ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ក្នុងការពិនិត្យនិងផ្តល់យោបល់អំពីនីតិវិធី ក្របខ័ណ្ឌគតិយុត្ត និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
សេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ មាន ៧ ប្រការ និងមានមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣៧ រូប ដោយក្នុងនោះមានប្រធាន ១ រូប អនុប្រធាន ២ រូប សមាជិកអចិន្រៃ្តយ៍ ១ រូប ក្រៅពីនេះគឺជាសមាជិកនៃគណៈកម្មការ។
សមាសភាពក្នុងគណៈកម្មការនេះក៏មានចូលរួមពីអភិបាលខេត្តនិងអភិបាលរងខេត្តពាក់ព័ន្ធរួមមាន ខេត្តកណ្តាល តាកែវ កំពត និងខេត្ត កែប ជាដើម ព្រមទាំងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
គណៈកម្មការនេះមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជាប្រធាន, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងលោក វង្ស៊ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធាន។
គណៈកម្មការអន្តរក្រសួងនេះ មានតួនាទី និងភារកិច្ចក្នុងការពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធី ក្របខ័ណ្ឌគតិយុត្ត និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ច និងស្នើទម្រង់នៃការវិនិយោគលើគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ដែលតភ្ជាប់ពីព្រែកតាកែវនៃដៃទន្លេមេគង្គទៅសមុទ្រខេត្តកែប។
ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា៖ «ជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ ឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពធ្វើឱ្យថ្លៃដឹកជញ្ជូនចុះទាប និងធានាចីរភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល»។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នេះជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជាដែលវានឹងប្តូរមុខមាត់ ក៏ដូចជាប្ដូរនៃការដឹកជញ្ជូនតាមផ្លូវទឹកទៅសមុទ្រដើម្បីកាត់បន្ថយចម្ងាយនៃការដឹកជញ្ជូនកាត់បន្ថយតម្លៃ និងកាត់បន្ថយនីតិវិធី។
បើតាមលោក ស៊ុន ចាន់ថុល ការសិក្សានេះបានធ្វើអស់រយៈពេល ២ ឆ្នាំមកហើយជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកសមុទ្រ និងកំពង់ផែ ជាមួយនឹងក្រុមហ៊ុននិងមិនមានបញ្ហាអ្វីនោះឡើយដែលការសិក្សាមកទល់ពេលនេះ ជិតចប់សព្វគ្រប់ ១០០ ភាគរយផងដែរ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជាលោក ជា ចាន់ដារ៉ា លើកឡើងថា គម្រោងជីកព្រែកបើកផ្លូវនាវាចរណ៍តភ្ជាប់ពីទន្លេបាសាក់ ទៅកំពង់ផែសមុទ្រក្នុងខេត្តកំពត នឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលចូលរួមចំណែកលើកកម្ពស់សមត្ថភាពនៃវិស័យឡូជីស្ទិកកម្ពុជា។
លោកបានថ្លែងថា៖ «នៅពេលគម្រោងនេះដាក់ឱ្យប្រើប្រាស់វានឹងក្លាយជាចំណែកដ៏សំខាន់ដែលចូលរួមលើកកម្ពស់សមត្ថភាពនាំចេញទំនិញកម្ពុជាទៅក្រៅប្រទេស។ ជាធម្មតាការដឹកជញ្ជូនតាមផ្លូវទឹក តែងមានតម្លៃទាបជាងការដឹកជញ្ជូនតាមផ្លូវគោកអាកាស ហើយបរិមាណទំនិញដឹកតាមផ្លូវទឹកក៏បានច្រើន និងមិនបង្កការខូចខាតដល់ផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ផងដែរ»។
ផ្អែកតាមសេចក្តីសម្រេចនេះដែរ គណៈកម្មការអន្តរក្រសួងនេះអាចអញ្ជើញតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងអ្នកជំនាញដទៃទៀតឱ្យចូលរួមដើម្បីពិនិត្យនិងផ្តល់យោបល់ក្នុងករណីចាំបាច់, មានសិទ្ធិបង្កើតលេខាធិការដ្ឋានបច្ចេកទេសមួយដើម្បីជួយគណៈកម្មការអន្តរក្រសួងនេះមានសិទ្ធិបង្កើតអនុគណៈកម្មការមួយចំនួនតាមការចាំបាច់។
បើតាមសេចក្តីសម្រេចដដែលគណៈកម្មការអន្តរក្រសួងអាចប្រើប្រាស់ត្រាក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយសាមីក្រសួងដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមជម្រាបថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ បានអនុម័តទទួលគម្រោងផ្លូវនាវាចរណ៍« ព្រែកជីកហ្វូណនតេជោ» ដើម្បីរៀបចំគម្រោងវិនិយោគនេះឱ្យបានលម្អិតស៊ីជម្រៅលើគ្រប់ទិដ្ឋភាព៕