ព័រទុយហ្កាល់៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស “ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក” នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក នាឯទីក្រុងអ័រតា (Horta) នៅប្រទេសព័រទុយហ្កាល់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៩ ខែ ឧសភា ឆ្នាំ២០២៣។
ក្រសួងទេសចរណ៍នៅថ្ងៃទី១០ ខែមិថុនានេះ ឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ល្វី ថេបូ (Louis Thebault) ប្រធានក្លិប និងលោក កាឡូស ហ្វ៊ែរេរ៉ា (Carlos Ferrera) អភិបាលក្រុងអ័រតា និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលក្លិប ដែលជាអគ្គលេខាធិការ អគ្គនាយក អនុប្រធានក្លិបទទួលបន្ទុកទ្វីបទាំង៤ និងអគ្គហិរញ្ញឹកក្លិប។
ក្រសួងទេសចរណ៍បន្តថា អង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈជាច្រើន ដោយផ្តោតលើវឌ្ឍនភាពការងារ ការកែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងក្លិប ការពិភាក្សាលើបេក្ខភាពឆ្នេរសមាជិកថ្មី ការពង្រឹងការផ្សព្វផ្សាយតួនាទីក្លិបលើឆាកអន្តរជាតិ និងការត្រៀមលក្ខណៈរៀបចំមហាសន្និបាតក្លិបលើកទី១៧ នៅឆ្នេរសមុទ្រយោស៊ូ (Yeosu) ប្រទេសកូរ៉េខាងត្បូង រួមជាមួយបញ្ហាចំពោះមុខមួយចំនួនទៀត។
ប្រភពដដែលបានឱ្យដឹងថា អង្គប្រជុំបានឯកភាពជាឯកច្ឆ័ន្ទក្នុងការជ្រើសតាំងឥស្សរជនចំនួន ៣ រូប ដែលមានស្នាដៃឆ្នើមជាសមាជិកកិត្តិយសរបស់ក្លិប (Membre d’Honneur) ដែលរួមមាន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មកពីឆ្នេរសមុទ្រកម្ពុជា លោក អាប់ឌុលឡាយ៍ សេណេ (Abdoulaye SENE) ទីប្រឹក្សាប្រធានាធិបតីសេណេហ្កាល់ មកពីឆ្នេរសមុទ្រស៊ីណេសាលុម (Sine Saloum) ប្រទេសសេណេហ្កាល់ និង លោក អ៊ីវេស បូរី (Yves Borius) អតីតនាយកហិរញ្ញវត្ថុអង្គការ OCDE មកពីឆ្នេរសមុទ្រម័រប៊ីហាន (Morbihan) ប្រទេសបារាំង។
ក្រសួងទេសចរណ៍បញ្ជាក់ទៀតថា បច្ចុប្បន្ន ក្លិបមានសមាជិកកិត្តិយសតែ២រូបប៉ុណ្ណោះ គឺលោកស្រី ម៉ាយឃើល ផូលី (Michelle Pauly) មកពីឆ្នេរសមុទ្រ Somme ប្រទេសបារាំង និងលោក ហ្ស៊ូរីកា ក្រាវុក (Zorica Kravuk) ជនជាតិក្រូអាស៊ី។ក្នុងន័យនេះ លោករដ្ឋមន្រ្តី គឺជាឥស្សរជនជនជាតិអាស៊ីដំបូងនិងតែម្នាក់គត់ ដែលត្រូវបានក្រុមប្រឹក្សាភិបាលក្លិបសម្រេចជ្រើសតាំងជា សមាជិកកិត្តិយសរបស់ក្លិប ដែលជាការទទួលស្គាល់ថ្មីបន្ថែមទៀតនូវតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ ហើយក៏ជាមោទនភាពដ៏ធំមួយសម្រាប់កម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា SEA GAME នៅកម្ពុជា ក៏ត្រូវបានក្រុមប្រឹក្សាភិបាលក្លិបដែលមកពីទ្វីបទាំង៤ លើកមកធ្វើការកត់សម្គាល់ និងសរសើរអំពីភាពអស្ចារ្យនៃការរៀបចំ ពិសេសតាមរយៈវត្តមានដោយផ្ទាល់របស់លោក ប៊្រុយណូ បូដា (Bruno Bodard) ក្នុងពិធីបើកព្រឹត្តិការណ៍ និងការទស្សនាកម្មវិធីប្រកួតមួយចំនួន ហើយដែលសារព័ត៌មានជុំវិញពិភពលោកសុទ្ធតែបានចុះផ្សាយ និងទទួលស្គាល់អំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍នេះ។
ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លិបនេះ មានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្មើនឹង ២៦ ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ក្នុងមហាសន្និបាតលើកទី៧ របស់ក្លិប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។
ជាមួយគ្នានេះ កម្ពុជាក៏បានរៀបចំពិធីបុណ្យសមុទ្រកម្ពុជាលើកទី៩ ជុំទី៣ នៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នាទិសនិរតីប្រទេស លើទឹកដីខេត្តព្រះសីហនុ ខណៈដែលពិធីនេះ ត្រូវបានរៀបចំលើកដំបូងកាលពីឆ្នាំ២០១១ នៅខេត្តព្រះសីហនុ បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ កំពត កែប និងកោះកុង ត្រូវបានបញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក៕