ភ្នំពេញ: យុវជនកម្ពុជា ម្នាក់ ដែលមានទេពកោសល្យ មកពីសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ខេត្តស្វាយរៀង បានបង្កើតបាឡុងហោះប្រកបដោយភាពច្នៃប្រឌិតមួយ ដែលមានឈ្មោះថា «Airship»។
ការបង្កើតបាឡុងដ៏គួរឱ្យចាប់អារម្មណ៍នេះ ដឹកនាំដោយលោក ហែម សុធីរិទ្ធិ វិស្វករអគ្គិសនី មានគោលបំណងពង្រឹងវិធានការសន្តិសុខសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ស៊ីហ្គេមលើកទី៣២ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយពិធីបើក និងបិទព្រឹត្តិការណ៍ទាំង ២ នេះប្រព្រឹតទៅក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រធានគម្រោងរូបនេះ បាននិយាយថា៖ «Airship ដែលយើងបានបង្កើតឡើងនេះ សម្រាប់ប្រើប្រាស់ក្នុងអំឡុងពិធីបើក និងបិទព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ បន្ទាប់ពីព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ បានបញ្ចប់»។
លោក សុធីរិទ្ធិ ដែលបាននិយាយអំពីបាឡុង ដែលអាចហោះបាននៅស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុអំណោយផលបានបន្ដថា៖ «បន្ទាប់ពីបញ្ចប់ការងារស៊ីហ្គេមលើកទី៣២ យើងខកខានការបង្ហោះក្នុងកម្មវិធីបើកអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយសារភ្លៀងខ្លាំង ហើយចំពោះកម្មវិធីបិទយើងនឹងតាមដានអាកាសធាតុបន្ដទៀត។ យើងក៏មានគម្រោងប្រើប្រាស់វាសម្រាប់ព្រឹត្តិការណ៍នាពេលអនាគតផ្សេងៗទៀតផងដែរ»។
Airship នេះមានសមត្ថភាពអាចហោះបានកម្ពស់ពី ៤០០ ទៅ ៥០០ ម៉ែត្រ និងអាចធ្វើការផ្លាស់ប្តូរទីតាំងតាមរយៈការបញ្ជាពីចម្ងាយ។ វាត្រូវបានបំពាក់កាមេរ៉ាមួយ ដែលមានសមត្ថភាពអាចបង្វិលបាន ៣៦០ ដឺក្រេ និងអាចពង្រីកបានរហូតដល់ ៥០០ ម៉ែត្រ ដែលរាល់រូបភាព និងវីដេអូទាំងអស់នឹងបញ្ជូនមកកាន់ឡាន Command Center នៅខាងក្រោម ដើម្បីមើលសភាពការណ៍ទូទៅ។
កាន់តែពិសេសទៅទៀតនោះ Airship ពណ៌សនេះ អាចហោះនៅលើអាកាសបានពី ៣ ទៅ ៤ ម៉ោងម្តង ទើបបញ្ជាចុះមកសាកថ្មម្តង ដែលវាត្រូវការចំហេះអ៊ីដ្រូសែន។
គម្រោង Airship ត្រួតពិនិត្យសុវត្ថិភាពអំឡុងព្រឹត្ដិការណ៍ដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមនៅកីឡដ្ឋានមរតកតេជោនេះ មានការចូលរួមពីអ្នកជំនាញ និងសិស្ស-និស្សិតស្ម័គ្រចិត្ដជាច្រើនរូប។
ក្រៅពីប្រធានគម្រោង លោក សុធីរិទ្ធិ លោក ស្រេង សុធានិត្យ ជាអនុប្រធានក្រុមបច្ចេកទេស អនុវត្តគម្រោង ជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនឯកជន លោក ហ៊ូ ប៉េងលាភ ជាវិស្វករអេឡិចត្រូនិក និងលោក អុល មករា ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជន។
ក្រុមរបស់លោកក៏មានលោក ឆេង សុវណ្ណារិទ្ធិ ជានិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP លោក ហេង បញ្ញារ៉ានីត ជានិស្សិតឆ្នាំទី១ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT លោក ឡាយ សុវិសាល ជាសិស្សថ្នាក់ទី១១ នៅសាលារៀនជំនាន់ថ្មីព្រះស៊ីសុវត្ថិ លោក លឹម ច័ន្ទបុត្រ ជាសិស្សថ្នាក់ទី១១ នៅសាលារៀនជំនាន់ថ្មីព្រះស៊ីសុវត្ថិ និងលោក ខេង សុភារាជ ជាសិស្សថ្នាក់ទី១០ នៅសាលារៀនជំនាន់ថ្មីព្រះស៊ីសុវត្ថិ។
