បាត់ដំបងៈ ជាធម្មតាកសិករខ្មែរតែងដាំបន្លែតាមទម្លាប់នៅក្នុងចម្ការ ឬដីនៅទីវាល ហើយក៏ពិបាកក្នុងការថែទាំផងដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួនបានប្តូរពីការធ្វើកសិកម្មបែបប្រពែណីមកបែបបច្ចេកទេសដាំនៅក្នុងផ្ទះសំណាញ់វិញ។
ដោយឡែកនៅក្នុងខេត្តបាត់ដំបង កសិករម្នាក់ក្នុងចំណោមកសិករ ១៧២ នាក់ ដែលក្នុងម្នាក់តំណាងឱ្យគ្រួសារមួយបានដាំបន្លែដោយផ្ទះសំណាញ់ ហើយអាចរកចំណូលពីការលក់បន្លែបានចន្លោះពី ៥០០ ដុល្លារ ទៅ ១ ពាន់ដុល្លារ ឯណោះក្នុង ១ ខែៗ។
បើគេសម្លឹងមើលទៅដំបូលពណ៌សមាន២ខ្នង និងមានសណ្ឋានរាងកោងគ្របនៅលើដីដោយមិនបានចាប់អារម្មណ៍នោះគេមិនអាចស្មានដឹងបានថា ជារោងអ្វីមួយឱ្យពិតប្រាកដនោះទេ។ប៉ុន្តែបើគេចូលទៅដល់ទីនោះទើបដឹងថា ជាផ្ទះសំណាញ់ដែលបុរសកសិករម្នាក់ឈ្មោះ សោម ចន្ថា ធ្វើឡើងដើម្បីដាំបន្លែបែបបច្ចេកទេស ។
លោកសោម ចន្ថា អាយុ៥៣ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងបានឱ្យដឹងថា លោកមានកូនចំនួន៤នាក់(ស្រី១នាក់) តែកូនស្រីច្បងម្នាក់នោះទើបបញ្ចប់មហាវិទ្យាល័យជំនាញផ្នែកគណនេយ្យ និងកូនប្រុសម្នាក់ទៀតកំពុងសិក្សានៅមហាវិទ្យាល័យជំនាញផ្នែកសំណង់ស៊ីវិល។ ចំណូលបានពីរបរកសិកម្មនេះហើយទើបធ្វើឱ្យលោកមានលទ្ធភាពអាចផ្គត់ផ្គង់ដល់កូនៗរៀននៅថ្នាក់សាកលវិទ្យាល័យបាន។
លោកឱ្យដឹងបន្តថា លោកមានរបរធ្វើស្រែផង និងធ្វើចម្ការផង តែការធ្វើចម្ការដាំដំណាំនេះពីមុនៗមកលោកធ្វើតែតាមទម្លាប់ប្រពៃណីធម្មតាៗតែប៉ុណ្ណោះ។ ម្យ៉ាងការដាំបន្លែនៅដីវាលតាមទម្លាប់នេះវាមិនបានផ្តល់ផលល្អឡើយ ព្រោះបន្លែចាញ់អាកាសធាតុ និងសម្បូរសត្វល្អិត ហើយដើម្បីកុំឱ្យសត្វល្អិតស៊ីត្រូវតែប្រើថ្នាំគីមី។ លុះដល់លក់ឱ្យអ្នកហូបក៏ធ្វើឱ្យខូចសុខភាពថែមមួយកម្រិតទៀត ពិសេសរកចំណូលស្ទើរតែមិនអាចផ្គត់ផ្គង់គ្រួសារបានផង។
លោកបាននិយាយថា៖«លុះដល់ខ្ញុំប្តូរមកដាំបន្លែនៅក្នុងផ្ទះសំណាញ់តាមលក្ខណៈបច្ចេកទេស ខ្ញុំអាចរកចំណូលមកផ្គត់ផ្គង់ការរៀនសូត្រដល់កូនៗរបស់ខ្ញុំ២នាក់នៅមហាវិទ្យាល័យបាន។ រីឯការចំណាយកម្លាំងពលកម្មលើការដាំដុះវិញក៏ធូរជាងមុនច្រើនដែរ»។
