សៀមរាបៈ គិតចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានដាំកូនឈើសរុបបានចំនួន ២២ ៩៦៣ ដើម និងដាំស្មៅបានចំនួន ២៧ ៤៨១ ម៉ែត្រការ៉េ ដើម្បីបំពេញបន្ថែមនៅលើដី ដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង និងតំបន់រុនតាឯក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នេះបើតាមអាជ្ញាធរជាតិអប្សរានៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣។
អាជ្ញាធរជាតិអប្សរាបានលើកឡើងថា ចំនួនស្មៅនិងដើមឈើដែលបានដាំនេះ ធ្វើឡើងក្រោមកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអង្គការដៃគូនានា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមិថុនា បានប្រាប់ឱ្យដឹងថា ការងារដាំដើមឈើ និងស្មៅនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងទីតាំងដែលពលរដ្ឋបានរើទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង គឺដើម្បីបង្កើនទេសភាពបៃតងគឺជាកិច្ចការងារដែលអាជ្ញាធរជាតិអប្សរាធ្វើជាប្រចាំថ្ងៃ។
លោកបានបន្តថា៖ «អាជ្ញាធរជាតិអប្សរា បានដាំដើមឈើនិងស្មៅទាំងនេះ មិនទាន់ចប់នោះទេ គឺនឹងនៅមានផែនការបន្តពង្រីការដាំបន្ថែមទៀត ពិសេសត្រូវដាំនៅទីតាំងដែលប្រជាពលរដ្ឋរើទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង ព្រោះទីតាំងបរិវេណនេះមានវិសាលភាពធំ ហើយទោះជាមិនមានរៀបចំពិធីដាំ ក៏ខាងយើងនៅតែមានការដាំជាបន្តបន្ទាប់ដែរ»។
ជាមួយគ្នានេះលោក ឡុង កុសល ក៏បានអំពាវនាវដល់វិស័យឯកជន និងអង្គការដៃគូនានា មកចូលរួមដាំដើមឈើ និងស្មៅនៅក្នុងតំបន់អង្គរនេះបន្ថែមទៀត ដើម្បីប្រែក្លាយឱ្យទៅជាតំបន់បៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។
បើតាមលោកឡុង កុសល ដើមឈើដែលបានដាំនៅទីតាំងទាំងនេះ ជាការបណ្តុះពូជដោយអាជ្ញាធរជាតិអប្សរា និងជាប្រភេទឈើចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជា រីឯស្មៅត្រូវបានទិញពីគេយកមកដំា។
សូមរំឭកដែរថា អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ី ស៊ី-អង្គរ (ICC-Angkor) កាលពីថ្ងៃទី១០ ខែមិថុនា ដែលដឹកនាំដោយលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរួមគ្នាដាំស្មៅចំនួន៤០០ម៉ែត្រការ៉េ និងកូនដើមឈើចម្រុះចំនួនជិត៥០០ដើម ស្ថិតនៅបរិវេណខាងត្បូងឆៀងខាងលិច ប្រាសាទអង្គរវត្ត ក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរលោកខៀវ ធី បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនាថា ទីតាំងដែលអាជ្ញាធរជាតិអប្សរាបានដាំដើមឈើនិងស្មៅ នាពេលបច្ចុប្បន្ននេះមានទេសភាពស្រស់ស្អាត និងស្រស់បំព្រងគួរជាទីមោទនៈ។
លោកបានថ្លែងថា ៖ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានអារម្មណ៍ភ្លឺថ្លា ពេលមកលេងតំបន់រមណីយដ្ឋានអង្គរ ជាពិសេស ពួកគេគាំទ្រអាជ្ញាធរជាតិអប្សរា ចំពោះការដាំដើមឈើ និងស្មៅ ឱ្យបានច្រើនថែមទៀត នៅក្នុតំបន់នេះ ដើម្បីប្រែក្លាយទៅជាតំបន់បៃតង ព្រោះភាគច្រើននៃភ្ញៀវទេសចរ ស្រឡាញ់ព្រៃឈើ និងស្មៅ»៕