ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការ និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពការកាប់ទន្ទ្រានព្រៃ និងការរំលោភយកដីរដ្ឋដែលសកម្មភាពទាំងនេះតែងតែកើតមានឡើងនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
លោកថ្លែងដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី នាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសូមផ្តាំទៅតាមបណ្តាខេត្ត ឱ្យតែរដូវបោះឆ្នោតមកដល់គឺការទន្ទ្រានដីរដ្ឋ ការចាប់យកដីគេឯងគឺតែងកើតមានឡើងហើយ។ ឥឡូវនេះ កាប់ច្រើននៅខេត្តពោធិ៍សាត់ តាមដែលខ្ញុំដឹង ហើយមានខេត្តមួយចំនួនបានជូនព័ត៌មានមកថា មានក្រុមកាប់ដីតែម្តង ហើយកាលណាយើងទៅធ្វើសកម្មភាព គឺគេនឹងថតយកទៅបំផ្លាញយើងនៅពេលឃោសនាបោះឆ្នោត»។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំបញ្ជាឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ អ្នកណាក៏ដោយ ទោះបីជាក្រក៏ដោយមានក៏ដោយ នេះជាដីរបស់រដ្ឋ ព្រៃឈើរបស់ជាតិ មិនអាចទៅធ្វើអីផ្តេសផ្តាសទេ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចចាំបាច់ដើម្បីការពារសណ្តាប់ធ្នាប់ ការពារធនធានធម្មជាតិ និងព្រៃឈើរបស់យើង»។
លោកថ្លែងផងដែរថា នៅពេលដែលមានករណីបង្ក្រាបទៅលើការទន្ទ្រានព្រៃឈើ និងការរំលោភយកដីរដ្ឋនេះ គឺតែងតែមានការចោទមកលើគណបក្សប្រជាជនថា គណបក្សគ្រប់គ្រងអយុតិ្តធម៌។
លោកបានបញ្ជាក់ថា៖ «ក្រុមហ្នឹង យើងដឹងថាអ្នកណានៅពីក្រោយ ប៉ុន្តែពេលខ្លះអ្នកមានអំណាចរបស់យើងមួយចំនួន ក៏ទៅធ្វើរឿងហ្នឹងដែរ អ្នកមានលុយរបស់យើងមួយចំនួនក៏ទៅជួលមនុស្សឱ្យទៅកាប់ដែរ រួចហើយយកលុយទៅ ថ្ងៃក្រោយយកឈ្មោះប្រជាជនទៅពាំង ដល់ពេលរដ្ឋធ្វើសម្បទានឱ្យដីនោះ មានបានទៅប្រជាជនឯណា វាបានទៅអ្នកមានលុយ»។
លោក ហ៊ុន សែន ថ្លែងថា៖ «(អ៊ី)ចឹងទេ កុំឱ្យកើតមាន ហើយមន្ត្រីនានា បើសិនជាមានការពាក់ព័ន្ធនឹងរឿងនេះ សុំកុំបន្ទោស ហ៊ុន សែន យើងមិនអាចទុកឱ្យនៅក្នុងក្របខ័ណ្ឌរដ្ឋ ឬក្របខ័ណ្ឌនគរបាល យោធា ឬក្របខ័ណ្ឌណាមួយដែលស៊ីប្រាក់ខែរដ្ឋបានទេ រាប់ទាំងមន្ត្រីតុលាការដែលជាមន្ត្រីខូចផងដែរ»។
កាលពីយប់ថ្ងៃទី ៥ ខែមិថុនា លោកហ៊ុន សែន ក៏បានចេញសារសំឡេងពិសេសមួយផងដែរ ដោយលោកបានដាក់បទបញ្ជាដល់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវអនុវត្តធ្វើកិច្ចការងារនេះឱ្យបានម៉ឺងម៉ាត់ចំពោះករណីការទន្ទ្រានដីរដ្ឋនេះ ប៉ុន្តែមិនត្រូវប្រើប្រាស់អាវុធដែលនាំឱ្យមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ។
