រតនគិរីៈ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានកត់ត្រាចំនួនសត្វក្រៀល ១៦ ក្បាលបន្ថែមទៀត ក្នុងរដូវមិនបន្តពូជនៅដែនជម្រកសត្វព្រៃលំផាត់ សម្រាប់ឆ្នាំ ២០២២-២០២៣។ អង្គការនេះបានកត់សម្គាល់ថា តាមលទ្ធផលនៃការធ្វើជំរឿនឆ្នាំថ្មីនេះ ជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។
តាមការផ្សាយលើហ្វេសប៊ុកអង្គការជីវិតធម្មជាតិនៅកម្ពុជាថ្ងៃទី៦ ខែមិថុនានេះ បញ្ជាក់ថា៖«ការជំរឿននេះត្រូវបានធ្វើឡើងចាប់ពីខែធ្នូ រហូតដល់ខែឧសភាជារៀងរាល់ឆ្នាំ និងនៅទូទាំងប្រទេស។ ជាលទ្ធផលសម្រាប់ការជំរឿនឆ្នាំ២០២២-២០២៣ យើងកត់ត្រាបានក្រៀលបានចំនួន ១៦ក្បាលដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ» ។
ប្រភពដដែលបន្តថា ក្រៀលជាបក្សីដែលមានកម្ពស់ខ្ពស់បំផុត និងអាចហើរបាន។ បក្សីដ៏ស្រស់ស្អាតនេះធ្លាប់មានចំនួនច្រើន និងមានរបាយស្ទើរពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចំនួនរបស់វាបានធ្លាក់ចុះយ៉ាងលឿនដោយសារកត្តាបាត់បង់ទីជម្រក ការបរបាញ់ និងប្រមូលពងកូនជាដើម។ នៅពេលបច្ចុប្បន្ននេះ ក្រៀលត្រូវបានចាត់ចូលជាប្រភេទងាយរងគ្រោះក្នុងបញ្ជីរក្រហម IUCN។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងនៅថ្ងៃទី៦ ខែមិថុនាថា ចំនួនសត្វក្រៀល ១៦ ក្បាលនេះកត់ត្រាតែនៅក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ប៉ុណ្ណោះ ចំណែកទីតាំងផ្សេងៗទៀតជាពិសេសកន្លែងជម្រក កន្លែងរកចំណីផ្សេងៗទៀត ដូចជានៅតំបន់ការពារទេសភាពអន្លង់ព្រីងក្នុងខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងខេត្តតាកែវ មិនទាន់បានកំណត់នូវចំនួនសត្វក្រៀលនៅឡើយ ព្រោះត្រូវធ្វើការសិក្សា និងប្រមូលទិន្នន័យបន្តទៀត។
លោកថ្លែងថា៖«ក្នុងជំរឿនកាលពីឆ្នាំ ២០២១-២០២២ កន្លងទៅមានចំនួនសត្វក្រៀលចំនួន ១៥៦ ក្បាល ដោយឡែកឆ្នាំ ២០២២-២០២៣ យើងកំពុងប្រមូលទិន្នន័យ។យើងសង្ឃឹមថា នឹងបាននូវរបាយការណ៍ក្នុងពេលសមស្របខាងមុខ»។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តថា តាមរយៈលទ្ធផលនៃការធ្វើជំរឿននៅដែនជម្រកសត្វព្រៃលំផាត់ ដែលជាកន្លែងជម្រកពងកូនរបស់សត្វក្រៀលមានការកើនឡើង ហេតុនេះក៏អាចជាសូចនាករ១ដែលគួររំពឹងជឿជាក់ថា សត្វក្រៀលនៅតំបន់ផ្សេងៗទៀតដូចជានៅបឹងព្រែកល្ពៅ និង តំបន់ការពារទេសភាពអន្លង់ព្រីង នឹងអាចមានការកើនឡើងដូចគ្នា។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា ចំនួនសត្វក្រៀលនៅក្នុងដែនជម្រកសត្វព្រៃលំផាត់មានការកើនឡើងនេះ ទី១ ដោយសារមានការពារបាននូវសម្បុកពងកូនរបស់សត្វក្រៀល ទី២ គឺមានការបោះបង្គោលព្រំកំណត់ទីតាំងបានច្បាស់លាស់ដែលជាវិធានការបន្ថែម ១ ទៀត ឱ្យសាធារណជន ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានដឹងថា ទីតាំងកន្លែងនោះជាទីតាំងពងកូនរបស់សត្វក្រៀល និងទី ៣ ដោយសារការអប់រំផ្សព្វផ្សាយ។
លោកបញ្ជាក់ថា៖«ចំពោះការផ្សព្វផ្សាយគឺយើងបានចុះទៅដល់ទីតាំងហ្នឹងផ្ទាល់តែម្តង គឺបានផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងតំបន់ហ្នឹង ហើយគាត់អាចចូលរួមការពារអភិរក្សបន្ថែមទៀតជាមួយនឹង ក្រសួងបរិស្ថាន និងអង្គការដៃគូដែលធ្វើការងារហ្នឹង»។
លោកបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានបាននិងកំពុងធ្វើការជាមួយអង្គការដៃគូ ដើម្បីអភិរក្សសត្វក្រៀល និងទីជម្រករបស់ពួកវាដោយមានមន្ត្រីឧទ្យានុរក្សចុះល្បាតជាប្រចាំកន្លែងដែលសត្វក្រៀលរស់នៅ សិក្សាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងតំបន់ដីសើមដែលបានកំណត់៕