​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​​ធម៌​លោក កើត រិ​ទ្ធ បាន​លើក​ឡើង​ថា តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ២៥ ខែមីនា ឆ្នាំ​ ២០២៣ «​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលា​ការ​» ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា «​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា​» ដែលជា​ផ្នែក​មួយ​នៃ​ការកែទម្រង់​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​ច្បាប់ និង​តុលាការ​របស់​កម្ពុជា​។

​លោក​ថ្លែង​ដូចនេះ កាលពី​ថ្ងៃទី ​៦ ខែមិថុនា ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​អគារ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ដែល​ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ជ្រោយ​ចង្វារ ដែល​អគារ​នេះ​មាន​ចំនួន ២​ ខ្នង​ដោយ​ចំណាយ​ថវិកាជាតិ​សរុប​ប្រមាណ ៤,៩១​ លាន​ដុល្លារ​អាមេរិក​។

​លោក​មានប្រសាសន៍ថា​៖ «​អគារ​ថ្មី​ចំនួន ២​ ខ្នង ដ៏​ធំ​ស្កឹមស្កៃ​នេះ គឺជា​សមិទ្ធ​ផល​ថ្មី​ក្នុង​វិស័យ​យុត្តិធម៌ ដែល​លេចឡើង​ក្រោម​ម្លប់​សន្តិភាព និង​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់ ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុ​​វិស័យ​វែងឆ្ងាយ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​»​។​

​បើតាម​លោក​ កើត រិ​ទ្ធ នៅមុន​ឆ្នាំ​ ២០០២ កម្ពុជា​ពុំមាន​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តុលាការ​នោះទេ​។ ដោយមាន​ជំនួយ​កិច្ច​សហប្រតិបត្តិការ​ពី​ប្រទេស​បារាំង ក្រោម​កម្មវិធី «​ការគាំទ្រ​នីតិរដ្ឋ​» ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​តុលា​ការ បានចាប់ផ្តើម​ដំបូង​នៅ​ឆ្នាំ​ ២០០២ តាមរយៈ​ការបង្កើតឱ្យមាន​ជា ​«​សាលា​ភូមិន្ទ​ចៅក្រម​»​។

​បន្ទាប់មក​នៅ​ឆ្នាំ​ ២០០៥ ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​របស់​រាជរ​ដ្ឋា​ភិ​បាល សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​តុលាការ​នេះ ក៏បាន​អភិវឌ្ឍ​ខ្លួន​ទៅជា «​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​» ហើយ​ចុងក្រោយ​នេះ តាមរយៈ​ព្រះរាជ​ក្រឹត្យ ចុះ​ថ្ងៃទី ​២៥ ខែមីនា ឆ្នាំ​ ២០២៣ រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា​បណ្ឌិត្យសភា​ភូមិន្ទ​យុ​ត្តិ​ធម៌​កម្ពុជា​ដែលជា​ផ្នែក​មួយ​នៃ​ការកែទម្រង់​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​ច្បាប់ និង​តុលាការ​របស់​កម្ពុជា​។

​ការផ្លាស់ប្តូរ​ឈ្មោះ​នេះ គឺ​ដើម្បី​ពង្រឹងគុណភាព​នៃ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ចៅ​​ក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និង​សារការី​, ពង្រីក​សក្តានុពលភាព ដើម្បី​បណ្តុះ​បណ្តាល​ពង្រឹងសមត្ថភាព​មន្ត្រី​កាន់ការ​ងារ​ច្បាប់​ផ្សេងទៀត ក្នុង​វិស័យ​យុត្តិធម៌ និង​ចំណុច​ចុង​ក្រោយ​គឺ​ដើម្បី​លើកកម្ពស់​សមត្ថ​ភាព​ផ្នែក​សិក្សា​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​នូវ​ស្នាដៃ​ផ្សេងៗ​ដែលជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​វិស័យ​ច្បាប់ និង​យុត្តិធម៌​នៅ​កម្ពុជា​។

​លោក កើត រិ​ទ្ធ បញ្ជាក់ថា ៖ «​បច្ចុប្បន្ននេះ បណ្ឌិត្យសភា​ភូ​​មិ​ន្ទ​យុត្តិធម៌​កម្ពុជា គឺជា​គ្រឹះស្ថាន​បណ្តុះបណ្តាល​សាធារណៈ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងយុត្តិធម៌ និង​ដឹកនាំ​ដោយ​ក្រុម​ប្រឹក្សា​ភិ​បាល​មួយ ហើយ​មាន​រចនាសម្ព័ន្ធ​ចំណុះ​»​។

​រចនាសម្ព័ន្ធ​ចំណុះ រួមមាន សាលា​ភូ​មិ​ន្ទ​ចៅក្រម និង​ព្រះរាជអាជ្ញា​, សាលា​ភូមិន្ទ​ក្រឡាបញ្ជី​, សាលា​ភូមិន្ទ​អាជ្ញាសាលា​, សាលា​ភូមិន្ទ​សារការី​, សាលា​ច្បាប់ និង​អគ្គ​លេខាធិការដ្ឋាន ព្រមទាំង​មាន​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ និង​គរុ​កោសល្យ​មួយ​ជា​សេនាធិការ​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ក៏បាន​ថ្លែង​នា​ពិធី​នោះ​ផងដែរ​ដោយ​លោក​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រឹងប្រែង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​យុត្តិធម៌​ឱ្យបាន​កាន់តែច្រើន​ទៀត​ដើម្បី​ពង្រឹង​ផ្នែក​យុត្តិធម៌​នៅ​កម្ពុជា​។ លោក​មានប្រសាសន៍ថា​៖ «​បច្ចុប្បន្ននេះ​កម្ពុជា​ត្រូវ​បន្ត​ធ្វើការ​កំណែ​​ទម្រង់​វិស័យ​តុលាការ​បន្តទៀត ដើម្បី​ព​ន្លឿ​ន​ការដោះស្រាយ​សំណុំរឿង​នានា កុំឱ្យ​កកស្ទះ ពិសេស​ដើម្បី​ផ្តល់​ភាពងាយស្រួល​ផ្តល់​សេវា​យុត្តិធម៌​ជូន​ប្រជា​ពល​រដ្ឋ​»​។

​លោក​ ហ៊ុន សែន បន្តថា៖ «​យើង​ត្រូវការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​តុលា​ការ​ក្នុង​វិស័យ​យុត្តិធម៌​នេះ​កាន់​តែ​ច្រើន ដូច្នេះ​យើង​មាន​តម្រូវ​ការ​សាលា​បែបនេះ​ដើម្បី​បណ្តុះ​បណ្តាល​ធនធានមនុស្ស​ផ្នែក​យុត្តិធម៌​នេះ​»៕