កំពង់ឆ្នាំងៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាសាធារណៈ កុំឱ្យមានការរើសអើងទៅដល់ស្ត្រីដែលធ្វើការនៅក្នុងសេវាកម្សាន្ត ដែលពួកគាត់មានការតស៊ូ ដើម្បីជីវភាពប្រចាំថ្ងៃ ខណៈដែលមន្ត្រីសហជីពក៏បានស្នើឱ្យអាជ្ញាធរមានវិធានការទៅលើអ្នកដែលរើសអើង ឬបៀតបៀនដល់ស្ត្រីទាំងនោះផងដែរ។
លោកបានលើកឡើងដូចនេះ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបចំនួន ១៨ ០៩៥ នាក់ មកពីរោងចក្រសហគ្រាសចំនួន ៥ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកមានប្រសាសន៍ថា៖ «ខ្ញុំក៏សូមអំពាវនាវកុំឱ្យមានការរើសអើងចំពោះស្ដ្រីដែលបម្រើការងារនៅកន្លែងផ្ដល់សេវាកម្សាន្តនានា។ សុំកុំរើសអើង ពួកគាត់ក៏ជាមនុស្សដូចយើងដែរ ហើយពេលខ្លះគាត់ធ្វើការនៅកន្លែងបម្រើសេវាកម្សាន្ត ប៉ុន្តែថ្ងៃពួកគាត់ពាក់អាវកាកបាទក្រហមបម្រើការងារសង្គម។ ដូចនេះ សុំកុំមើលថា អ្នកដែលធ្វើការងារនៅកន្លែងកម្សាន្តពេលយប់ សុទ្ធតែមិនល្អ គឺមិនមែនទេ ធ្វើអ៊ីចឹងគឺវាខុស»។
នាឱកាសនោះដែរ លោក ហ៊ុន សែន ក៏បានណែនាំដល់ភរិយាអភិបាលខេត្ត និងអភិបាលរងខេត្តជាស្ដ្រីធ្វើជាប្រធានក្នុងការគ្រប់គ្រងដល់ស្ដ្រីបម្រើការងារនៅតាមទីតាំងកម្សាន្តនេះតែម្តង ដើម្បីចូលរួមជួយដោះស្រាយទុក្ខលំបាកនានារបស់ពួកគាត់។
លោកបញ្ជាក់ថា៖ «អ៊ីចឹង! សុំកុំឱ្យមានការរើសអើង។ កែវភ្នែករបស់យើងកុំសម្លឹងថា អ្នកចម្រៀង អ្នកសិល្បៈ ឬអ្នកផ្សេងៗថា ជាស្ត្រីមិនល្អ គឺមិនអ៊ីចឹងទេ តែដោយសារតែតម្រូវការជីវភាពឱ្យធ្វើអ៊ីចឹង»។
ជុំវិញការលើកឡើងរបស់លោក ហ៊ុន សែន នេះដែរ លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា គាំទ្រទៅលើការអំពាវនាវកុំឱ្យមានការរើសអើងទៅលើស្ត្រីធ្វើការនៅសេវាកម្សាន្តនេះ។
ទន្ទឹមនឹងនេះដែរលោកស្រីក៏សំណូមពរដែរថា៖ «នៅពេលដែលមានអ្នកប្រព្រឹត្តអំពើហិង្សាឬមានសកម្មភាពអំពើណាមួយមិនសមរម្យតាមរយៈការរើសអើងលើស្ត្រីមានផ្ទៃពោះនៅកន្លែងធ្វើការ មិនឱ្យស្ត្រីប្រើប្រាស់សិទ្ធិខ្លួនឯងក្នុងនាមកម្មករចងក្រងសហជីព នោះគឺសុំឱ្យស្ថាប័នរដ្ឋ មិនត្រូវព្រងើយកន្តើយទេតែត្រូវមានវិធានការលើករណីនេះផងដែរ»។
លោកស្រី អ៊ូ ទេពផល្លីន បានបញ្ជាក់ថា ពាក្យថា រើសអើង ឬមាក់ងាយមិនសំដៅលើតែការងារ និងមុខរបរទេ ព្រោះច្បាប់ការងារ ក៏មានចែងដែរហើយ តែអ្វីដែលខាងសហជីពចង់ឃើញ នោះគឺអ្នកដែលប្រព្រឹត្តអំពើហិង្សា ឬការបៀតបៀនគឺមិនអាចលើកលែងបានឡើយ។ លោកស្រីបន្តថា៖ «ចំពោះអ្នក ឬនិយោជក ដែលរើសអើងស្ត្រី ដែលមានផ្ទៃពោះ ក៏មិនត្រូវអត់ឱនឱ្យដែរ»។
សូមរំឭកផងដែរថា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន នៅវិមាន ៧ មករា កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ លោក ហ៊ុន សែន បានសម្រេចផ្តល់មេធាវីការពារផ្លូវច្បាប់ចំពោះស្ត្រីបម្រើសេវាកម្សាន្តនៅទូទាំងប្រទេសដើម្បីការពារសិទ្ធិស្រី្តដែលបម្រើការងារក្នុងវិស័យនេះខណៈដែលស្ត្រីមួយចំនួនតែងរងការបៀតបៀន៕