ភ្នំពេញៈ ក្រុមកាងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ជាង ៥០០ នាក់ បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាង ៥ ០០០ នាក់ ដោយឥតគិតថ្លៃ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣។
លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានឱ្យដឹងថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនេះ ក្រុមគ្រូពេទ្យបានអនុវត្តជូនពលរដ្ឋចំនួន៥៧១៨នាក់ ដែលការពិនិត្យ និងព្យាបាលជំងឺនេះត្រូវបានធ្វើឡើង ក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ភ្នំជាល។
លោក លេង ផាលី បានបញ្ជាក់ថា៖ «រយៈពេល១១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ រហូតដល់ ថ្ងៃទី១១ មិថុនា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យចំនួន១២ ០៦៩នាក់ បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត បានចំនួន១ ០៧៦លើក រួចមកហើយ»។
លោកបានបន្តថា ក្នុងនោះក្រុមគ្រូពេទ្យបានព្យាបាលជំងឺបានចំនួនជាង១១,៧៧លាននាក់ ដែលក្នុងចំណោមនោះ មានស្ត្រីជាង ៦ លាននាក់ផងដែរ។
លោក លេង ផាលី បានបន្តថា៖ «ការចុះពិនិត្យនិងព្យាបាលជំងឺ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែ១អនាគតតែ១ ពោលគឺការព្យាបាលមិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ»។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជាង ៤៦០០ នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាផងដែរដោយបានចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ជាង ១០លាន ដូស ក្នុង២៥រាជធានី-ខេត្ត។
លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសំរោងទង បានថ្លែង កោតសរសើរដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដែលតែងតែមានសកម្មភាពយ៉ាងសកម្មចុះជួយពិនិត្យព្យាបាល និងចាក់វ៉ាក់សាំងជូនពលរដ្ឋដោយឥតគិតថ្លៃនេះ។
លោកស្រីបានថ្លែងថា៖ «សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបាននិងកំពុងតែបោះជំហានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានិភ័យនៃការរាតត្បាតដោយជំងឺកូវីដ១៩»។
សូមបញ្ជាក់ដែរថា ចំនួនប្រជាពលរដ្ឋដែលត្រូវបានពិនិត្យ និងព្យាបាលនេះ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ត្រូវចំណាយថវិកាអស់ ៥០ដុល្លារ ដែលសរុបត្រូវចំណាយទាំងអស់ប្រហែលជាង ៥៨៨ លានដុល្លារសហរដ្ឋអាមេរិក៕