ភ្នំពេញៈ ជនរងគ្រោះ​ក្នុងករណី​បាត់​លុយ​អស់ ១០ ម៉ឺន​ដុល្លារ​ពី​ធានា​គារ ABA រង់ចាំ​ដំណោះស្រាយ​ពី​សមត្ថកិច្ច ដើម្បី​វែកមុខ​រក​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ខណៈ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាអះអាងថា មន្ត្រី​ជំនាញកំពុង​បន្ត​​​ការ​ស្រាវ​ជ្រាវ និង​កំណត់​មុខ​សញ្ញា ដើម្បី​ឃាត់​ខ្លួន​ជន​សង្ស័យ។

កាលពី​ថ្ងៃទី ២ ខែមិថុនា មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chhuy Bunleng និង Rany Beauty ដែលជា​ប្តី​ប្រពន្ធ​នឹង​គ្នា បាន​បង្ហោះ​សារ​ជា​បន្ត​បន្ទាប់ពី​ករណី​ដែល​ត្រូវបាន​ជន​មិន​ស្គាល់​អត្ថ​សញ្ញាណ​ដក​លុយ​ពី​ក្នុង​ធនា​គារ ABA ​ជាបន្ត​បន្ទាប់​ចំនួន ១០ ម៉ឺន​ដុ​ល្ហា​រ​​ ត្រឹម​រយៈ​ពេល៣​ម៉ោង។

លោក ឈុយ ប៊ុនឡេង បាន​រៀបរាប់ថា៖ «ថ្ងៃទី ២ ជា​ថ្ងៃ​ដែល​ខ្ញុំ​ពិបាកចិត្ត​បំផុត​ តាំងពី​កើតមក ដែល​កុង​ធនាគារ​ ABA ប្រពន្ធ​របស់ខ្ញុំ ត្រូវ​ចោរ​វេរ​ចេញ ១០ ម៉ឺន​ដុល្លារ កាលពី​​ថ្ងៃទី ៣១ ខែ ៥ ឆ្នាំ ២០២៣ ហើយ​បើក Sim Metfone បាន។ ខ្ញុំ​ពិតជា​​ពិបាកចិត្ត​ណាស់ លេខ​ទូរ​ស័ព្ទ​ Metfone របស់ខ្ញុំ​នេះ ប្រពន្ធ​ខ្ញុំ​ជា​អ្នក​ប្រើ ហើយក៏​ប្រើ​សម្រាប់​កុង ​ABA គាត់​ដែរ» ។

លោក​​បាន​បន្តថា៖ «ផ្តើមចេញពី Metfone ហេតុអ្វី​បានជា​បើក​ស៊ីម Metfone បាន ដែល​មិនមែនជា​ម្ចាស់​ទៅ​បើក​ Sim Metfone បាន? ហើយ​បន្ទាប់មក មិនដឹង​ហេតុអ្វី​ បាន​អ្នកផ្សេង​អាច Log in ABA App បាន ហើយ​បាន​វេរ​លុយ​ចេញអស់​ចំនួន ១០ ម៉ឺន​ដុល្លា​រពី Account ABA។ សូមបញ្ជាក់​មិន​ដល់៣ម៉ោងអស់​លុយ ១០ ម៉ឺន​ដុល្លារ ទឹក​ភ្នែក​ប្រពន្ធ​សម្លាញ់​ហូរ​ស្រក់ ពិតជា​គួរឱ្យ​អាណិត​ណាស់។ ញើស​ឈាម​ដែល​ខំ​រក​ទាំងថ្ងៃទាំងយប់ ទាំង​ឈឺទាំង​ជា និង​បូក​លុយ​ជំពាក់​គេ ដើម្បី​បង្វិល​រកស៊ី»។

ក្រោយ​ផ្ទុះ​ករណីនេះ និង​មានការ​ចែករំលែក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធនា​គារ ABA ក៏បាន​ចេញមុខ​បកស្រាយ ភ្លាមៗដោយបាន​អះអាងថា ករណីនេះ មិន​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ធនា​គារ​របស់ខ្លួន​នោះទេ ហើយ​ធនា​គារ នឹង​សហការ​ជាមួយ​ជនរង​គ្រោះ និង​សមត្ថកិច្ច​ជំនាញ ដើម្បី​ចាត់វិធាន​ការ​ស្រាវជ្រាវ​លើ​ករណីនេះ។

ធនា​គា ABA បានប្រកាស​យ៉ាង​ដូច្នេះ​ថា៖‍ ​«យើងខ្ញុំ​សូម​ជម្រាប​អតិថិជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ធនាគារ​យើង​តែងតែ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ចំពោះ​សុវត្ថិភាព​គណនី​របស់​អតិថិជន។ ភ្លាមៗ បន្ទាប់ពី​បាន​ចាត់វិធានការ​ជួយ​ដល់​អតិថិ​ជន​​​របស់​យើង យើងខ្ញុំ​បានធ្វើការ​ស៊ើបអង្កេត និង​បញ្ជាក់ថា ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ធនាគា​រ​មាន​សុវត្ថិភាព​ពេញ​លេញ​»។

