
អាជ្ញាធរ និងប្រជាសហគមន៍ នៅមូលដ្ឋាន ភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ រូបថត សហគមន៍
ភ្នំពេញៈ ក្រសួងបរិស្ថានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «បាឡត» នៃតំបន់រ៉ាមសារបឹងទន្លេឆ្មារ ស្ថិតនៅភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីថែរក្សាធនធានធម្មជាតិ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សំដៅបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់ធនធានធម្មជាតិដោយចីរភាព។
យោងតាមប្រកាសរបស់ក្រសួងបរិស្ថានចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី៧ ខែមិថុនា បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិ «បាឡត» នៃតំបន់រ៉ាមសារបឹងទន្លេឆ្មារ ក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំនេះ មានផ្ទៃដីសរុបទំហំ ៦៥ ហិកតា។
ប្រកាសរបស់ក្រសួងបរិស្ថានបញ្ជាក់ថា៖«ការបង្កើតសហគមន៍នេះក្នុងគោលបំណងបង្កើនការចូលរួមពីប្រជាសហគមន៍មូលដ្ឋានផ្ទាល់ ដើម្បីគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងចូលរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន ថ្លែងនៅថ្ងៃទី៧ ខែមិថុនានេះថា ក្រសួងបរិស្ថាន បានរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ១៩០ សហគមន៍ ហើយគិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ដែលមានគ្រួសារចូលរួម ចំនួន ៧១ ៧២៣ គ្រួសារ គ្រប់គ្រងផ្ទៃដីទំហំ ៣២៤ ២៣៨ ហិកតា។
លោកថ្លែងថា៖ «ការបង្កើតសហគមន៍នេះគឺជា «យុទ្ធសាស្ត្រក្រវាត់បៃតង» សម្រាប់ការពារតំបន់ស្នូល និងតំបន់អភិរក្ស នៃតំបន់ការពារធម្មជាតិ និងដើម្បីលើកកម្ពស់ការចូលរួមពីសំណាក់សហគមន៍មូលដ្ឋាន ក្នុងការប្រើប្រាស់គ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព»។
លោកបន្តថា ក្រសួងបរិស្ថានបន្តពង្រឹងការងារគ្រប់គ្រង និងផ្ដល់ការបណ្តុះបណ្តាលបង្កើនសមត្ថភាពដល់បណ្តាញសហគមន៍ទាំង៣កម្រិត រួមមាន៖ កម្រិតថ្នាក់ជាតិ កម្រិតថ្នាក់តំបន់ (ខាងត្បូង និង ជើងបឹងទន្លេសាប និងខាងកើតទន្លេមេគង្គ) និងកម្រិតថ្នាក់មូលដ្ឋាន (តំបន់ការពារធម្មជាតិ) ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការសម្របសម្រួលជាមួយរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ និងថ្នាក់មូលដ្ឋាន ព្រមទាំងចូលរួមអភិវឌ្ឍមូលដ្ឋានជាមួយស្ថាប័នពាក់ព័ន្ធ។
លោក ថ្លែងថា ការអភិវឌ្ឍ និងការបង្កើតឱ្យមានសកម្មភាពសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ដែលមានមេត្រីភាពជាមួយនឹងការអភិរក្ស នៅក្នុងតំបន់ការពារធម្មជាតិ គឺជាកិច្ចការដ៏ចាំបាច់ ដើម្បីការពារតំបន់ស្នូល និងតំបន់អភិរក្ស នៃតំបន់ការពារធម្មជាតិ និងការកែច្នៃសក្តានុពលធនធានធម្មជាតិ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព ជាពិសេស គឺធានាបាននូវតុល្យភាពរ វាងការអភិវឌ្ឍ និងការអភិរក្ស និងការលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន។
អ្នកនាំពាក្យក្រសួងបរិស្ថានបន្ថែមថា ក្នុងចំណោមសហគមន៍ទាំងនោះ មានសហគមន៍ចំនួន ៥៣ បាននិងកំពុងផ្តល់សេវាកម្ម ទេសចរណ៍ធម្មជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ការអភិរក្ស ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុងតំបន់ការពារធម្មជាតិ។
លោកបន្ថែមទៀតថា ការចូលរួមពីវិស័យឯកជនក៏ជា កត្តាចាំបាច់ ក្នុងការចូលរួមចំណែក ក្នុងការគ្រប់គ្រង ការអភិរក្សជីវចម្រុះ និងការលើកសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈគម្រោងអភិវឌ្ឍន៍ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលក្នុងនោះគម្រោងទេសចរណ៍ខ្នាតធំមាន ចំនួន ២២ គម្រោង លើផ្ទៃដីទំហំ ១១១ ៣២៨,៧ ហិកតា និងគម្រោងទេសចរណ៍ខ្នាតតូច (ផ្ទៃដីក្រោម ១០ ហិកតា) មានចំនួន ៣៧២គម្រោង លើផ្ទៃដីទំហំ៣ ៣៦៦,៩០ ហិកតា៕