ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងដោយព្យាករថា រាជរដ្ឋាភិបាលកម្ពុជាថ្មីនៃអាណត្តិទី៧ អាចនឹងចាប់កំណើតឡើងនៅអំឡុងចុងខែសីហា បើសិនការបោះឆ្នោតជាតិនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ប្រព្រឹត្តទៅដោយរលូនដូចការគ្រោងទុក។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១៨ ០០០ នាក់ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣ លោក ហ៊ុន សែន ថ្លែងថា៖ «តាមការព្យាករ រាជរដ្ឋាភិបាលកម្ពុជាថ្មីអាចនឹងត្រូវចាប់កំណើតនៅដំណាច់ខែសីហា (នោះ) បើគ្មានការបោះឆ្នោតនៅកន្លែងណាមួយឡើងវិញទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេច ក្រុមប្រឹក្សាធម្មនុញ្ញសម្រេច គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការ និងប្រកាសបេក្ខជនជាប់ឆ្នោត ព្រះមហាក្សត្រអាចកោះប្រជុំសភាបានហើយ តាមការព្យាករអាចនៅថ្ងៃទី ៣០ សីហា ហើយថ្ងៃទី ៣១ អាចបង្កើតរដ្ឋាភិបាលបានហើយ»។
លោកថ្លែងទៀតថា នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ដែលរដ្ឋាភិបាលថ្មីត្រូវបង្កើតឡើង ហើយលោកជឿជាក់ថា គណបក្សប្រជាជនកម្ពុជាដែលមាននិមិត្តសញ្ញាទេវតាបាចផ្កា នឹងនៅជាមួយប្រជាជនកម្ពុជាជានិច្ច។ក្រៅពីនោះ លោកហ៊ុន សែន អះអាងថា ប្រទេសកម្ពុជា ជាប្រទេសប្រកាន់គោលការណ៍ប្រជាធិបតេយ្យច្បាស់លាស់និងទៀងទាត់បើធៀបនឹងប្រទេសមួយចំនួនដែលកម្ពុជាមិនដែលរំលាយសភាមុនអាណត្តិឡើយ បើផ្អែកតាមរដ្ឋធម្មនុញ្ញ។
ជាមួយគ្នានេះ លោកអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋគ្រប់រូបដែលមានឈ្មោះបោះឆ្នោត ទៅចូលរួមបោះឆ្នោតជាតិខាងមុខដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋនិងលទ្ធិប្រជាធិបតេយ្យ។
លោក រ៉ូ វណ្ណៈ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ ថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងនៅបន្តឈ្នះឆ្នោតកាន់អំណាចនៅអាណត្តិក្រោយយ៉ាងប្រាកដ ព្រោះអវត្តមានគណបក្សប្រឆាំង ហើយគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងយ៉ាងណែនចំពោះស្ថាប័នរដ្ឋ និងនៅតាមមូលដ្ឋាន។
លោកថ្លែងថា៖ «ការទាត់ចោលគណបក្សជំទាស់ចេញពីសង្វៀននយោបាយ មិនមែនជាមោទនភាពនិងមុខមាត់របស់ប្រទេសជាតិ និងធ្វើឱ្យប្រជាធិបតេយ្យដំណើរការល្អនោះទេ»។
លោកថ្លែងទៀតថា វត្តមាននៃគណបក្សជំទាស់នៅក្នុងការប្រកួតប្រជែងនយោបាយជារឿងសំខាន់ ដើម្បីរក្សានូវនីត្យានុកូលភាពអំណាច ជាពិសេសសម្រាប់យន្តការរដ្ឋសភាដើម្បីមានតុល្យភាពអំណាចជាមួយគណបក្សកាន់អំណាច ដែលសម្រាប់នាំមកនូវប្រយោជន៍ប្រជាពលរដ្ឋ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា គណបក្សប្រជាជនកម្ពុជានឹងនៅបន្តឈ្នះឆ្នោត នៅខែកក្កដានេះ ហើយក្រោយការបោះឆ្នោតរួច អាចនឹងបង្កើតរដ្ឋាភិបាលអាណត្តិថ្មីដូចការគ្រោងទុករបស់លោកហ៊ុន សែន។
លោក យង់ ពៅ ថ្លែងថា៖ «ខ្ញុំជឿជាក់ អាណត្តិថ្មីទី៧ នេះនឹងដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដដែល (ហើយ) ដរាបណាប្រទេសជាតិនៅបន្តដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខ្ញុំយល់ថា សង្គមនឹងបន្តមានស្ថិរភាពល្អ មានសណ្តាប់ធ្នាប់សង្គមល្អ ដែលអាចបើកផ្លូវដល់ដំណើរការកសាងនិងអភិវឌ្ឍន៍ជាតិ»។
សម្រាប់អវត្តមានរបស់គណបក្សភ្លើងទៀនក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំនេះវិញ លោក យង់ ពៅ ក៏បានថ្លែងដោយសំណូមពរឱ្យអ្នកវិភាគ អ្នកនយោបាយ ជាពិសេសបរទេសឱ្យពិចារណាចៀសវាងយកមកវែកញែកដើម្បីរាំងស្ទះដល់ដំណើរការបោះឆ្នោត និងការបង្កើតរដ្ឋាភិបាលអាណត្តិថ្មី ព្រោះវាជាកំហុសរបស់សាមីគណបក្សនោះក្នុងការចុះបញ្ជីឈរឈ្មោះ។
ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ ដោយមានគណបក្សនយោបាយសរុបចំនួន ១៨ ចូលរួមការប្រកួតប្រជែង៕