ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញគោលជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) ដើម្បីចូលរួមចំណែកលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
ការលើកឡើងនេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចពិភាក្សាការងាររវាងលោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយលោក Sanui Kazumasa ប្រធានតំណាងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
តាមរយៈក្រសួងប្រៃសណីយ៍ លោក Sanui Kazumasa បានថ្លែងថា ជំនួបនេះ គឺធ្វើឡើងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយក្រសួងប្រៃសណីយ៍។
ជាមួយគ្នានេះ លោកប្រធាន JICA ក៏បានកោតសរសើរទៅលើសមិទ្ធផលរបស់ក្រសួង ខណៈលោកក៏បានបង្ហាញគោលជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ដើម្បីចូលរួមចំណែកលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងបន្តធ្វើការយ៉ាងស្អិតល្មួតជាមួយមន្ត្រីបច្ចេកទេសរបស់ក្រសួងថែមទៀត។
លោក Sanui Kazumasa បានថ្លែងថា៖«ក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលហើយនោះ JICA ក៏ផ្តោតការសហការលើវិស័យសន្តិសុខសាយប័រផងដែរ ខណៈទីភ្នាក់ងារ JICA បានត្រៀមអ្នកជំនាញការរួចជាស្រេច ដើម្បីបណ្តុះបណ្តាលដល់មន្ត្រីជំនាញរបស់ក្រសួងប្រៃសណីយ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត»។
ជាការឆ្លើយតប លោក ជា វ៉ាន់ដេត បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រឹងមាំ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ជាពិសេសការគាំទ្ររបស់រដ្ឋាភិបាលជប៉ុន សម្រាប់ក្រសួង តាមរយៈទីភ្នាក់ងារ JICA។
លោករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីសមិទ្ធផលថ្មីៗ ដែលក្រសួងសម្រេចបានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ជាពិសេសលទ្ធផលនៃការងារកំណែទម្រង់ការរៀបចំស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍវិស័យក្រោមសមត្ថកិច្ចក្រសួង ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
ឆ្លៀតឱកាសនោះ លោក ជា វ៉ាន់ដេត ក៏បានថ្លែងអំណរគុណចំពោះឆន្ទៈរបស់ទីភ្នាក់ងារ JICA ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធលើការលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា ពិសេសផ្នែកសន្តិសុខសាយប័រ។ លោកក៏ស្នើ ដល់ទីភ្នាក់ងារ JICA ពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រលើផ្នែកផ្សេងៗទៀតផងដែរ។
ជុំវិញរឿងនេះដែរ លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ឱ្យដឹងថា ការពង្រីកកិច្ចសហការ និងការលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលពីស្ថាប័នពាក់ព័ន្ធ ពិសេសការជួយគាំទ្រពីស្ថាប័នអន្តរជាតិ ពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ណាស់។
លោកបានសង្កត់ធ្ងន់ទៀតថា៖«យើងដឹងថា ប្រទេសជប៉ុន គឺជាប្រទេសដែលរីកចម្រើនលូតលាស់លើវិស័យឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលខ្លាំងជាយូរមកហើយ អ៊ីចឹងហើយកិច្ចសហប្រត្តិបត្តិការនេះ ប្រសិនបើជប៉ុនជួយនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដើម្បីទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ពិសេសវិស័យសន្តិសុខសាយប័រ ខ្ញុំជឿថា នោះកម្ពុជានឹងល្អ ព្រោះថា ទិន្នន័យរបស់យើងអាចប្រឈមនឹងការហ៊ែកពីក្រុមណាមួយមិនខាន ដោយយើងមិនអាចដឹងមុន»។
យ៉ាងណាមិញ អ្នកស្រាវជ្រាវសេដ្ឋកិច្ច លោក គី សេរីវឌ្ឍន៍ ក៏បានអះអាងដែរថា តាមរយៈកិច្ចសហការរវាងជប៉ុន-កម្ពុជា មិនត្រឹមតែអាចជួយលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយឱ្យកម្ពុជាមានប្រព័ន្ធទិន្នន័យមួយជាក់លាក់ ច្បាស់លាស់ និងមានលក្ខណៈងាយស្រួលសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រទេសនាពេលអនាគតផងដែរ៕