
ក្រសួងកសិកម្មប្រកាសឱ្យប្រជាកសិករត្រៀមបង្ការផលប៉ះពាល់ដល់ដំណាំស្រូវពីកូនរដូវប្រាំង។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាល្ងាចថ្ងៃទី ៥ ខែមិថុនា បានប្រកាសឱ្យប្រជាកសិករយកចិត្តទុកដាក់និងត្រៀមលក្ខណៈទុកជាមុនឱ្យបានល្អ ដើម្បីបង្ការផលប៉ះពាល់ដល់ដំណាំស្រូវដោយសារកម្ពុជានឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា និងខ្សត់ទឹកភ្លៀងនៅចុងឆ្នាំផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មឱ្យដឹងថា យោងតាមសេចក្តីជូនដំណឹងស្ដីពីការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយកាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ និងរាយប៉ាយស្ទើរគ្រប់កន្លែង ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣។
ក្រសួងបានបន្តថា ទោះជាស្ថានភាពបែបនេះមានលក្ខណៈល្អសម្រាប់ការចាប់ផ្តើមធ្វើស្រែរដូវវស្សារបស់ប្រជាកសិករក៏ពិតមែន ប៉ុន្តែតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា និងខ្សត់ទឹកភ្លៀងនៅចុងឆ្នាំដែលទាមទារឱ្យកសិករយកចិត្តទុកដាក់ និងត្រៀមលក្ខណៈទុកជាមុនឱ្យបានល្អ ដើម្បីបង្ការផលប៉ះពាល់ដល់ដំណាំស្រូវ។
ក្រសួងបញ្ជាក់ថា៖ «ដើម្បីចូលរួមចំណែកត្រៀមបង្ការ និងឆ្លើយតបចំពោះបញ្ហានេះ ប្រជាកសិករ ដែលមានដីស្រែជម្រៅ និងដីស្រែដែលមានប្រភពទឹកស្រោចស្រព កសិករគួរប្រញាប់ប្រញាល់ដាំដុះ ដើម្បីឱ្យដំណាំស្រូវដុះលូតលាស់បានល្អ និងមានអាយុកាលវែងល្មម និងបង្កើនភាពធន់ទៅនឹងគ្រោះរាំងស្ងួតនៅពេលកូនរដូវប្រាំងមកដល់»។
ក្រសួងកសិកម្មក៏បានណែនាំទៀតថា សម្រាប់ដីស្រែដែលពឹងអាស្រ័យទឹកភ្លៀងទាំងស្រុង កសិករត្រូវរៀបចំដីស្រែ និងកែលម្អភ្លឺស្រែឱ្យបានល្អ ដើម្បីរក្សាទឹកក្នុងស្រែបានយូរ និងកាត់បន្ថយផលប៉ះពាល់នៅពេលជួបគ្រោះរាំងស្ងួត ហើយកសិករអាចពន្យារពេលវេលាដាំដុះរហូតដល់ចុងខែកក្កដា។
ក្រសួងសង្កត់ធ្ងន់ថា៖ «ប្រជាកសិករក៏ត្រូវត្រៀមគ្រាប់ពូជស្រូវបម្រុងមួយចំនួនសម្រាប់ដាំដុះឡើងវិញ ក្នុងករណីដំណាំស្រូវដែលបានដាំដុះលើកទី១ នេះ រងការខូចខាតដោយសារគ្រោះរាំងស្ងួត ហើយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធត្រូវបន្តតាមដានស្ថានភាពទឹកនៅតាមប្រភពផ្សេងៗក្នុងតំបន់របស់ខ្លួន ស្ថានភាពទឹកភ្លៀង និងការលូតលាស់របស់ដំណាំស្រូវ ដើម្បីត្រៀមលក្ខណៈបូមទឹកអន្តរាគមន៍ជួយសង្គ្រោះដំណាំស្រូវ»។
ជាមួយគ្នានោះដែរ ក្រសួងក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធត្រូវចូលរួមថែរក្សា និងគ្រប់គ្រងការប្រើប្រាស់ទឹកដែលកំពុងមានប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ ជាពិសេសចៀសវាងការប្រើប្រាស់រហូតរីងអស់ ដែលអាចប៉ះពាល់ដល់ការចិញ្ចឹមសត្វ និងការប្រើប្រាស់សម្រាប់មនុស្ស។
ក្រសួងបន្តថា៖ «អាជ្ញាធរមូលដ្ឋានត្រូវក្ដាប់ឱ្យបានច្បាស់អំពីផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត លទ្ធភាពដែលអាចជួយសង្គ្រោះបាន ស្ថានភាពនៃការខូចខាតដំណាំស្រូវ លទ្ធភាពនៃការដាំដុះស្តារឡើងវិញ និងត្រូវកំណត់ឱ្យបានច្បាស់លាស់អំពីសិករងាយរងគ្រោះ ដើម្បីស្នើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាល»។
ទាក់ទងនឹងសេចក្តីប្រកាសនេះ ក្រសួងកសិកម្មសង្ឃឹម និងជឿជាក់ថា ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗនឹងត្រៀមបង្ការជាមុន និងឆ្លើយតប ព្រមទាំងចូលរួមសហការ សំដៅកាត់បន្ថយផលប៉ះពាល់ផលិតកម្មដំណាំស្រូវដោយសារឥទ្ធិពលនៃអាកាសធាតុនេះ៕