ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈដោយស្នើឱ្យភាគីវៀតណាមធ្វើការឃាត់ខ្លួនលោក សម រង្ស៊ី ក្នុងករណីបើប្រធានស្តីទីអតីតគណបក្សប្រឆាំងរូបនេះចូលទឹកដីនៃប្រទេសវៀតណាម។ ការស្នើនេះបន្ទាប់ពីលោក ហ៊ុន សែន ទទួលបានព័ត៌មានជាក់លាក់មកថា លោក សម រង្ស៊ី កំពុងព្យាយាមចូលទឹកដីវៀតណាមដោយប្រើប្រាស់លិខិតឆ្លងដែនសញ្ជាតិបារាំង ក្នុងនាមជាអ្នកទេសចរ។
បើទោះបីជាលោកនាយករដ្ឋមន្ត្រី មិនបញ្ជាក់ចំឈ្មោះថា ជានរណាក៏ដោយ ក៏ត្រូវបានគេដឹងថា លោកសំដៅទៅលើលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ដែលលោកតែងតែនិយាយជារឿយៗ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅថ្ងៃទី ៧ ខែមិថុនា លោក ហ៊ុន សែន បានលើកឡើងថា លោកបានទទួលដំណឹងមកថា លោក សម រង្ស៊ីកំពុងតែព្យាយាមចូលទឹកដីវៀតណាម។
ជាមួយនឹងដំណឹងនេះលោកបានស្នើទុកជាមុនតាមរយៈស្ថានទូតវៀតណាមប្រចាំកម្ពុជា ឱ្យចាប់ខ្លួនបុគ្គល សម រង្ស៊ី និងធ្វើបត្យាប័នប្រគល់ជូនកម្ពុជា។ លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតវៀតណាមផងអា ១ គ្រឿងនោះ (សម រង្ស៊ី) ប្រើប៉ាស្ព័របារាំងបន្លំចូល។
ខ្ញុំបានទទួលព័ត៌មានយ៉ាងច្បាស់ មានម្នាក់ស៊ីបាយជាមួយម្នាក់ហ្នឹង (សម រង្ស៊ី) ធ្វើម៉េចឱ្យ ហ៊ុន សែន ខឹងគេនឹងរកវិធីចូលប្រទេសវៀតណាមអ៊ីចឹង! សូមឱ្យឯកឧត្តមអគ្គរដ្ឋទូត ជូនដំណឹងទៅជាផ្លូវការ ខ្ញុំនិយាយចំហតែម្តង»។
លោកបញ្ជាក់ទៀតថា៖ «គេ (សម រង្ស៊ី) មានផែនការចូលមកម៉ាឡេស៊ី ហើយម៉ាឡេស៊ី ឱ្យចេញគេមានផែនការចូលមកថៃ គេមានផែនការចូលទៅវៀតណាម តាមរយៈប្រើប៉ាស្ព័របារាំងធ្វើជាអ្នកទេសចរ។ បើសិនចូល ខ្ញុំសូមស្នើចាប់ឱ្យខ្ញុំព្រោះមានដីកាចាប់ខ្លួន រឿងនេះសូមជម្រាបជូនឱ្យហើយយើងមានទំនាក់ទំនងបត្យាប័នសហប្រតិបត្តិការខាងផ្លូវច្បាប់»។
លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីមូលហេតុជាថ្មីដែលស្នើឱ្យភាគីវៀតណាម ចាប់ខ្លួនលោក សម រង្ស៊ី នេះ គឺបន្ទាប់ពីលោកសម រង្ស៊ី កាលពីឆ្នាំ ២០១៩ បានប្រកាសញុះញង់ឱ្យកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។
លោកថ្លែងយ៉ាងដូច្នេះថា៖ «អ្នកឯងប្រកាសកាលពីឆ្នាំ ២០១៩ ចូលមកចាប់នាយករដ្ឋមន្ត្រី ហើយឱ្យកងទ័ពបង្វែរកាណុងបាញ់រដ្ឋាភិបាល អ៊ីចឹង!មិនឱ្យខ្ញុំបាញ់ BM21 ម៉េចកើត នេះជាជម្រើសចុងក្រោយរបស់ខ្ញុំ ព្រោះអ្នកឯងចូលមកគឺមកធ្វើសង្គ្រាម»។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏ស្នើដល់ក្រុមអ្នកអត្ថាធិប្បាយ ក៏ដូចជាអ្នកវិភាគមួយចំនួនចូរស្តាប់ឡើងវិញនូវការថ្លែងរបស់លោក សម រង្ស៊ី ដែលតែងតែអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាល។