លោកថ្លែងថា៖ «មិនត្រូវថ្នាក់ថ្នមក្រុមជនខិលខូចដើម្បីការពារសន្លឹកឆ្នោតទេ តែត្រូវការពារធនធានធម្មជាតិ ការពារសណ្ដាប់ធ្នាប់សង្គមជាចាំបាច់។ រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រូវការសន្លឹកឆ្នោតពីក្រុមមនុស្សខិលខូចដែលបំផ្លាញធនធានធម្មជាតិ បំផ្លាញសម្បត្តិជាតិ រំលោភយកដីរដ្ឋ ឬដីអ្នកដទៃឡើយ»។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៦ ខែមិថុនាថា៖ «អ្នកដែលគិតថាអាចឆ្លៀតឱកាសពេលរវល់បោះឆ្នោតដើម្បីលួចប្រព្រឹត្តបទល្មើព្រៃឈើ ឬទន្ទ្រានដីព្រៃ រួមទាំងអ្នកនៅពីក្រោយផងដែរ នឹងប្រឈមមុខនឹងការទទួលទោសតាមច្បាប់»។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏បានប្រាប់យ៉ាងខ្លី នៅថ្ងៃទី ៦ ខែមិថុនាដែរថា លោកមិនមានអ្វីដែលត្រូវអត្ថាធិប្បាយបន្ថែមទេ គឺមានតែអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី។
អភិបាលរង និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តពោធិ៍សាត់លោក ហៀម ឃួន បានឱ្យដឹងនៅថ្ងៃទី ៦ ខែមិថុនាថា នៅថ្ងៃទី ៥ ខែមិថុនា រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការក្នុងការចុះទៅទប់ស្កាត់ការកាប់ព្រៃទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិនៅក្នុងទីតាំងមួយចំនួនពីសំណាក់ជនខិលខូច តែរដ្ឋបាលខេត្តមិនទាន់បានកំណត់អត្តសញ្ញាណជនល្មើសឱ្យច្បាស់នៅឡើយទេ។
លោក ហៀម ឃួន បានបញ្ជាក់ថា៖ «យើងមិនទាន់អាចកំណត់បានទេ ព្រោះយើងមិនទាន់បានចុះទៅដល់ទីតាំងតែយើងនឹងចុះទៅឆាប់ៗនេះហើយ ព្រោះតាមប្រសាសន៍ឯកឧត្តមអភិបាលខេត្ត គឺយើងនឹងចាត់វិធានការឆាប់ៗនេះ មិនទុកយូរទេ។ ម្យ៉ាងទៀត កន្លងមកយើងក៏បានធ្វើការអប់រំណែនាំជាច្រើនដងមកហើយដែរ»។
លោក ហៀម ឃួន ថ្លែងថា ជនល្មើស ឬជនខិលខូច ដែលកាប់ព្រៃឈើទន្ទ្រានរានយកដីធ្វើជាកម្មសិទ្ធិនៅក្នុងខេត្តពោធិ៍សាត់ភាគច្រើន មិនមែនជាប្រជាពលរដ្ឋនៅក្នុងខេត្តនោះទេ តែជាជនចំណូលស្រុកមកពីតាមបណ្តាខេត្តផ្សេងៗ ដោយមានមេខ្យល់របស់ពួកគេ។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោកហេង គឹមហុង បានថ្លែងដោយស្វាគមន៍ ចំពោះការដាក់បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី លើចំណាត់ការក្នុងការទប់ស្កាត់ការកាប់ព្រៃឈើ ដើម្បីទន្ទ្រានរានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលជាទ្រព្យសម្បត្តិជាតិ ពីសំណាក់ជនខិលខូច ដែលឆ្លៀតឱកាសមុនពេលបោះឆ្នោតនេះ។
លោកថ្លែងថា៖ «ក្នុងនាមខ្ញុំជា អង្គការសង្គមស៊ីវិល ខ្ញុំស្នើសុំថា គួរតែអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមគោលនយោបាយរបស់កម្ពុជាដែលមានជាធរមាន និងវិធានការផ្សេងៗដែលត្រូវបានអនុម័តតាំងពីឆ្នាំ ២០០២ រហូតមក ហើយបើមន្ត្រីថ្នាក់ក្រោមជាតិមិនយកចិត្តទុកដាក់លើរឿងនេះទេ នោះ នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ការគ្រប់គ្រងនីតិរដ្ឋនៅកម្ពុជា»៕