កំពង់ស្ពឺៈ កម្ពុជាបញ្ជូនរថយន្តចំនួន ១៤ គ្រឿងប្រភេទរថយន្ត រថពាសដែក (MPV) ទៅប្រទេសម៉ាលី ដើម្បីបង្កើនសុវត្ថិភាពកម្លាំងមួកខៀវកម្ពុជាដែលកំពុងរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។
ហ្វេសប៊ុកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបញ្ជាក់ថា៖ «នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្ពុជាបានបញ្ជូនរថយន្តចំនួន ១៤ គ្រឿង ប្រភេទរថយន្តរថពាសដែក (MPV) និងសម្ភារប្រើប្រាស់ចំនួន ៥ កុងតឺន័រ សម្រាប់បំពេញបន្ថែមលើរថយន្ត និងសម្ភារដែលមានស្រាប់សម្រាប់កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី»។
ហ្វេសប៊ុកដដែលដកស្រង់សម្ដីលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថា រថយន្ត និងសម្ភារដាក់ក្នុងកុងតឺន័រដឹកទៅកំពង់ផែក្រុងព្រះសីហនុ ហើយនឹងបញ្ជូនបន្តតាមនាវាទៅម៉ាលីនៅថ្ងៃទី ៨ ខែមិថុនា ហើយនឹងទៅដល់គោលដៅនៅពាក់កណ្តាលខែសីហា ឆ្នាំ ២០២៣ ផងដែរ។ លោកអ៊ុច បូររិទ្ធ បានបញ្ជាក់ថា ចំពោះរថយន្តរថពាសដែក និងសម្ភារទាំងអស់នេះ គឺសម្រាប់បំពេញបន្ថែមទៅលើរថយន្ត និងសម្ភារ ដែលមានស្រាប់កំពុងបម្រើការងារបេសកកម្ម»។
លោក សែម សុវណ្ណនី អនុប្រធានទី ១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ត្រូវបានស្រង់សម្ដីក្នុងហ្វេសប៊ុកនេះថា រថយន្ត រថពាសដែកទាំង ១៤ គ្រឿង គឺមាន ៤ គ្រឿងបម្រើការងារជារថយន្តពេទ្យ ចំណែក ១០ គ្រឿងទៀតសម្រាប់ដឹកកម្លាំងចុះប្រតិបត្តិការ។
ហ្វេសប៊ុកដដែលបន្តថា៖ «ឯកឧត្តម [លោក សែម សុវណ្ណនី] បញ្ជាក់ថា ការដែលបញ្ជូនរថយន្ត ប្រភេទរថពាសដែកនេះទៅតំបន់បេសកកម្មនៅម៉ាលី ដោយសារនៅទីនោះមានក្រុមឧទ្ទាមតែងពួនស្ទាក់ដាក់បង្កៃគ្រាប់កែច្នៃឬគ្រាប់មីនតាមផ្លូវធ្វើដំណើរ។លោកស្រី កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែមិថុនាថា រថយន្ត រថពាសដែកប្រភេទ MPV នេះគឺជាសម្ភារបំពាក់បន្ថែមដែល UN បានស្នើសុំដើម្បីការពារសុវត្ថិភាពកម្លាំងមួកខៀវកម្ពុជា។ បច្ចុប្បន្នមានកម្លាំង EOD ចំនួន ១៤៤ នាក់នៅប្រទេសនេះ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ៦ មិថុនា ថា ការបញ្ជូនយុទ្ធភណ្ឌទៅម៉ាលីនេះគឺបានបង្ហាញពីភាពសកម្មរបស់កម្ពុជាក្នុងការងារ ថែរក្សាសន្តិភាពក្នុងពិភពលោក។
លោកថា៖ «អ៊ីចឹងការបញ្ជូនទៅពិតជាស័ក្តិសមសម្រាប់ការថែរក្សាសន្តិភាពនៃប្រទេសនោះ។ បច្ចុប្បន្ននេះកម្ពុជាពិតជាបានដើរតួនាទីយ៉ាងសកម្មនៅក្នុងកិច្ចការអន្តរជាតិនៅក្នុងកិច្ចការស្វែងរកការថែរក្សាសន្តិភាពនៅលើពិភពលោក»៕