លោកថា៖ «ហេតុអីបានជា ហ៊ុន សែន និយាយពីការបាញ់ BM21 មូលហេតុអ្នកឯងធ្វើរដ្ឋប្រហារ អ្នកឯងមកធ្វើសង្គ្រាម អ្នកឯងមកចាប់ ហ៊ុន សែន អ្នកឯងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបាញ់ ហ៊ុន សែន អ៊ីចឹង! បើមកធ្វើសង្គ្រាមត្រូវកម្ទេច។ អ៊ីចឹងទេ! អ្នកវិភាគទាំងឡាយត្រូវមើលឱ្យច្បាស់ ហើយស្តាប់ឡើងវិញ នូវសម្តីរបស់( សម រង្ស៊ី ) មើល។ បន្ថែមលើការស្នើសុំឱ្យអាជ្ញាធរវៀតណាម ចាប់ខ្លួនលោក សម រង្ស៊ី ហើយ លោកនាយករដ្ឋមន្ត្រីក៏បានព្រលយពីបញ្ហាល្អក់កករនៃទំនាក់ទំនងទ្វេភាគីផងដែរក្នុងករណីវៀតណាម មិនអនុវត្តនូវអ្វីដែលជាការស្នើសុំរបស់កម្ពុជា។
លោកសង្កត់ធ្ងន់ថា៖« បើ (សម រង្ស៊ី) ចូលទៅវៀតណាម វៀតណាមមិនចាប់ឱ្យ យើងនឹងមានបញ្ហាជាមួយគ្នាហើយ និយាយឱ្យត្រង់។ ក្នុងឋានៈជាទណ្ឌិតដែលដីកាតុលាការកំពុងស្វែងរកចាប់ខ្លួន ពេលចូលមកដល់ (វៀតណាម) សូមចាប់ឱ្យខ្ញុំ ព្រោះខ្ញុំបានទទួលដំណឹងជាក់លាក់»។
ជុំវិញបញ្ហានេះ សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដាននយោបាយតំបន់លោក សេង វណ្ណលី ថ្លែងថា លោក សម រង្ស៊ី និងសមាជិកក្រុមការងាររបស់គាត់ ទោះបីជាប្រើលិខិតឆ្លងដែនបរទេសក៏ដោយ ក៏ភាគីវៀតណាមនឹងមិនអនុញ្ញាតឱ្យចូលប្រទេសនោះទេ ដោយសារតែវៀតណាម ដឹងពីគោលបំណងរបស់ក្រុមនេះ។
លោកបានប្រាប់ថា៖ «គួបផ្សំការប្រកាសរបស់សម្តេច ខ្ញុំគិតថា វៀតណាមនឹងមានភាពប្រុងប្រយ័ត្ន ហើយព្យាយាមការពារកុំឱ្យភាគីលោក សម រង្ស៊ី រកឱកាសចូលទឹកដី វៀតណាមបាន។ ទោះបីជាលោក សម រង្ស៊ី មិនអាចចូល ហើយសុំការបកស្រាយដោយសារលោកប្រើសញ្ជាតិបារាំងក្តី ក៏ប៉ុន្តែដោយសារនេះជាបញ្ហានយោបាយដូច្នេះភាគីបារាំងនឹងយល់ពីបញ្ហានេះ»។
លោក សេង វណ្ណលី បន្ថែមថា ក្នុងករណីលោក សម រង្ស៊ី អាចចូលប្រទេសវៀតណាមបាន លោកគិតថា លោក សម រង្ស៊ី សម្រេចបានជោគជ័យនៃគោលដៅនៃការចូលរបស់គាត់ បើសិនជាមានការចាប់ខ្លួនពិតប្រាកដនោះ ហើយបញ្ជូនមកកម្ពុជាគឺប្រហែលជាចូលក្នុងសេណារីយោដែលជាការចង់បានរបស់លោក សម រង្ស៊ី។
លោកបន្តថា៖ «ដោយសារតែជម្រើសនយោបាយចុងក្រោយរបស់លោក សម រង្ស៊ី គឺត្រូវមានវត្តមាននៅក្នុងប្រទេសកម្ពុជា ទោះជាត្រូវចាប់ខ្លួន ក៏ខ្ញុំគិតថា លោក សម រង្ស៊ី នឹងជោគជ័យ តែចំពោះខ្ញុំមើលរូបភាពថា លោក សម រង្ស៊ី មិនអាចចូលវៀតណាមបានទេ ដោយសារតែការចូលនេះទោះប្រើសញ្ជាតិបរទេសក៏ដោយក៏មានចរិតនយោបាយ»។
ចំណែក អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានថ្លែងថា ការស្នើរបស់លោក ហ៊ុន សែន គឺជារឿងត្រឹមត្រូវ ព្រោះវាជាកិច្ចសហប្រតិបត្តិការផ្នែកច្បាប់របស់បណ្តាប្រទេសជាមិត្ត និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
លោកថា៖ «ជាមួយវៀតណាម យើងមានកិច្ចព្រមព្រៀងបត្យាប័ន និងជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ហើយទោះបីជាមិនមានកិច្ចព្រមព្រៀងផ្អែកលើកិច្ចសហប្រតិបត្តិការ និងយន្តការរបស់អាស៊ាន យើងអាចធ្វើការសហការនិងស្នើសុំទណ្ឌិតគ្នាទៅវិញមកបានដែរ»។
សូមជម្រាបថា កាលពីចុងខែឧសភា ឆ្នាំ ២០២៣ លោក សម រង្ស៊ី បានចូលប្រទេសម៉ាឡេស៊ី ដោយប្រើប្រាស់លិខិតឆ្លងដែនសញ្ជាតិបារាំង៕