លោក សុធីរិទ្ធិ បានថ្លែងអំពីមោទនភាពចំពោះក្រុមរបស់លោកថា៖ «ពួកយើងជាយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង ដែលមានគំនិតផ្តួចផ្តើមបង្កើតគម្រោងនេះឡើង»។
លោកបានពន្យល់ថា Airship បានបំពាក់នៅប្រភេទ IP Camera មួយ ម៉ូទ័រធំៗ ដើម្បីគ្រប់គ្រងទៅលើទិសដៅរបស់វាចំនួន ២ ឧបករណ៍បញ្ជាធុនតូច ១ សម្រាប់គ្រប់គ្រងទៅលើប្រព័ន្ធបញ្ជាថ្ម ចំនួន ២ គ្រាប់ ឧបករណ៍បញ្ជូនទិន្នន័យវីដេអូ ក៏ដូចជារូបភាពមកកាន់ឡាន Command Center និងគ្រឿងអេឡិចត្រូនិកមួយចំនួនផ្សេងទៀត។
អំឡុងពេលផលិតបាឡុងហោះ ដែលចំណាយពេលប្រមាណ ៤៥ ថ្ងៃក្នុងការផលិត ក្រុមការងាររបស់យុវជនស្ម័គ្រចិត្ដទាំងនេះ បានជួបឧបសគ្គមួយចំនួន ដែលត្រូវដោះស្រាយមុនពេលដំណើរការមុខងារសុវត្ថិភាពបាឡុង។ ឧបសគ្គដំបូង គឺពួកគេត្រូវធ្វើការប្រណាំងជាមួយពេលវេលាដែលមានតិចមែនទែន នៅក្នុងការធ្វើគម្រោងមួយនេះ ដោយសារតែពួកគេមិនមានបទពិសោធន៍។
លោក សុធីរិទ្ធិ បាននិយាយថា៖ «ម្យ៉ាងវិញទៀត គ្រឿងបង្គុំខ្លះ មិនអាចស្វែងរកបាននៅក្នុងស្រុក ទើបតម្រូវឱ្យពួកយើងស្វែងរកវានៅឯក្រៅស្រុក ដូច្នេះការស្វែងរកគ្រឿងពីក្រៅស្រុកបែបនេះ គឺពួកយើងកំពុងតែប្រណាំងជាមួយពេលវេលាខ្លាំងណាស់»។
ឧបសគ្គដែលធំបន្ទាប់ គឺទៅលើការកែច្នៃបរិក្ខារនានាសម្រាប់ Airship ដោយសារតែការបំពាក់គ្រឿងនេះមានការលំបាក ដោយពួកគេត្រូវចំណាយយូរថ្ងៃ ទើបអាចស្វែងរកវិធីបំពាក់គ្រឿងនៅលើវាបាន។
លោកបន្ដថា ឧបសគ្គបន្ទាប់មកទៀត គឺទៅលើអ៊ីដ្រូហ្ស៊ែន ដោយសារតែ បាឡុងហោះនេះត្រូវការបញ្ចូលអ៊ីដ្រូហ្ស៊ែន មុននឹងបង្ហោះ។ ដូច្នេះការបង្កើតអ៊ីដ្រូហ្ស៊ែន ក៏ជាឧបសគ្គដូចគ្នាដែរ ដោយសារតែត្រូវធ្វើពិសោធន៍សាកល្បងជាច្រើនលើកច្រើនសា មុននឹងសម្រេចយកធាតុផ្សំណាមួយ ក៏ដូចជាកម្រិតបរិមាណណាមួយយកមកលាយផ្សំគ្នា។
មួយវិញទៀត វាមានការលំបាកទៅលើប្រព័ន្ធទប់លំនឹងរបស់កាមេរ៉ា ដោយសារតែយើងបានបំពាក់ IP Camera មានទំហំធំ ហើយជាទូទៅសម្រាប់កាមេរ៉ាប្រភេទនេះ មិនមានប្រព័ន្ធទប់លំនឹងទេ។
លោក សុធីរិទ្ធិ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «នៅពេលដែល Airship របស់យើងងាករេទៅតាមកម្លាំងខ្យល់សម្រាប់វីដេអូក៏ដូចជារូបភាពដែលយើងទទួលបានមិនសូវជាល្អប្រសើរដូចអ្វីដែលយើងចង់បាននោះទេ។ ប៉ុន្តែពួកយើងក៏មានគម្រោងសិក្សាបង្កើតប្រព័ន្ធទប់លំនឹងនេះផងដែរនៅជំហានបន្ទាប់»។
ក្នុងនាមក្រុមការងារ លោក សុធីរិទ្ធ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ជាពិសេសប្រធាន UYFC ខេត្តស្វាយរៀងដែលបានជួយគាំទ្រ។
លោកបានទទួលស្គាល់ថា គម្រោងនេះដើរតួជាវេទិកាដ៏គួរឱ្យកត់សម្គាល់មួយដើម្បីបង្ហាញពីទេពកោសល្យ និងសមត្ថភាពរបស់យុវជនកម្ពុជាក្នុងវិស័យផ្សេងៗ។
លោក សុធីរិទ្ធ ជាផ្នែកមួយនៃយុវជនស្ម័គ្រចិត្តក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានថ្លែងថា៖ «យើងមានមោទនភាពក្នុងការបង្ហាញស្នាដៃរបស់យើងជាសក្ខីភាពនៃការខិតខំប្រឹងប្រែង និងការលះបង់របស់ប្រជាជនខ្មែរ»៕