ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងថា បើសិនគណបក្សនយោបាយណាធ្វើសកម្មភាពក្នុងន័យរារាំងប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតជាតិខែកក្កដាខាងមុខ នឹងអាចប្រឈមការហាមសិទ្ធិធ្វើនយោបាយ រហូតជិត ៥ ឆ្នាំ ឬអាចឈានដល់ការរំលាយគណបក្សដោយតុលាការកំពូល។
លោក ជិន ម៉ាលីន បានបញ្ជាក់នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ ថា ក្នុងទិដ្ឋភាពផ្លូវច្បាប់ប្រជាពលរដ្ឋមានសិទ្ធិផ្នែកនយោបាយក្នុងការឈរឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោត ដែលច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្របានបញ្ញត្តិថា រាល់សកម្មភាពទាំងឡាយណាដែលរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត នឹងត្រូវប្រឈមនឹងនីតិវិធីផ្លូវច្បាប់ជាធរមាន ព្រោះសកម្មភាពនោះជាបទល្មើស និងជាការបំពានសិទ្ធិនយោបាយពាក់ព័ន្ធការបោះឆ្នោត។
លោកសង្កត់ធ្ងន់ថា៖ «បុគ្គលទាំងឡាយណាដែលធ្វើសកម្មភាពតាមគ្រប់រូបភាព មានទាំងសំឡេង សារ រូបភាព ជាដើម ដែលមានចេតនារារាំងពលរដ្ឋមិនឱ្យអនុវត្តសិទ្ធិរបស់ខ្លួន រារាំងមិនឱ្យទៅបោះឆ្នោត បុគ្គលនោះនឹងត្រូវប្រឈមមុខចំពោះច្បាប់ធរមាន»។
លោក ជិន ម៉ាលីន បានបន្តថា៖ «ប៉ុន្តែបើអ្នកប្រព្រឹត្តជានីតិបុគ្គល ជាគណបក្សនយោបាយវិញ គណបក្សនោះនឹងត្រូវទទួលខុសត្រូវ ពិសេសច្បាប់ស្តីអំពីគណបក្សនយោបាយ ដែលអាចទទួលទោសព្រហ្មទណ្ឌតាមកម្រិត ក្នុងនោះអាចមានការហាមប្រាមធ្វើសកម្មភាពនយោបាយក្នុងរយៈពេលណាមួយកំណត់មិនលើសពី៥ឆ្នាំ ឬបើធ្ងន់ធ្ងរអាចឈានដល់ការរំលាយគណបក្សនយោបាយដោយតុលាការកំពូលដូចធ្លាប់មាននាពេលកន្លងមក»។
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌ដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងពីអ្នកគាំទ្ររបស់គណបក្សភ្លើងទៀនមួយចំនួន បានបំផុសចលនាមិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាពិសេសនៅតាមបណ្តាញសង្គម ព្រោះអវត្តមានរបស់គណបក្សដែលខ្លួនគាំទ្រ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី៦ ខែមិថុនា ក៏បានចេញសេចក្តីប្រកាសដោយអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលផ្ទុយពីខ្លឹមសារនៃច្បាប់កំពុងដំណើរការយ៉ាងរលូនពីការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
គ.ជ.ប បានលើកឡើងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនបានធ្វើយុទ្ធនាការតាមរយៈខិត្ដប័ណ្ណ រូបភាព ឬស្ប៉តឃោសនានានា តាមបណ្ដាញព័ត៌មានសង្គមដោយអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលមិនឱ្យទៅបោះឆ្នោត...ព្រោះគ្មានគណបក្សភ្លើងទៀន។
គ.ជ.បបានបញ្ជាក់ថា៖«យុទ្ធនាការខាងលើនេះគឺជាការរំលោភបំពានលើមាត្រា១៤២នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី៥លាន រៀល ទៅ២០លាន រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ»។
ទន្ទឹមនឹងនេះគ.ជ.ប ក៏បានអំពាវនាវដល់បុគ្គលទាំងឡាយដែលមានចេតនាទុច្ចរិត ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលផ្ទុយពីខ្លឹមសារនៃច្បាប់។
ជុំវិញបញ្ហានេះ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានប្រាប់ថា គណបក្សរបស់លោកមិនមានគោលការណ៍ហាមប្រាមសមាជិកឬបំផុសចលនារារាំងប្រជាជនមិនឱ្យចូលរួមការបោះឆ្នោតជាតិខាងមុខនេះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ការបំផុសចលនារារាំង ឬមិនឱ្យប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតជារឿងខុសឆ្គង ដែលអាចបង្កឱ្យមានចលាចលក្នុងសង្គម ហើយពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ផង។
លោកថា៖ «ខ្ញុំវាយតម្លៃថា មិនមានអ្វីខុសពីប្រក្រតីភាពទេ ព្រោះមុនការបោះឆ្នោត មុនការប្រកួតគ្នា វាតែងតែមានសភាពការណ៍នយោបាយប្លែកៗជាប្រចាំ សំខាន់គណបក្សកាន់អំណាច ឬរដ្ឋាភិបាលអាចធន់នឹងសភាពការណ៍ទាំងអស់ហ្នឹង ហើយអាចដោះស្រាយ និងឆ្ពោះទៅរកដំណើរការបោះឆ្នោតតាមធម្មតា»។
លោកថា តាមការកត់សម្គាល់ ទោះបីមានព្រឹត្តិការណ៍ក្តៅគគុកនៅមុនការបោះឆ្នោតនានាកន្លងទៅក្តី ក៏រដ្ឋាភិបាលអាចគ្រប់គ្រងសភាពការណ៍បាន ហើយឈានទៅរកការបោះឆ្នោតតាមប្រតិទិនជាធម្មតា ដែលបង្ហាញពីសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជា។ លោកស្នើឱ្យអ្នកនយោបាយ និងគណបក្សនយោបាយ ចួលរួមថែរក្សាស្ថិរភាព និងសន្តិភាព ដើម្បីបើកផ្លូវឱ្យដំណើរការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយរលូន៕