កែបៈ ក្រសួងបរិស្ថានបានលើកឡើងពីសក្តានុពលខ្ពស់សម្រាប់ការអភិរក្សជីវចម្រុះ នៃឧទ្យានជាតិកែប ដែលជាបេះដូងនៃទីក្រុងកែប លាតសន្ធឹងបត់បែនទៅតាមជួរភ្នំ។
ឧទ្យានជាតិកែប ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ឡាយព្រះហស្តលេខាដោយព្រះបាទនរោត្ដម សីហនុ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តកែប មានផ្ទៃដីទំហំ ៥ ០០០ ហិកតា។
បើតាមក្រសួងបរិស្ថាន ឧទ្យានជាតិដ៏តូចច្រឡឹងមួយនេះ មានព្រំប្រទល់ស្ថិតនៅចម្ងាយតែ ប្រមាណ ៥០០ម៉ែត្រ ពីសាលាក្រុងកែប ឬក៏ ៣០០-៥០០ ម៉ែត្រ ពីឆ្នេរកែប និងផ្សារក្តាមតែប៉ុណ្ណោះ។
ឧទ្យានជាតិកែបនេះស្ថិតនៅចំកណ្តាលទីក្រុងកែប ដែលជាស្នូល ឬជាបេះដូងនៃខេត្តកែប ហើយឧទ្យាននេះ លាតសន្ធឹងបត់បែនទៅតាមជួរភ្នំកែបទាំងឡាយ ដែលអមដោយដងផ្លូវ និងភូមិឋានប្រជាជនរស់នៅស្ទើរតែព័ទ្ធជុំវិញទីនោះតែម្តង។
ថ្វីដ្បិតឧទ្យានជាតិកែប មានផ្ទៃដីតូចក៏ពិតមែន ប៉ុន្តែឧទ្យានជាតិកែប ក៏មានសក្តានុពលខ្ពស់សម្រាប់ការអភិរក្សជីវចម្រុះផងដែរ ដោយឧទ្យានជាតិនេះគ្របដណ្តប់ដោយព្រៃឈើធម្មជាតិ ចម្រុះប្រភេទ រួមទាំងវត្តមាននៃពពួកសត្វព្រៃជាច្រើនប្រភេទទាំង ពពួកសត្វស្លាប ថនិកសត្វ ល្មូន និងពពួកឧរង្គសត្វផងដែរ៕