បើតាមលោកសោម ចន្ថា លោកបានប្តូរពីធ្វើចម្ការសាមញ្ញមកជាការធ្វើចម្ការប្រើបច្ចេកទេសកសិកម្មវិញដោយចាប់ផ្តើមនៅអំឡុងឆ្នាំ២០១៨ បន្ទាប់ពីលោកទទួលបានការបណ្តុះបណ្តាលពីអង្គការសង្គមស៊ីវិលផ្នែកកសិកម្ម និងខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។
លោកបានរៀបរាប់ថា ការដាំបន្លែតាមទម្លាប់នោះគឺលោកត្រូវការភ្ជួរដីលើកជារង រែកទឹកស្រោចដែលត្រូវប្រើពេលច្រើន ហើយបើរដូវភ្លៀងវិញក៏ពិបាកនឹងទឹកជន់លិច។ ប៉ុន្តែនៅពេលដែលលោកប្តូរមកធ្វើកសិកម្មតាមបែបបច្ចេកទេសគឺលោកចំណេញពេលវេលា និងអាចរកចំណូលបានខ្ពស់ជាងការធ្វើកសិកម្មបែបប្រពៃណី។
លោកថ្លែងថា៖«ការដាំបន្លែនៅទីវាលខុសគ្នាខ្លាំងនឹងការដាំបន្លែនៅក្នុងផ្ទះសំណាញ់ ព្រោះដាំនៅវាលប្រឈមខ្លាំង ទី១គឺទឹកភ្លៀង ទី២គឺសត្វល្អិត។ ចំពោះការដាំបន្លែក្នុងផ្ទះសំណាញ់វិញគឺយើងធ្វើបានខួបប្រាំងខួបវស្សា ហើយបញ្ហាសត្វល្អិតអាចកាត់បន្ថយបានប្រមាណ៨០ភាគរយ ហើយអត្រានៃការខូចខាតគឺតែ១ភាគរយអីទេ»។
លោកបន្តទៀតថា ផ្ទះសំណាញ់ដែលលោកបានធ្វើគឺមាន២ខ្នងលើផ្ទៃដី៩០០ម៉ែត្រការ៉េ ដោយក្នុង១ខ្នងមានទំហំ១០ម៉ែត្រគុណនឹង៤៥ម៉ែត្រ ហើយទាំង២ខ្នងនេះលោកត្រូវចំណាយប្រាក់អស់៦ពាន់ដុល្លារក្នុងការដំឡើងវា។ រីឯការដាំបន្លែវិញគឺក្នុង១ខ្នងផ្ទះសំណាញ់លោកបានដាំឆ្លាស់ខែគ្នាមានបន្លែស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ដោយគិតពីថ្ងៃដាំរហូតថ្ងៃប្រមូលផលគឺមានរយៈពេល១ខែ២ថ្ងៃ ហើយលោកអាចលក់ក្នុង១តោនបានប្រាក់ចន្លោះពី៥០០ដុល្លារទៅ៧០០ដុល្លារ តែតម្លៃក៏មានការប្រែប្រួលទៅតាមទីផ្សារដែរ។ សម្រាប់ដំណាំខាត់ណាវិញគិតពីថ្ងៃដាំដល់ថ្ងៃប្រមូលផលគឺរយៈពេល១ខែកន្លះ និងអាចលក់ចន្លោះពី៧០០ទៅ១ពាន់ដុល្លារក្នុង១តោន ។
លោកឱ្យដឹងទៀតថា ចំពោះកសិផលបន្លែរបស់លោកពេលប្រមូលផលរួចគឺបានលក់ទៅឱ្យសហគមន៍កសិកម្មតាសីសាមគ្គី ហើយខាងសហគមន៍បានបែងចែកបន្តទៅឱ្យក្រុមហ៊ុនដែលបានចុះកិច្ចសន្យាទិញជាមួយសហគមន៍។ ចាប់តាំងពីលោកប្តូរមកធ្វើកសិកម្មតាមបែបបច្ចេកទេសឃើញថា ជីវភាពក្នុងគ្រួសាររបស់លោកមានការប្រែប្រួលជាងការធ្វើកសិកម្មតាមបែបប្រពៃណី។
