ភ្នំពេញៈ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតនឹងត្រូវរៀបចំបិទផ្សាយជាសាធារណៈនូវបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមលំដាប់លេខរៀង និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាមមណ្ឌលបោះឆ្នោតទាំង២៥ រាជធានី ខេត្ត នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣។
លោកបានបញ្ជាក់បែបនេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តលមន្ត្រី គ.ជ.ប និងភាគីពាក់ព័ន្ធស្ដីពី«ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
លោកទេព នីថា បានបញ្ជាក់ថា៖ «គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតនឹងចាប់ទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតការណ៍តាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយ ពោលគឺចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ »។
លោកក៏បានជំរុញឱ្យគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំងអស់ត្រៀមអនុវត្ត និងផ្សព្វផ្សាយពីការងារនេះឱ្យបានទូលំទូលាយ ព្រមទាំងត្រូវស្នើសុំកិច្ចសហការពីអាជ្ញាធរដែនដី ពិសេសអាជ្ញាធរឃុំ សង្កាត់ ដើម្បីសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតផងដែរ។
ជាមួយគ្នានេះដែរ ចំពោះវគ្គបណ្តុះបណ្តលមន្ត្រី គ.ជ.ប និងភាគីពាក់ព័ន្ធ ស្ដីពី«ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត»លោក ទេព នីថា បានថ្លែងថា វគ្គបណ្តុះបណ្តាលនាពេលនេះត្រូវបានរៀបចំជាពិសេសដល់មន្ត្រី គ.ជ.ប គ្រូបង្ហាត់ គ.ជ.ប និងមន្ត្រីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែលមានភារកិច្ចត្រូវអនុវត្តការងារ និងផ្តល់ការបណ្ដុះបណ្តាលបន្តនៅតាមរាជធានី ខេត្តនាពេលខាងមុខ។
នាឱកាសនោះដែរ លោក ទេព នីថា ក៏បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះករណីឆ្លងរីករាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី ដោយហេតុថា នៅតាមបណ្តាប្រទេសជិតខាងរបស់កម្ពុជា មានករណីឆ្លងរីករាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី បើទោះជាអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ជំងឺកូវីដ១៩ មិនមែនជាកង្វល់អន្តរជាតិទៀតក៏ដោយ។
«ខ្ញុំសូមអំពាវនាវដល់មន្ត្រីបោះឆ្នោតគ្រប់រូប ភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ដើម្បីធានាឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខប្រព្រឹត្តទៅដោយជោគជ័យ មានសុវត្ថិភាពខ្ពស់ និងធានាបាននូវសុខភាព សាធារណៈល្អប្រសើរ» ។ លោកបានបញ្ជាក់បន្ថែម។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថានិកហ្វិក បានឱ្យដឹងថ្ងៃទី៧ ខែមិថុនា ថា អង្គការឃ្លាំមើលការបោះឆ្នោតមួយនេះ នឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា អ្នកសង្កេតការណ៍ពីខាងនិកហ្វិក ដែលជាអ្នកស្ម័គ្រចិត្តប្រមាណជា៤០នាក់នឹងធ្វើការសង្កេតការណ៍ដំណើរការបោះឆ្នោតទៅតាមលទ្ធភាព និងដោយឯករាជ្យ តែមិនធ្វើការវាយតម្លៃលទ្ធផលឆ្នោតនោះទេដោយសារតែមិនវាយតម្លៃលទ្ធផលឆ្នោត ក៏ព្រោះតែនិកហ្វិកមានអ្នកសង្កេតការណ៍មិនគ្រប់គ្រាន់។
លោកបានថ្លែងថា៖ «យើងសង្កេតឃើញថា ចំនួនអ្នកអង្កេតការណ៍អន្តរជាតិ សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ មានតិចជាងអាណត្តិមុន។ បែបនេះក្តី ខ្ញុំនៅតែលើកទឹកចិត្តដល់បងប្អូនពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ឱ្យចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងមិនគាំទ្រចំពោះការអំពាវនាវក្រៅផ្លូវការ ដែលមិនឱ្យពលរដ្ឋទៅបោះនោះដែរ»៕