ភ្នំពេញៈ ឥណ្ឌូនេស៊ីស្នើកម្ពុជាបន្តកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺន និងការធ្វើលំហាត់យោធារួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត ខណៈកន្លងមកឥណ្ឌូនេស៊ី តែងតែបានផ្ដល់ជំនួយយោធាដល់កងទ័ពកម្ពុជា។
ការស្នើនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក វង្ស ពិសេន និងលោក យូឌូ ម៉ាហ្គូណូ (Yudo Margono) អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីនាថ្ងៃទី៧ ខែមិថុនា ក្នុងឱកាសលោកចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ។
របាយការណ៍អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបញ្ជាក់ថា ជំនួបនេះធ្វើឡើងគឺដើម្បីបង្កើនភាពជិតស្និទ្ធដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំង២ និងរួមចំណែកក្នុងការថែរក្សាសន្តិភាព វិបុលភាព និងសន្តិសុខក្នុងតំបន់។
របាយការណ៍បញ្ជាក់ថា លោក វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពឥណ្ឌូនេស៊ីដែលតែងតែបានផ្ដល់ជំនួយយោធាដល់កងយោធពលខេមរភូមិន្ទទាំងផ្នែកសម្ភារ និងធនធាន ជាពិសេសការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការទទួលយកសិក្ខាកាមកម្ពុជាទៅបណ្ដុះបណ្ដាលនៅប្រទេសឥណ្ឌូនេស៊ី និងបញ្ជូនយោធាចារ្យ មកបង្ហាត់បង្រៀនដល់សិក្ខាកាមកម្ពុជាផងដែរ។
របាយការណ៍បន្តថា៖ «ឯកឧត្តម នាយឧត្តមនាវី អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី[លោក យូឌូ ម៉ាហ្គូណូ] ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដែលបានអញ្ជើញចូលរួមប្រជុំ និងស្នើឱ្យកងយោធពលខេមរភូមិន្ទបន្តកិច្ចសហប្រតិបត្តិការទាំងការហ្វឹកហ្វឺន និងការធ្វើលំហាត់រួមគ្នាក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់រឹងមាំបន្ថែមទៀត»។
នៅថ្ងៃដដែលនេះ លោក វង្ស ពិសេន បានបន្តជួបទ្វេភាគីជាមួយលោក ចាឡឺមពល ស្រ៊ីសាវ៉ាដ [Chalermpol Srisawat] អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ។ លោកបានថ្លែងអំណរគុណដល់កងទ័ពភូមិន្ទថៃដែលបានគាំទ្រដល់កងទ័ពកម្ពុជានៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងបានសហការគ្នាយ៉ាងល្អដើម្បីឱ្យតំបន់ព្រំដែនប្រទេសទាំង២ក្លាយជាព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍ។
របាយការណ៍ដដែលបញ្ជាក់ថា៖ «នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ កងទ័ពភូមិន្ទថៃ [លោក ចាឡឺមពល ស្រ៊ីសាវ៉ាដ] ស្នើឱ្យកងយោធពលខេមរភូមិន្ទបន្តកិច្ចសហប្រតិបត្តិការ និងរួមគ្នារក្សាឱ្យបាននូវព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍ។
លោក វង្ស ពិសេន ក៏បានជួបទ្វេភាគីជាមួយលោក ហ្វាល័រ រ៉ាត លោក (Falur Rate Laek) មេបញ្ជាការកងទ័ពទីម័រខាងកើតផងដែរ។ លោកបានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពកម្ពុជា ដែលតែងចង់បានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសជាមិត្តលើសកលលោក ជាពិសេស ប្រទេសក្នុងតំបន់អាស៊ាន ដោយឈរលើគោលការណ៍ស្មើភាព គោរពអធិបតេយ្យភាព និងផលប្រយោជន៍គ្នាទៅវិញទៅមក។ នេះបើតាមរបាយការណ៍ដដែល។
បើតាមរបាយការណ៍លោក វង្ស ពិសេនបានបញ្ជាក់ថា កម្ពុជាតែងតែគាំទ្រជានិច្ចចំពោះរាល់ការសម្រេចចិត្តរបស់ប្រជាជន ក៏ដូចជារដ្ឋាភិបាលទីម័រខាងកើត ហើយមានជំនឿយ៉ាងមុតមាំថា រដ្ឋាភិបាល និងកងទ័ពទាំង២នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។
កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០នេះធ្វើឡើងក្រោមប្រធានបទ «សន្តិភាព វិបុលភាព និងសន្តិសុខ»។ កិច្ចប្រជុំនេះបានបិទបញ្ចប់នៅថ្ងៃទី៧ ខែមិថុនា និងប្រគល់តួនាទីដល់ប្រទេសឡាវ ដើម្បីធ្វើជាប្រធានដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១។ កម្ពុជាបានធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះកាលពីឆ្នាំ២០២២ នៅរាជធានីភ្នំពេញ៕