ភ្នំពេញៈ លោក ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា គ.ជ.ប បានពិនិត្យ និងកែលម្អការងារបច្ចេកទេសបោះឆ្នោតមួយចំនួនដើម្បីរៀបចំឱ្យការបោះឆ្នោតនីតិកាលទី៧ នាពេលខាងមុខកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត។
លោកថា ការកែលម្អការងារនេះ ដោយផ្អែកតាមបទពិសោធន៍ មេរៀនពិសោធន៍ពីការបោះឆ្នោតមុនៗ និងជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ព្រមទាំងលទ្ធផលនៃអង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅ។
លោក ទេព នីថា ថ្លែងដូចនេះ កាលពីថ្ងៃទី ៥ ខែមិថុនា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ស្តីពីការបោះឆ្នោតការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣។
លោកបន្តថា ៖ «គ.ជ.ប បានកែសម្រួលលក្ខខណ្ឌបច្ចេកទេសក្នុងការបំពេញ និងប្រើប្រាស់ទម្រង់កំណត់ហេតុនៃការបោះឆ្នោត បន្ថែមយន្តការត្រួតពិនិត្យ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត នៅគ្រប់ដំណាក់កាល តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីជាជំនួយ និងជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់ជាមួយនឹងលទ្ធផលដែលមន្ត្រីបោះឆ្នោតបានធ្វើប្រមាណវិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខ»។
ក្នុងឱកាសនោះដែរ លោក នីថា ក៏បានជម្រាបពីដំណើរការនៃការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ថា មន្ត្រីជំនាញ គជប បានចាប់ផ្តើមរៀបចំសេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនេះតាំងពីខែសីហា ឆ្នាំ ២០២២ និងបានដាក់ឆ្លងកិច្ចប្រជុំកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ គ.ជ.ប ជាច្រើនលើកច្រើនសាផងដែរ។
ក្នុងកម្មវិធីបិទវគ្គនោះដែរ លោក ទេព នីថា ក៏បានវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋាន និងសិក្ខាកាមទាំងអស់ ដែលបានសហការ និងចូលរួមយ៉ាងសកម្មធ្វើឱ្យដំណើរការវគ្គបណ្តុះបណ្តាលនេះទទួលបានលទ្ធផលល្អ។ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានប្រាប់ឱ្យដឹងថា រាល់ការដាក់ចេញនូវបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺគណបក្សរបស់លោក តែងតែគោរព និងអនុវត្តតាមជានិច្ច ដើម្បីធ្វើឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។
«គណបក្សយើងតែងតែចាត់មន្ត្រី ឱ្យចូលរួមរាល់សកម្មភាព និងកិច្ចប្រជុំរបស់ គ.ជ.ប ចាប់តាំងពីដំណាក់កាលដំបូង នៃដំណើរការបោះឆ្នោត រហូតមកដល់បិទបញ្ចប់ ដើម្បីឱ្យដឹងពីផែនការ នីតិវិធី និងបទបញ្ជារបស់ គ.ជ.ប ក្នុងការដំណើរការរៀបចំការបោះឆ្នោត»៕