ភ្នំពេញៈ សិក្ខាកាមកងទ័ពជើងគោកកម្ពុជា ៨ រូប នឹងទៅចូលរួមវគ្គបណ្ដុះបណ្តាលបោសសម្អាតមីនមនុស្សធម៌រយៈពេលខ្លី នៅសាធារណរដ្ឋប្រជាមានិតចិនដើម្បីយកចំណេះដឹងមកប្រើប្រាស់សម្រាប់បម្រើដល់ជាតិមាតុភូមិ និងប្រជាជន។ សិក្ខាកាមទាំងនោះនឹងត្រូវចេញដំណើរទៅប្រទេសចិន នៅថ្ងៃទី ៩ ខែមិថុនានេះ ដើម្បីទទួលបានការបណ្ដុះបណ្ដាលបោសសម្អាតមីនមនុស្សធម៌ដែលមានរយៈពេល ៣ ខែ ចាប់ពីចុងខែឧសភា ដល់ខែសីហា ឆ្នាំ ២០២៣។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងនៅក្នុងពិធីជួបសំណេះសំណាលរបស់ក្រុមការងារគណៈកម្មការមីនកងទ័ពជើងគោកជាមួយសិក្ខាកាមទៅចូលរួមវគ្គបណ្ដុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ នៅសាធារណរដ្ឋប្រជាមានិតចិន។
លោក ខឹមជា សាវឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក បានថ្លែងថា បច្ចុប្បន្ននេះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ កំពុងបានចូលរួមអនុវត្តសកម្មភាពបោសសម្អាតមីន កាកសំណល់សង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រយៈកាលកន្លងមកបានឈានទៅសម្រេចភារកិច្ចស្នូលរបស់ខ្លួន។ ពិសេសការបោសសម្អាតមីនមនុស្សធម៌ គម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ជាមួយគ្នានេះលោកក៏ចូលរួមអបអរសាទរចំពោះសិក្ខាកាមកងទ័ពជើងគោក ដែលបានទៅចូលរួមវគ្គបណ្ដុះបណ្តាលបោសសម្អាតមីនមនុស្សធម៌នៅសាធារណរដ្ឋប្រជាមានិតចិន ។
លោក ខឹមជា សាវឿន បញ្ជាក់ថា៖ «ការទៅចូលរួមវគ្គបណ្ដុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ នៅសាធារណរដ្ឋប្រជាមានិតចិន គឺថាពិតជាមានសារៈសំខាន់ស្របពេលដែលកម្ពុជាប្តេជ្ញាបំបាត់មីនឱ្យអស់ត្រឹមឆ្នាំ២០២៥»។
លើសពីនេះទៀត លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងសាលា ត្រូវមានសាមគ្គីភាព ឯកភាព កិច្ចសហប្រតិបត្តិការជាមួយមិត្តរួមវគ្គ ត្រូវថែរក្សាតម្លៃកងយោធពលខេមរភូមិន្ទ និងអត្តសញ្ញាណជាតិ។
លោក ថ្លែងថា ពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់យកចំណេះដឹងមកប្រើប្រាស់ដើម្បីជាតិមាតុភូមិ និងប្រជាជន។
លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយប្រទេសចិន លើវិស័យការងារសកម្មភាពមីន កំពុងមានដំណើរការល្អ ទាំងការបណ្ដុះបណ្ដាល ការផ្ដល់នូវហិរញ្ញវត្ថុ ព្រមទាំងការផ្ដល់នូវសម្ភារសម្រាប់ការងារបោសសម្អាតមីនផងដែរ។ ហេតុនេះកិច្ចសហការប្រតិបត្តិការលើការងារបណ្ដុះបណ្ដាលនេះ គឺត្រូវបានអនុវត្តជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារតែបញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់កងទ័ពរបស់កម្ពុជាត្រូវបានផ្អាកមួយរយៈ។ លោកបន្តថា ពេលនេះ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល ប្រទេសមិត្តចិន បានចាប់ផ្ដើមការផ្ដល់វគ្គបណ្ដុះបណ្ដាលឡើងវិញលើការងារបោសសម្អាតមីនដល់មន្ត្រីពាក់ព័ន្ធនៅកម្ពុជា។
លោក លី ធុជ បានថ្លែងថា៖ «ដូច្នេះយើងអញ្ជើញអង្គភាពកងទ័ពជើងគោកលើកទី១នេះ ចូលរួមជាមួយមន្ត្រីផ្សេងទៀតទៅទទួលវគ្គបណ្ដុះបណ្ដាលដោះគ្រាប់នៅប្រទេសចិន។ អ៊ីចឹង! មន្ត្រីដែលបានទទួលវគ្គបណ្ដុះបណ្ដាលបន្ថែមលើជំនាញរបស់ខ្លួន នឹងទទួលបានចំណេះដឹងកាន់ខ្ពស់ ដើម្បីចូលរួមលើការងារបោសសម្អាតគ្រាប់មីនក្នុងប្រទេសរបស់យើង»៕