ធនា​គា ABA បាន​អះអាង​បន្តថា៖‍ ​«យើងខ្ញុំ ក៏បាន​ជួបពិភាក្សា​ជាមួយ​អតិថិជន និង​បាន​ពន្យល់​អំពី​នីតិវិធី និង​សុវត្ថិ​ភាព​បច្ចេកវិទ្យា​នៃ​ប្រព័ន្ធ​ធនាគារ​របស់​យើង​ផងដែរ។ អតិថិជនមិនបាន​ចោទប្រកាន់ ABA លើ​រឿងនេះ​ទេ ហើយ​បាន​ទទួល​ស្គាល់​ការសហការ​ជួយ​យ៉ាង​ពេញលេញ​ពី​ធនាគារ​យើង។ ធនាគារ ABA នឹង​បន្ត​សហការ​ជាមួយ​អតិថិជន និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​រួមមាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​ភ្នាក់ងារ​នានា ដើម្បី​ស្វែងរក​ក្រុម​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​នេះ»។

ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រុមហ៊ុន Metfone ក៏បាន​បង្ហាញមុខ​ជនសង្ស័យ​ក្នុងអំឡុងពេល​ចូលមក​បន្លំ​ខ្លួន ដើម្បី​បើក​ស៊ីម​ទូរស័ព្ទ​របស់​ជនរងគ្រោះ ប៉ុន្តែ​រហូតមកទល់​ពេលនេះ ពុំទាន់​មានការ​បកស្រាយ​ណាមួយ​ជាផ្លូវការ​ពី​សំណាក់​ក្រុមហ៊ុន Metfone នោះទេ។ ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​ក្រុមហ៊ុន Metfone បានទេ នៅ​ថ្ងៃទី ៧ ខែមិថុនា។

អ្នកស្រី រ៉ានី ដែល​ត្រូវជា​ជនរង​គ្រោះ​ នៃ​ការបាត់​ប្រាក់​ពី​គណនី​ចំនួន ១០ ម៉ឺន​ដុល្លារ បានប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៧ មិថុនា​ថា អ្នកស្រី និង​គ្រួសារ ជឿជាក់ និង​រង់ចាំ​ដំណោះស្រាយ​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា នឹង​អាច​ស្វែងរក​ជន​សង្ស័យ និង​ទឹកប្រាក់​ដែល​បាត់បង់​ត្រឡប់មកវិញ។ ជាមួយនឹង​ក្តី​រំពឹង​នេះ អ្នកស្រី ក៏​មិនបាន​បកស្រាយ​អ្វី​បន្ថែម​ដែរ ដោយ​ឱ្យ​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ពាក់ព័ន្ធ។

អ្នកស្រី ​រ៉ានី បាន​បញ្ជាក់ថា៖ «ពួក​ខ្ញុំ​បាន​ជួប​និយាយ​ជាមួយ​ធនាគារ ABA ហើយ​ខាង​ធនាគារ​បាន​ពន្យល់​ពី​ដំណើរការ និង​ប្រព័ន្ធ​សុវត្ថិភាព​របស់​ធនាគា​រ មាន​អារម្មណ៍​ថា កក់ក្តៅ​និង​ជឿជាក់ថា​ មិន​ពាក់​ព័ន្ធនឹង ABA ហើយក៏​ជឿថា លុយ​ដែល​ជា​ញើស​ឈាម​របស់ខ្ញុំ​ នឹង​ទទួលបាន​មកវិញឆាប់ៗនេះ អរគុណ​សម្រាប់​ទឹកចិត្ត។ កាន់តែ​កក់ក្តៅ​ទៀត គឺ​ខាង​ធនាគារ​ក៏បាន​សន្យា​ជួយ​ស៊ើប​ករ​ណីនេះ​ជាមួយ​ពួក​ខ្ញុំ​ និង​ប៉ូលិស​ដើម្បី​រក​ជនល្មើស​ផងដែរ»។

លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​និយាយ​ថា ករណី​នេះ ជនរងគ្រោះ មិនបាន​ប្តឹង​មក​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​នោះទេ។ លោក បាន​បង្វែរ​សំណួរ ឱ្យទៅ​សួរ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​វិញ​។

លោក សុខ នី​ត្យា ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាបាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៧ ខែមិថុនា​ថា បទល្មើស​នេះ នាយកដ្ឋានកំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ។

លោកបាន​បញ្ជាក់​ថា៖ «ពួក​ខ្ញុំកំពុង​ស្រាវជ្រាវ។ មិនទាន់​អាច​បញ្ចេញ​ព័ត៌មាន​អ្វី​បានទេ។ នៅពេល​ដល់​ដំណាក់កាល​មួយ​ដែល​អាច​ផ្សព្វ​ផ្សាយ​បាន ខ្ញុំ​នឹង​ផ្តល់ព័ត៌មាន​ជូន ព្រោះ​បើ​ផ្សព្វផ្សាយ​អាចឱ្យ​ជនសង្ស័យ​ដឹងខ្លួន។ សូម​រង់ចាំ​សិន»៕