ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យក្រសួងការបរទេសចេញសេចក្តីបំភ្លឺទៅកាន់រដ្ឋាភិបាលបារាំងពាក់ព័ន្ធនឹងបញ្ហាការឆបោករបស់ជនជាប់ទោសអតីតមេបក្សប្រឆាំងលោក
សម រង្ស៊ី ដែលបានបោកប្រាស់សកម្មជន និងអ្នកគាំទ្រខ្លួនឱ្យរត់ភៀសខ្លួនទៅជ្រកកោននយោបាយនៅលើទឹកដីបារាំង ដែលលោកនាយករដ្ឋមន្ត្រីថា នេះមិនមែនជារឿងថ្មីឡើយ។
ការស្នើរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាមរយៈសំណេរនៅលើប្រព័ន្ធតេឡេក្រាមផ្លូវការរបស់លោកនៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដោយភ្ជាប់ជាមួយរូបថតលិខិតស្នាមរបស់គណបក្សភ្លើងទៀនដែលចុះហត្ថលេខាដោយលោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងលិខិតរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលចុះហត្ថលេខាដោយអតីតប្រធានគណបក្ស គឺលោក សម រង្ស៊ី ព្រមជាមួយវីដេអូបកស្រាយនៅលើបណ្តាញសង្គមរបស់លោកស្រី ញ៉ែម សាវ៉ាត ដែលជាសកម្មជនរបស់គណបក្សប្រឆាំង។
លោកហ៊ុន សែន បានឱ្យដឹងថា៖ «សូមស្តាប់ លោកស្រី ញ៉ែម សាវ៉ាត បកស្រាយពីអំពើអាក្រក់ នៃក្រុមបោកប្រាស់។ លោកស្រី នឹងបកស្រាយបន្ថែមទៀត នៅពេលលោកស្រីវិលត្រឡប់ពីប្រទេសបារាំងមកកម្ពុជាវិញ នាប៉ុន្មានថ្ងៃខាងមុខ»។
ទន្ទឹមនឹងនោះដែរ លោកហ៊ុន សែន បានអំពាវនាវឱ្យអ្នកជំនាញផ្នែកច្បាប់ធ្វើការបកស្រាយពីទិដ្ឋភាពផ្លូវច្បាប់ជុំវិញទំនាក់ទំនងរវាងលិខិតស្នាមរបស់គណបក្សភ្លើងទៀនដែលចុះហត្ថលេខាដោយលោកទាវ វណ្ណុល ជាមួយនឹងលិខិតស្នាមរបស់អតីតគណបក្សសង្គ្រោះជាតិដែលចុះហត្ថលេខាដោយលោកសម រង្ស៊ី។
ក្នុងវីដេអូបកស្រាយលើបណ្តាញសង្គមរយៈពេលជាង១៨នាទី របស់លោកស្រី ញ៉ែម សាវ៉ាត បានលើកឡើងពីល្បិចបោកប្រាស់និងអំពើពុករលួយពីរង្វង់សមាជិកគណបក្សប្រឆាំងនៅក្រៅប្រទេសដែលលួងលោមលោកស្រីឱ្យលក់ទ្រព្យសម្បត្តិ ភៀសខ្លួនទៅរស់នៅដោយសុំសិទ្ធិជ្រកកោននយោបាយនៅប្រទេសបារាំងក្រោមការធានារបស់ក្រុមបក្សប្រឆាំង ដើម្បីយកលោកស្រីទៅប្រើប្រាស់ក្នុងសកម្មភាពនយោបាយ។
លោកស្រីបានអះអាងថា ក្រុមបក្សប្រឆាំងមិនត្រឹមតែបោកប្រាស់លោកស្រី ក៏ដូចជាសមាជិក អ្នកគាំទ្រដទៃប៉ុណ្ណោះទេ ថែមទាំងបោកប្រាស់រដ្ឋាភិបាលបារាំងថែមទៀតផង ដែលធ្វើឱ្យលោកស្រីឆ្អែតចិត្តជាមួយសកម្មភាពនយោបាយជាមួយក្រុមបក្សប្រឆាំងនៅក្រៅប្រទេសនេះតទៅទៀត ដោយសារការឃោសនាបោកប្រាស់មហាជន និងអំពើពុករលួយផ្ទៃក្នុងគណបក្សផ្ទាល់។
លោកគឹមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានថ្លែងនៅថ្ងៃទី១១ ខែមិថុនា ថា លោកមិនបានដឹងច្បាស់ពីបញ្ហានេះឡើយ ដែលជារឿងហេតុចាស់ ខណៈលោកទើបចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន ដោយលោកសុំមិនធ្វើអត្ថាធិប្បាយណាមួយឡើយជុំវិញរឿងនេះ។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានប្រាប់ឱ្យដឹងដែរថា សម្រាប់សំណុំរឿងនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលទាមទារការពិនិត្យអង្គហេតុ និងអង្គច្បាប់ពីនីតិវិធីស្រាវជ្រាវរបស់សមត្ថកិច្ចជាមុនសិន ខណៈលោកមិនទាន់អាចវាយតម្លៃយ៉ាងណានោះទេ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ទិដ្ឋភាព២យ៉ាងក្នុងរឿងនេះ ដែលទី១ ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ជុំវិញទំនាក់ទំនងរវាងគណបក្សភ្លើងទៀននិងអតីតគណបក្សសង្គ្រោះជាតិ។ ទិដ្ឋភាព ទី២ គឺពាក់ព័ន្ធនឹងសេចក្តីបំភ្លឺដែលក្រសួងការបរទេសកម្ពុជាចំពោះរដ្ឋាភិបាលបារាំងទៅលើសិទ្ធិនិងសកម្មភាពនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិលើទឹកដីបារាំង។
លោកបានឱ្យដឹងថា បើសិនជា តុលាការរកឃើញថា គណបក្សភ្លើងទៀន សព្វថ្ងៃពិតជាមានទំនាក់ទំនងជាមួយអតីតគណបក្សសង្គ្រោះជាតិពិតមែន នោះគណបក្សភ្លើងទៀននឹងប្រឈមចំពោះមុខច្បាប់ដែលមានចែងជាធរមាន។
លោក គិន ភា បានថ្លែងថា៖ «ក្រសួងការបរទេសកម្ពុជាគួរធ្វើលិខិតជូនដំណឹងទៅកាន់ក្រសួងការបរទេសបារាំងដោយបញ្ជាក់ថា អតីតគណបក្សសង្គ្រោះជាតិនេះ ត្រូវបានរំលាយតាមសាលដីការបស់តុលាការកំពូលទៅហើយ គណបក្សនេះពុំមានអានុភាពតាមផ្លូវច្បាប់សម្រាប់ធ្វើសកម្មភាពនយោបាយនោះទេ ដែលការធ្វើឯកសារតាមផ្លូវច្បាប់ណាមួយក្នុងនាមគណបក្សសង្គ្រោះជាតិ គឺជារឿងខុសច្បាប់»។
លោក គិន ភា បានបន្ថែមថា ការយល់ឃើញ និងការវាយតម្លៃរបស់រដ្ឋាភិបាលបារាំងចំពោះលិខិតផ្លូវច្បាប់របស់អតីតគណបក្សសង្គ្រោះជាតិនោះ ជារឿងរបស់រដ្ឋាភិបាលបារាំងដែលកម្ពុជាគ្មានដែនយុត្តាធិការសម្រេចឡើយ ប៉ុន្តែបុគ្គលណា ឬគណបក្សណានៅក្នុងទឹកដីកម្ពុជាដែលភ្ជាប់ខ្លួនទៅនឹងអតីតគណបក្សដែលបានរំលាយដោយសាលដីកាតុលាការកំពូល ភ្ជាប់ខ្លួនទៅនឹងទណ្ឌិត នោះបុគ្គល ឬគណបក្សនោះនឹងត្រូវប្រឈមមុខច្បាប់។
អតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ត្រូវបានតុលាការកំពូលចេញសាលដីកា រំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបានចោទថា ប្រធានគណបក្សប្រឆាំង លោក កឹម សុខា មានទោសសន្ទិដ្ឋភាព ឬក្បត់ជាតិ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ លើសពីនេះ តុលាការកំពូល ក៏បានហាមឃាត់សិទ្ធិថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងនេះ ចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំផងដែរ។
កន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងទទូចឱ្យគណបក្សភ្លើងទៀនបកស្រាយជុំវិញទំនាក់ទំនងរវាងគណបក្សនេះជាមួយនឹងលោកសម រង្ស៊ី ព្រមទាំងអតីតគណបក្សសង្គ្រោះជាតិ ខណៈគណបក្សភ្លើងទៀនតែងបង្ហាញជំហរថា គណបក្សខ្លួនគ្មានទំនាក់ទំនងណាមួយជាមួយអតីតគណបក្សដែលត្រូវបានរំលាយនោះទេពិសេសទំនាក់ទំនងជាមួយនឹងលោក សម រង្ស៊ី ដែលកំពុងរស់នៅទឹកដីបារាំងនោះឡើយ៕