ភ្នំពេញៈ បារាំងបានផ្ដល់វគ្គសិក្សា និងហ្វឹកហ្វឺនដល់កងរាជអាវុធហត្ថនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីពង្រឹងសមត្ថភាពកងទ័ពមួកខៀវកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពក្នុងការឆ្លើយតបនឹងកម្លាំងប្តូរវេនកម្ពុជា ក្រោមជំនួយរបស់ក្រុមការងារនៃបេសកកម្មសហប្រតិបត្តិការ និងការពារបារាំង (MCD)។
ការផ្តល់ជូនវគ្គសិក្សារបស់ភាគីបារាំងនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរបស់លោក Christophe ROUSSEL មន្ត្រីបណ្តុះបណ្តាលផ្នែកនគរបាលយុត្តិធម៌របស់បារាំងជាមួយលោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៣។
មជ្ឈមណ្ឌលរក្សាសន្តិភាព បានឱ្យដឹងថា ការផ្តល់វគ្គសិក្សានេះគឺដើម្បីឆ្លើយតបលើការគាំទ្រចំពោះកម្លាំងប្តូរវេនរបស់កម្ពុជាក្រោមឆត្រអង្គការសហប្រជាជាតិ ដែលនឹងផ្តល់ចំណេះដឹងបន្ថែមដល់កងទ័ពមួកខៀវកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣០ ខែមិថុនា នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពឧដុង្គ ក្រោមការបណ្តុះបណ្តាលពីក្រុមការងារនៃបេសកកម្មសហប្រតិបត្តិការនិងការពារបារាំង (MCD)។
លោកសែម សុវណ្ណនី បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ភាគីបារាំងក្នុងការជួយជ្រោមជ្រែង និងផ្តល់កិច្ចសហប្រតិបត្តិការដល់កម្ពុជា ពិសេសសម្រាប់ជំនួយវគ្គបណ្តុះបណ្តាលនេះ ហើយលោកក៏បានស្នើសុំបារាំងផ្តល់វគ្គសិក្សាខ្លីតែខ្លឹមដល់កម្ពុជាបន្តទៀត ដើម្បីពង្រឹងការបំពេញបេសកកម្មរក្សាសន្តិភាពប្រកបដោយប្រសិទ្ធភាព។
ជុំវិញបញ្ហានេះដែរ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថាជំនួយវគ្គបណ្តុះបណ្តាលនេះជារឿងល្អប្រសើរក្នុងការពង្រឹងសមត្ថភាពកងទ័ពមួកខៀវកម្ពុជាសម្រាប់បម្រើដល់បេសកកម្មថែរក្សាសន្តិភាព ព្រោះជាបេសកកម្មដែលប្រឈមនឹងគ្រោះថ្នាក់ក្នុងតំបន់កំពុងមានបញ្ហាដែលទាមទារបច្ចេកទេសនិងសមត្ថភាពខ្ពស់តាមរយៈការបណ្តុះបណ្តាលច្បាស់លាស់។
លោកបានបញ្ជាក់ថា៖ «ការចូលរួមថែរក្សាសន្តិភាពរបស់កម្ពុជាទៅកាន់បណ្តាប្រទេសដែលជួបវិបត្តិរ៉ាំរ៉ៃ ជាសកម្មភាពអន្តរជាតិដែលកម្ពុជាចូលរួមថែរក្សាសន្តិភាពសកល ខណៈកម្ពុជាធ្លាប់មានបទពិសោធន៍ខ្លួនឯង ដែលស្តែងឡើងក្នុងសម័យអ៊ុនតាក់ (UNTAC) ទទួលបានជំនួយទ័ពពីប្រទេសនានាក្នុងគ្រាកន្លងទៅ»។
លោកបានបន្ថែមថា ការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកការពារសន្តិភាព និងចូលរួមបេសកកម្មរក្សាសន្តិភាពសកល មានភាពចាំបាច់ណាស់ ដែលកម្ពុជាត្រូវការពង្រឹងសមត្ថភាពបន្ថែមទាំងផ្នែកច្បាប់អន្តរជាតិ ច្បាប់សង្គ្រាម សមត្ថភាពប្រយុទ្ធនិងការពារខ្លួន ក៏ដូចជាការសង្គ្រោះបឋមជាដើម។
ចំណែកលោក សេង វណ្ណលី សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិនិងជាអ្នកតាមដានបញ្ហានយោបាយតំបន់ បានលើកឡើងដែរថា បារាំងជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសផ្សេងទៀតដែលតែងផ្តល់ជំនួយផ្នែកសម្ភារ បច្ចេកទេសនិងចំណេះដឹងដល់មន្ត្រីមួកខៀវកម្ពុជាក្នុងការបំពេញចំណេះដឹងបន្ថែមលើការងាររក្សាសន្តិភាពរបស់អង្គការសហប្រជាតិ។
លោកបានបន្ថែមថា មួយរយៈចុងក្រោយនេះ បារាំងមានភាពសកម្មខ្លាំងក្នុងការផ្តល់ជំនួយក្នុងបេសកកម្មរក្សាសន្តិភាព ក្រៅពីជប៉ុន ដាណឺម៉ាក ហ្វាងឡង់ ន័រវែស និងបែលហ្ស៊ិក ជាដើម។
សូមជម្រាបថា បញ្ហាបេសកកម្មរក្សាសន្តិភាពនិងមនុស្សធម៌អន្តរជាតិនេះដែរ លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងកាលពីថ្ងៃទី៤ ខែមិថុនា ថា កម្ពុជាបានប្តេជ្ញាចិត្ត ព្រមទាំងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការចូលរួមប្រតិបត្តិការសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដើម្បីជួយស្រោចស្រង់ជីវិតមនុស្ស និងកសាងភាពសុខដុមសម្រាប់ប្រជាជាតិដែលកំពុងជួបទុក្ខលំបាក តួយ៉ាងជម្លោះផ្ទៃក្នុង សង្គ្រាមស៊ីវិលបន្តកើតមាន ជាពិសេសនៅក្នុងទ្វីបអាហ្វ្រិក។
លោក ទៀ បាញ់ លើកឡើងដូចនេះក្នុងជំនួបសន្ទនាសាំងហ្គ្រីឡានៅប្រទេសសិង្ហបុរី ស្តីពីសន្តិសុខអាស៊ី ដោយលោកបានបន្ថែមថា នៅឆ្នាំ២០២២ដែលកម្ពុជាជាប្រធានអាស៊ានកម្ពុជាបានផ្តួចផ្តើមតាមរយៈឯកសារទស្សនទានដើម្បីជំរុញឱ្យមានការចូលរួមជាច្រើនថែមទៀតរបស់បណ្តាសមាជិកអាស៊ានក្នុងបេសកកម្មរក្សាសន្តិភាព៕