ភ្នំពេញៈ កាកបាទក្រហមកម្ពុជានឹងប្រើប្រាស់មូលនិធិជាង ១៣ លានដុល្លារដែលទទួលបានពីយុទ្ធនាការកៀរគររកមូលនិធិតាមរយៈប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាប័ន្នសង្គម» ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៣ សម្រាប់ប្រតិបត្តិការមនុស្សធម៌ទៅតាមផែនការអភិវឌ្ឍន៍ឆ្នាំទី២ និងឆ្នាំទី៣នៃយុទ្ធសាស្ត្រ ២០២១-២០៣០។
យោងតាមសេចក្តីប្រកាសព័ត៌មាន ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ គិតមកដល់ថ្ងៃទី១ ខែមិថុនា ថ្នាក់កណ្តាលបានទទួលសម្ភារនិងថវិកាពីសប្បុរសជន៩៩៩ អង្គ/នាក់ មានមូលនិធិសមមូលជាដុល្លារអាមេរិកចំនួនជាង ១៣,៩លានដុល្លារអាមេរិក ឯនៅតាមសាខាខេត្តចំនួន២៤ទៀត ក៏បាននិងកំពុងដំណើរការកៀរគររកមូលនិធិតាមលទ្ធភាពរៀងៗខ្លួន។
កាកបាទក្រហមកម្ពុជា បានលើកឡើងថា ៖ «កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើប្រតិបត្តិការមនុស្សធម៌ទៅតាមផែនការអភិវឌ្ឍន៍ឆ្នាំទី២ និងឆ្នាំទី៣ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ទៅលើវិស័យអាទិភាពទាំង៤ដែលបានកំណត់»។
វិស័យអាទិភាពទាំងនោះរួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ការអប់រំថែទាំសុខភាពតាមសហគមន៍, ការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ សុខុមាលភាពសង្គមនិងការអភិវឌ្ឍស្ថាប័ន/អភិវឌ្ឍសាខា។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ៖ «គ្រួសារងាយរងគ្រោះបំផុតជាង១២ម៉ឺនគ្រួសារ ទទួលផលដោយផ្ទាល់ពីការផ្ដល់អំណោយសម្រាលជីវភាព, ការកសាងសមិទ្ធផលផ្ទះស្នាក់អាស្រ័យ, កន្លែងលាងសម្អាតដៃ,បង្គន់អនាម័យ, អណ្ដូងទឹកស្អាតជាដើម»។
ប្រភពដដែលបន្តថា ៖ «លើសពីនេះទៅទៀត កាកបាទក្រហមកម្ពុជា បានពង្រីកការផ្ដល់ទុនប្រាក់កម្ចីឥតការប្រាក់ចំនួន៥៤៣គ្រួសារបន្ថែមក្នុងឆ្នាំ២០២២ និងពង្រីកបន្ថែមទៀតនៅដើមឆ្នាំ២០២៣នេះចំនួន ២៦៧គ្រួសាររួមជាមួយការបង្វិលប្រាក់ដើមទុនចាស់រំលស់មកវិញ សម្រេចបានសរុប៨១០គ្រួសារ នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់មីនក្នុងខេត្តពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារ»។
ជាមួយគ្នានេះ កាកបាទក្រហមក៏មានការអប់រំផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីការប្រែប្រួលអាកាសធាតុ, ការថែទាំសុខភាពសាធារណៈ សុខភាពមាតា-ទារក កុមារ មនុស្សចាស់, ការយល់ដឹងពីជំងឺមហារីកសុដន់ មហារីកមាត់ស្បូន, ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដោយសារមីន ដែលបានអប់រំផ្ទាល់បានជាង៥២ម៉ឺនគ្រួសារ និងប្រយោលជាច្រើនម៉ឺនគ្រួសារទៀត។
កាកបាទក្រហមបានបញ្ជាក់ថា ៖ «កាកបាទក្រហមកម្ពុជា បានបន្តផ្តល់មូលនិធិ១លានដុល្លារ ដែលឆ្នាំនេះ ជាលើកទី១២ ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងផ្តល់ការឧបត្ថម្ភថវិកា និងស្បៀង តាមចំនួនសមស្របដល់មន្ទីរពេទ្យកុមារអង្គរ និងអង្គការ/សមាគមចំនួន២០ បានផ្តល់ថវិកា២លានដុល្លារ ដល់អាជ្ញាធរមីន និងបានជួយដល់គ្រោះរញ្ជួយដីនៅតួកគី១០ម៉ឺនដុល្លារ»។
សូមបញ្ជាក់ដែរថា ឆ្នាំនេះ ជាឆ្នាំទី៤ហើយ ដែលកាកបាទក្រហមកម្ពុជា ពុំបានប្រារព្ធមីទ្ទីងថ្នាក់ជាតិអបអរទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា តែកាក់បាទក្រហមកម្ពុជា បានយកឱកាសនៃខួប១៦០ឆ្នាំនៃទិវា៨ឧសភានេះធ្វើយុទ្ធនាការកៀរគររកមូលនិធិ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង ធ្លាប់បានថ្លែងថាកាកបាទក្រហមបានដើរតួនាទីសំខាន់ខ្លាំងណាស់ក្នុងការជួយទៅដល់ប្រជាពលរដ្ឋដោយគ្មានការរើសអើង គ្មានការប្រកាន់ទិន្នាការនយោបាយឡើយ ក្នុងនោះកម្ពុជាក៏បានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋបានច្រើនផងដែរ។
លោកបន្តថា ជាពិសេស កាកបាទក្រហមកម្ពុជា បានរួមចំណែកជួយផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីសុវត្ថិភាពចរាចរណ៍និងការជួយសង្គ្រោះប្រជាពលរដ្ឋពេលមានទឹកជំនន់និងបញ្ហាគ្រោះធម្មជាតិផ្សេងៗទៀតផងដែរ។
យោងតាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជា គិតចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជាបានសាងសង់ផ្ទះជូនជនចាស់ជរាគ្មានទីពឹងនិងជនទីទ័លខ្លាំងបំផុតបានចំនួន១២១៨ខ្នង ដែលមានអ្នកទទួលផលចំនួន១ ២១៨គ្រួសារផងដែរ។
ប្រភពដដែលបានបន្ត សម្រាប់ឆ្នាំ២០២២ កន្លងទៅ កាកបាទក្រហមកម្ពុជា បានប្រគល់ផ្ទះដែលបានសាងសង់រួចរាល់ចំនួន១០៤ខ្នងបន្ថែមទៀតជូនចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន៕