ពាក់ព័ន្ធការដាំបន្លែនៅក្នុងផ្ទះសំណាញ់នេះដែរ លោក ណុប ណុន ប្រធានសហគមន៍តាសីសាមគ្គីបានឱ្យដឹងដែរថា សហគមន៍របស់លោកមានអ្នកបច្ចេកទេសកសាងផ្ទះសំណាញ់ រីឯសហគមន៍មានតួនាទីជាអ្នកសម្របសម្រួលរវាងកសិករ និងក្រុមហ៊ុន។ ចំពោះកសិផលគឺប្រជាកសិករជាអ្នកប្រមូលយកមកលក់ឱ្យសហគមន៍តាមតម្លៃបន្លែទីផ្សារ ដោយសហគមន៍ទទួលបានកម្រៃក្បាលកាក់តិចតូចបំផុតពីការទិញ-លក់បន្លែនេះ។ បច្ចុប្បន្នមានផ្ទះសំណាញ់ចំនួន២៧៥ខ្នងក្នុងស្រុក៤ ដូចជា នៅស្រុករុក្ខគិរី ស្រុកសង្កែ ស្រុកថ្មគោល និងស្រុកបវេលដែលក្នុងនោះមានសមាជិកជាកសិករចំនួន១៧២នាក់ ដោយក្នុងម្នាក់តំណាងឱ្យ១គ្រួសារ។
លោកបានបន្តថា ចំពោះបន្លែដែលសមាជិកក្នុងសហគមន៍ដាំមានដូចជា ម្ទេសហាវ៉ៃ ប៉េងប៉ោះ ត្រប់ ត្រសក់ សណ្តែកបារាំង ស្ពៃក្តោប ស្ពៃតឿ ស្ពៃក្រញាញ់ និងដើមខាត់ណា ជាដើម។ បន្លែចម្រុះទាំងអស់នេះប្រជាកសិករបានដឹកមកលក់ដល់សហគមន៍ដោយចាប់ពី២តោន ទៅ២,៧តោនក្នុង១ថ្ងៃៗ។ ចំពោះកសិផលបន្លែទាំងនេះត្រូវបានក្រុមហ៊ុននាំយកទៅចែកចាយបន្តនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ សៀមរាប និងនៅខេត្តបាត់ដំបងផ្ទាល់។
លោកប្រាប់ថា៖«បន្លែជាង២តោននេះយើងផ្គត់ផ្គង់លើទីផ្សារមិនគ្រប់គ្រាន់ទេនៅប្រហែល២ដងលើហ្នឹងទៀតទើបបំពេញតម្រូវការទីផ្សារបានគ្រប់គ្រាន់»។
បើតាមលោក ណុប ណុន បន្លែផ្ទះសំណាញ់នេះបានផ្តល់សុវត្ថិភាពយ៉ាងខ្លាំងដល់អ្នកបរិភោគពីព្រោះថា ពេលខ្លះអ្នកបរិភោគបន្លែមិនបានដឹងពីប្រភពដើមថា យកពីណាមកទេ។ ប៉ុន្តែសម្រាប់បន្លែក្នុងផ្ទះសំណាញ់ដែលប្រជាកសិករអនុវត្តតាមគោលការណ៍កសិកម្មល្អកម្ពុជាគឺបានអនុវត្តទៅតាមស្តង់ដាបច្ចេកទេសរបស់នាយកដ្ឋានកសិកម្មដែលបានដាក់ជាគោលការណ៍។«អ្នកបរិភោគគាត់ទទួលបាននូវបន្លែជាអាហារមួយដែលវាមិនប៉ះពាល់ដល់សុខភាព»។
លោកសង្កត់ធ្ងន់ថា៖«ខ្ញុំចង់ឱ្យមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយដើម្បីឱ្យអ្នកបរិភោគយល់ដឹងថា បន្លែក្នុងផ្ទះសំណាញ់ជាបន្លែស្តង់ដាមួយដែលមានសុវត្ថិភាពទាំងបរិស្ថាន ទាំងសុខភាព។ បើយើងទទួលទានបន្លែសុវត្ថិភាពវាធ្វើឱ្យយើងមានសុវត្ថិភាព »។
លោកណុប ណុន បាឱ្យដឹងដែរថា ផ្ទះសំណាញ់នេះគឺសហគមន៍របស់លោកទៅទិញពីប្រទេសថៃដែលមានសណ្ឋានជាប្លាស្ទិកក្រាស់ និងខ្លះទៀតស្តើងដែលមានស្រទាប់UVសម្រាប់ទប់កម្ដៅថ្ងៃ។ ចំពោះបច្ចេកទេស
គឺសហគមន៍ទទួលបានការបណ្តុះបណ្តាល ពីសាកលវិទ្យាល័យកសិកម្មចម្ការដូងរួមទាំងឧបករណ៍ផង និងបានពីសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៅសហរដ្ឋអាមេរិក។ សាកលវិទ្យាល័យទាំង២នេះបានជួយកសាងផ្ទះសំណាញ់បាន៦ខ្នង ហើយបន្ទាប់មកសហគមន៍របស់លោកបានស្រាវជ្រាវសិក្សាបន្ថែមរហូតចេះដំឡើងដោយខ្លួនឯង។
