ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានជូនដំណឹងដល់ម្ចាស់ឬនាយករោងចក្រសហគ្រាសទាំងអស់ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតជាជនមានពិការភាពបានចេញមុនម៉ោងការងារយ៉ាងតិច ១៥ នាទីដើម្បីបង្កភាពងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់ពួកគេ។
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី ៦ ខែមិថុនា លោក អ៊ិត សំហេង បានលើកឡើងថា យោងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងច្បាប់ស្តីពីការងារពាក់ព័ន្ធនឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ម្ចាស់ឬនាយករោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតជាជនមានពិការភាពបានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ នាទី។
លោកបានបញ្ជាក់ថា៖ «ការអនុញ្ញាតចេញមុនម៉ោងនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់ពួកគាត់ ហើយទន្ទឹមនឹងការផ្ដល់នេះ ម្ចាស់រោងចក្រ សហគ្រាស ត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារដល់ពួកគាត់ជាជនមានពិការភាពដែលទទួលបានសិទ្ធិអនុញ្ញាតឱ្យចេញមុនម៉ោងការងារនេះ»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រសួងការងារនេះ លោកស្រី ម៉ាក់ មូនីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា កាលពីថ្ងៃទី ៦ ខែមិថុនា បានបង្ហាញការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុញ្ញាតឱ្យជនមានពិការភាពអាចចេញមុនម៉ោងការងារនេះ។
លោកស្រីបានបន្ដថា ការតម្រូវឱ្យពួកគាត់បានចេញមុនម៉ោងការងារ ១៥ នាទីនេះគឺជាការជួយមួយផ្នែករបស់ពួកគាត់ដោយសារនៅពេលដែលចេញដំណាលគ្នាជាមួយនឹងអ្នកដែលមិនមានពិការភាពក្នុងហ្វូងមនុស្សច្រើន នោះនឹងធ្វើឱ្យមានការលំបាកសម្រាប់ពួកគាត់ដែលជាជនពិការ។
លោកស្រី ម៉ាក់ មូនីកា បានបញ្ជាក់ថា៖ «ប្រសិនបើអាចខ្ញុំចង់ឱ្យជនមានពិការភាពចេញពីធ្វើការឱ្យបានមុនកន្លះម៉ោងគឺរឹតតែល្អប្រសើរថែមទៀតព្រោះយើងដឹងស្រាប់ហើយថា ជនមានពិការភាពមិនអាចមានកម្លាំង ឬការធ្វើដំណើរលឿនដូចអ្នកមិនមានពិការភាពនោះទេ»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC) មិនអាចទាក់ទងសុំការអធិប្បាយបានទេ កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣។ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានស្វាគមន៍ចំពោះការអនុញ្ញាតឱ្យជនមានពិការភាពអាចចេញពីកន្លែងការងារនៅតាមរោងចក្រសហគ្រាសមុនម៉ោងនេះដែលអាចបង្កឱ្យមានភាពងាយស្រួល និងជារឿងល្អបំផុតសម្រាប់ពួកគាត់។
លោកបានបន្តថា មិនត្រឹមតែប៉ុណ្ណោះទេ បើអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះ ចេញមុនម៉ោងដូចគ្នានេះដែរ គឺរឹតតែល្អថែមទៀត។ លោក អាត់ ធន់ បានបន្ថែមថា៖ «ទោះជាយ៉ាងណា កម្មករនិយោជិតមានពិការភាពធ្ងន់ធ្ងរ ដែលធ្វើការនៅក្នុងរោងចក្រសហគ្រាសកាត់ដេរ និងដេរស្បែកជើងជាដើម មិនសូវជាមានជនមានពិការភាពច្រើនទេក្នុងវិស័យការងារនេះ»។
ត្រង់ចំណុចនេះ លោកបានបញ្ជាក់ដែរថា៖ «បើមានគោលការណ៍ផ្តល់ឱ្យអ្នកមានពិការភាពប្រមាណ ១៥ ភាគរយ ឬ ២០ ភាគរយ នៅកន្លែងការងារ នោះអាចជួយដល់អ្នកមានពិការភាពមានការងារធ្វើ និងមានប្រាក់ចំណូល ដោយមិនទៅដើរសុំទានឬទៅធ្វើនេះ ធ្វើនោះដែលធ្វើឱ្យប៉ះពាល់ដល់សាធារណៈនោះទេ៕