានកង្វល់ជាអន្តរជាតិ ចំពោះការផ្ទេរបច្ចេកវិទ្យានុយក្លេអ៊ែរ។
លោកបានបញ្ជាក់ថា៖ «នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនេះវាជាសញ្ញាណនៃការប្រើប្រាស់នុយក្លេអ៊ែរនៅក្នុងតំបន់។ អ៊ីចឹងនេះហើយជាការប្រឈមគ្រោះថ្នាក់កាន់តែខ្លាំងសម្រាប់តំបន់របស់យើងក៏ដូចជាពិភពលោកដែរ»។
ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានលើកឡើងពីវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ ដោយលោកបញ្ជាក់ថា ឥឡូវសភាពការណ៍នៅមីយ៉ាន់ម៉ា ខុសពីពេលមុនហើយ ដោយពីពេលមុនគឺនៅក្នុងកុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ានគ្រាន់តែនិយាយអំពីបញ្ហាទប់ស្កាត់ហិង្សាបង្កើតនូវការសន្ទនា ផ្តល់ជំនួយមនុស្សធម៌ និងរកដំណោះស្រាយតាមរយៈការចរចា។ ប៉ុន្តែឥឡូវមីយ៉ាន់ម៉ាបានរអិលបន្តិចម្ដងៗ ឆ្ពោះទៅរកសង្គ្រាមស៊ីវិលកាន់តែធំ។
លោកបានបញ្ជាក់ទៀតថា៖ «អ៊ីចឹងបានជានៅក្នុងពេលប្រជុំអាស៊ានកន្លងទៅ ខ្ញុំក៏បានលើកឡើងថា យើងគួរធ្វើបច្ចុប្បន្នភាពលើបញ្ហានេះ ដែលមុននេះយើងគ្រាន់តែនិយាយអំពីបញ្ហាទាក់ទិនជាមួយនឹងរឿងទប់ស្កាត់ហិង្សា បង្កើតការសន្ទនា ផ្តល់ជំនួយមនុស្សធម៌ និងរកដំណោះស្រាយដោយសន្តិវិធី។ ប៉ុន្តែឥឡូវនេះ គឺទីកន្លែងមួយចំនួនវាយប្រហារគ្នាកាន់តែច្រើនក្នុងពេលដែលរដ្ឋបាលកណ្ដាលកំពុងតែជាប់ដៃប្រយុទ្ធឈ្លោះគ្នាឯង។ រដ្ឋតូចកំពុងតែពង្រឹងខ្លួនអាចឈានទៅដល់ការប្រកាសឯករាជ្យ។ នេះជាចំណុចដែលខ្ញុំកំពុងតែសង្កេតមើលពីចម្ងាយទៅលើស្ថានការណ៍នៅមីយ៉ាន់ម៉ាហើយសង្គ្រាមនោះវានឹងអូសបន្លាយក្នុងរយៈពេលវែង»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា រឿងមីយ៉ាន់ម៉ាគឺជារឿងស្មុគស្មាញដូចកម្ពុជាកាលពីមុនដែរ ប៉ុន្តែភ័ព្វសំណាងរបស់កម្ពុជាគឺបានដកខ្លួនចេញពីសង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ប៉ុន្តែនយោបាយឈ្នះ-ឈ្នះនៅកម្ពុជាមិនប្រាកដថា អាចអនុវត្តបាននៅមីយ៉ាន់ម៉ាទេ៕