ភ្នំពេញៈ លោក អ៊ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​អះអាងថា រដ្ឋាភិបាលនឹង​ទទួលខុសត្រូវ​លើ​ការចំណាយ​ទាំងអស់​ទាំង​ថ្លៃ​សិក្សា និង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​ផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​យុវជន​ក្រីក្រ​ចំនួន​ ១,៥​ លាន​នាក់​ តាម​ការណែនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។​

​ការប្រកាស​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ​អ៊ិ​ត សំហេង ជាមួយ​លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ថ្មី​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២៣ នៅ​ទីស្ដីការ​ក្រសួង​ការងារ​។​

​ក្នុងឱកាស​នោះ​លោក អ៊ិ​ត សំហេង បាន​ថ្លែងថា ដោយ​​សារ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ន្ត​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ​ទើប​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ឈានឡើង ក្នុងនោះ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏ត្រូវ​បាន​រាជ​រដ្ឋា​ភិ​បាល​យកចិត្តទុកដាក់​យ៉ាង​​សំខាន់​ផងដែរ​។​

​លោក​បាន​បន្ថែមថា ថ្មីៗ​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​ស្ថាប័ន​ជា​សេនាធិការ​ផ្សេងទៀត​រួមសហការ​រៀបចំ​គោលនយោបាយ​ជាតិ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​ក្នុង​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែលមាន​សរុប​ប្រមាណ​ ១,៥ ​លាន​នាក់​។​

​ជាមួយនឹង​គោលនយោបាយ​នេះ លោក​អ៊ិ​ត សំហេង បានប្រកាសថា​៖ «​ដោយ​រាជរដ្ឋាភិបាល​រ៉ាប់រង​ទទួលបន្ទុក​លើ​ថ្លៃ​សិក្សា និង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​។ ប្រសិនបើ​ការងារ​នេះ​ជោគជ័យ​ទៅបាន នឹង​ជួយ​កាត់​បន្ថយ​គម្លាត​រវាង​ក​ម្លាំ​ង​ពល​កម្ម​ដែលមាន​ជំនាញ​ឱ្យ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ​ព្រមទាំង​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​យុវជន​ក្រីក្រ​ទាំងនោះ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​»​។​

​កាលពី​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ ២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​នឹង​ផ្ដល់​ការបណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​រៀន​នៅ​មហាវិទ្យាល័យ​ប្រមាណ​ ១,៥​ លាន​នាក់​ដោយ​ឥតគិតថ្លៃ​។

​ជាមួយនឹង​ការប្រកាស​នេះ​លោក ក៏បាន​ណែនាំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​សិក្សា​អំពី​លទ្ធភាព​ក្នុងការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​យុវជន​ក្រីក្រ​ទាំងនោះ​ជា​ប្រចាំខែ​បន្ថែម​ពី​ការទទួលបាន​ឱកាស​សិក្សា ​ដើម្បី​បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​យុវជន​ក្រី​ក្រទាំង​​នោះ​ឱ្យ​ទទួលបាន​ជោគជ័យ​ផងដែរ​។​

​លោក​ ថង សាម៉ុន អគ្គនាយករង​នៃ​អគ្គនាយដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្លាប់បាន​ថ្លែងថា ដោយសារ​គោ​លន​យោ​បាយ​នេះ​ថ្មី ហើយ​កំពុង​រៀបចំ​ផែនការ លោក​មិនអាច​បកស្រាយ​អ្វី​បាន​ច្រើន​ទេ ដោយ​គ្រាន់តែ​ថា ការរៀបចំ​គោលនយោបាយ​ថ្មី​នេះ​នឹងធ្វើ​ឡើង​ដោយ​ត្រូវ​គិត​គូរ​ពី​តម្រូវការ​ទីផ្សារ​និង​លទ្ធភាព​ក្នុងការ​បណ្តុះបណ្តាល​ដើម្បី​ផ្តល់ជូន​ជំនាញ​សមស្រប​នៅពេលដែល​និស្សិត​បានបញ្ចប់​ការសិក្សា​ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ឱកាស​ការងារ​ត្រឹមត្រូវ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​កំពុង​សិក្សា​ពី​លទ្ធភាព​ដែល​អាច​ផ្តល់ជូន​ដល់​និស្សិត​របស់​យើង​។​យើង​ក៏ត្រូវ​គិតគូរ​ទាំង​តម្រូវការ​ទីផ្សារ ប្រភេទ​ការងារ​អ្វីខ្លះ​ហើយ​លទ្ធភាព​របស់​យើង​មាន​អ្វីខ្លះ​រាប់​តាំងពី​សាលា គ្រូ បន្ទាប់មក​យើង​នឹង​បំពេញ​ទៅលើ​អ្វីដែល​នៅ​ខ្វះចន្លោះ​។​យើង​ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​ដើម្បី​ដាក់ចេញ​កម្មវិធី​នេះ​ឱ្យបាន​ជោគ​ជ័យ​និង​មាន​ប្រសិទ្ធភាព​»​។​

​ទន្ទឹមនឹងនេះ លោក ថង សាម៉ុន​ បាន​អះអាងថា គោលនយោបាយ​ថ្មី​នេះ នឹង​អាច​អនុវត្តបាន​នៅ​ឆ្នាំ​២០២៤ ខាងមុខ​ដោយ​ផ្ដោតលើ​ការបណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​សិស្ស​និង​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​រង​ហានិភ័យ​។​

​តាម​គោលដៅ​របស់​អគ្គនាយក​ដ្ឋា​ន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្នុងឆ្នាំនេះ​នឹង​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​ប្រមាណ ​៦​ ម៉ឺន​នាក់ ​ស្របតាម​ថវិកាជាតិ​ដែល​បានកំណត់ បន្ទាប់ពី​កម្មវិធី​ដែល​បាន​អនុវត្ត​កាលពី​ឆ្នាំ​ ២០២១​ និង​ឆ្នាំ​ ២០២២​ ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ពិសេស​ទៅដល់​កម្មករ កម្មការិនី​ដែល​រង​ផលប៉ះពាល់​នឹង​វិបត្តិ​កូ​វីដ​ ១៩​ គឺមាន​ ១៤ ០០០​ នាក់​សម្រាប់​រយៈពេល ​៤ ​ខែ​៕