ភ្នំពេញៈ កាលពី​ថ្ងៃទី ​៥ ខែ​​មិថុនា ឆ្នាំ ​២០២៣ នៅ​ទីស្តីការ​ក្រសួង​ការងារ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ចា​ស្ទី​ន ខេ​វីន វ្យ៉ា​ត់ (Justin Kevin Whyatt) ឯកអគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ថ្មី​ប្រចាំ​កម្ពុជា បាន​ពិភាក្សាគ្នា​ពី​ការបង្កើត​តុលាការ​ការងារ ដើម្បី​ជាការ​​រួមចំណែក​ក្នុងការ​ធ្វើឱ្យមាន​ភាពប្រសើ​រ​ក្នុងការ​ដោះស្រាយ​ទំនាស់​ក្នុង​ការងារ​។​

​លោក អ៊ិត សំហេង ថ្លែងថា​៖ «​ចំពោះ​ការដោះស្រាយ​បញ្ហា​របស់​និយោជក និង​កម្មករ​-​និយោជិត កម្ពុជា​បាន​បង្កើត​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​​ ១ ហៅ​កាត់​ថា AC រួចមកហើយ ដើម្បី​សម្រួលការ​ដោះស្រាយ​ទំនាស់​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ហើយ​រាជរដ្ឋាភិបាល​បានដាក់​ឱ្យប្រើ​ប្រាស់​ច្បាប់​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​រួចមកហើយ​ដែរ តែ​ទោះជា​យ៉ាងណា ការរៀបចំ​បង្កើត​តុលាការ​ការ​​ងារ​នៅតែមាន​ការយកចិត្ត​ទុក​ដាក់ និង​ឈានទៅ​ការបង្កើត​ឱ្យបាន​នៅពេល​ខាងមុខ​»​។​

​លោកស្រី អ៊ូ ទេព​ផល្លី​ន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវា​កម្ម​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ស្ថានភាព​ប្រទេស​កម្ពុជា​សព្វ​​ថ្ងៃនេះ ជាទូទៅ​រាល់ពេល​មាន​វិវាទ​ការងារ​កើតឡើង តែងតែ​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អាជ្ញា​គតិ ហើយ​តុលាការ​នេះ​ដោះស្រាយ​គ្រប់​វិវាទ ដូច្នេះហើយ​បានជា​កម្ពុជា មិនមាន​តុលាការ​តាម​ជំនាញ​នោះ​។

​លោកស្រី អ៊ូ ទេព​ផល្លី​ន បាន​ថ្លែងថា​៖ «​ចំពោះ​តុលាការ​ការងារ វា​ជា​ផ្នែក​មួយ​ដែល​រដ្ឋ​ត្រូវតែមាន​ហើយ ក៏ប៉ុន្តែ​អ្វីដែល​យើង​យល់ មុននឹង​ឈានដល់​តុលាការ​ការងារ កម្មករ​ក៏​អាច​ប្រើប្រាស់​នូវ​យន្តការ​ក្រុម​​ប្រឹក្សា​អាជ្ញាធរកណ្ដាល ដើម្បី​ដោះស្រាយ​ទាំង​វិវាទ​រួម ទាំង​វិវាទ​បុគ្គល​ផងដែរ​»​។ «​តុលា​​ការ​ការងារ​ហ្នឹង ក៏ត្រូវ​តែមាន​ទម្រង់​ស្រដៀង​ទៅនឹង​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល ដើម្បី​ធានាបាន​ថា វិវាទ​ដែល​កម្មករ​បាន​នាំ​បណ្ដឹង​ទៅនោះ អាច​ទទួលបាន​យុត្តិធម៌​»​។​

​កាលពី​ខែមករា ឆ្នាំ​ ២០២២ ក្រសួងយុត្តិធម៌​កម្ពុជា បានចេញ​សេចក្ដីសម្រេច​ចំនួន ​២ ដាច់ដោយឡែក​ពីគ្នា​ស្តីពី​ការ​បង្កើត​គណៈកម្មការ​រៀប​ចំ​ដំណើរការ​តុលា​ការជំនាញ​ក្នុងនោះ រួមមាន​តុលាការ​ពាណិជ្ជ​​កម្ម និង​តុលាការ​ការងារ ដើម្បី​ដោះស្រាយ​ភាពចាំបាច់​នៃ​សំណុំរឿង​ពិសេស​ដាច់​ដោយ​ឡែក​ជុំវិញ​វិវាទ​ការងារ និង​ពាណិជ្ជកម្ម ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់មាន​ចេញ​ជា​លទ្ធភាព​ដាក់ឱ្យ​ដំណើរការ​នៅឡើយ​ទេ​។ លោក អ៊ិត សំហេង ក៏បាន​រំឭក​ផងដែរ​នូវ​ទំនាក់​ទំនង​ការទូត​ល្អ​រវាង​កម្ពុជា​-​អូស្ត្រាលី ដោយបាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ ៧០​ ឆ្នាំ​៕