លោកឱ្យដឹងបន្តថា ចំពោះប្រព័ន្ធបច្ចេកទេស និងការបំពាក់ប្រព័ន្ធបង្ហូរទឹកក្នុងផ្ទះសំណាញ់វិញគឺមានការគាំទ្រពីអង្គការហាវេសកម្ពុជា(Cambodia Harvest )ដែលជាគម្រោងគាំទ្រហាវេស១ ហាវេស២ និងហាវេស៣។
ទន្ទឹមនឹងនេះហាវេសក៏ជួយគាំទ្របច្ចេកទេស និងជួយទាក់ទងរកទីផ្សារលក់ផលកសិកម្មផងដែរ។ លោកមើលឃើញថា ការដាំបន្លែក្នុងផ្ទះសំណាញ់នេះកំពុងតែរីកចម្រើនខ្លាំងដែលបានប្រើប្រាស់បច្ចេកទេសមួយសមស្រប ហើយបើប្រៀបធៀបពីមុនមកគឺមានភាពខុសគ្នាឆ្ងាយណាស់។
លោកខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្ត្រនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា ផ្ទះសំណាញ់នេះគឺជាកម្មវិធីមួយឈ្មោះថា ការអនុវត្តកសិកម្មល្អ(GAP)ដែលជំរុញប្រជាកសិករដាំបន្លែសុវត្ថិភាព។ បើពួកគាត់មានវិញ្ញាបនបត្រ(GAP)នេះហើយ ទីផ្សារនឹងទទួលស្គាល់បន្លែរបស់ពួកគាត់ដែលធ្វើឱ្យងាយស្រួលលក់ថែមទាំងបានតម្លៃថ្លៃផង។
លោកបន្តថា ការដាំបន្លែនៅទីវាលនិងការដាំបន្លែនៅក្នុងផ្ទះសំណាញ់មានភាពខុសគ្នាត្រង់ថាការដាំបន្លែនៅទីវាលគឺកសិករមិនអាចដាំបាន១ឆ្នាំទេ។ដោយបញ្ហាទី១បើអាកាសធាតុក្តៅខ្លាំង ប្រជាកសិករមិនអាចគ្រប់គ្រងកម្ដៅបានឡើយ។ បញ្ហាទី២-នៅរដូវភ្លៀងខ្លាំងនឹងធ្វើឱ្យដំណាំបន្លែជោកជាំទៅដោយទឹក និងទី៣-បើមានខ្យល់កន្ត្រាក់ខ្លាំង វាធ្វើឱ្យប៉ះពាល់ដល់បន្លែ និងទី៤-បន្លែដាំនៅទីវាលប្រឈមសត្វល្អិតច្រើន។
លោកប្រាប់ថា៖«យើងធ្វើម៉េចឱ្យកសិករដាំបានយូរឆ្នាំ ហើយកសិផលដែលយើងអាចដាំបានខ្ពស់ជាងគេបំផុតនោះគឺទាក់ទងនឹងអ្វីដែលគេដាំមិនបាន តែយើងអាចដាំបាននិងបានប្រាក់ចំណូលខ្ពស់។ ចំពោះបន្លែផ្សេងៗបើទុក១ឬ២ថ្ងៃវានឹងស្វិតស្រពោនមិនដូចបន្លែដាំក្នុងផ្ទះសំណាញ់ទេ»។
លោកបញ្ជាក់ថា ការិយាល័យក្សេត្រសាស្ត្រខេត្តបាត់ដំបងតែងតែជំរុញកសិករឱ្យដាំបន្លែក្នុងផ្ទះសំណាញ់ឱ្យបានច្រើន។ នៅក្នុងខេត្តបាត់ដំបងបច្ចុប្បន្ននេះកសិករនាំគ្នាដាំដំណាំក្នុងផ្ទះសំណាញ់ច្រើនណាស់ ព្រោះថា គាត់អាចដាំបានពេញ១ឆ្នាំ ហើយបន្លែបានផ្តល់សុវត្ថិភាពទាំងអ្នកដាំដែលមិនប៉ះពាល់ថ្នាំពុលគីមី និងសុវត្ថិភាពដល់សុខភាពអ្នកហូបផងដែរ៕